អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហភាព​អឺរ៉ុប​នឹង​ជជែក​ពី​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​សប្តាហ៍​ក្រោយ

សភា​នៃ​សហភាព​អឺរ៉ុប​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា ស្តីពី​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​នា​សប្តាហ៍​ក្រោយ​នេះ​។ ជា​កិច្ច​ប្រជុំ ដែល​ធ្វើ​ឡើង បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ​រយៈពេល​៦​ខែ​ថែមទៀត ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

សភា​នៃ​សហភាព​អឺរ៉ុប​តាម​រយៈ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា​ឲ្យ​ដឹង​ថា នឹង​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ច្បាប់ រួម​ទាំង​មាន​ការ​បោះ​ឆ្នោត​សម្រេច​បន្ទាប់​ពីកិច្ច​ប្រជុំ នៅ​ថ្ងៃទី១៣ ខែ​កញ្ញា​ខាង​មុខ​នេះ​។ កិច្ច​ប្រជុំ​បន្ទាន់​នេះ ក៏​មាន​ការ​ជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​គឺ​ជាប្រធាន​បទ​​ធំ​។

កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ពោល​គឺ ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា សមាជិក​សភា​នៃ​សហ​ភាព​អឺរ៉ុប​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក កឹម សុខា ហើយ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ ថា​ជា​រឿង​នយោបាយ។

លោក កឹម សុខា ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន នៅ​ម៉ោង​ប្រមាណ​​ជាង​១២ រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​លោក ​នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​រូប​លោក​ពីបទ “សន្ទិដ្ឋិភាព​ជា​មួយ​បរទេស” តាម​មាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី១៥ ដល់៣០​ឆ្នាំ​។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក កឹម សុខា ត្រូវ​បាន​តុលាការ​បដិសេធ​សំណើ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​៥ដង​មក​ហើយ​។ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ​នេះ ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​៦​ខែ​ថែមទៀត ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដើម្បី​បន្តធ្វើ​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ក្បត់ជាតិ​។

លោក​ ផែង ហេង សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​អះអាង ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា ថា ក្រុម​មេធាវី​បាន​ដាក់​បណ្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​រួចរាល់​ហើយ និង​សង្ឃឹម​ថា​តុលាការ​បើក​សវនាការ​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ ឬ​ទម្លាក់​ចោល​ការ​បន្ត​ឃុំ​ខ្លួន​លើ​កូន​ក្តី​របស់​លោក។

សូម​ជម្រាប​ជូន​ថា​ក្រៅ​ពី​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា សភា​នៃ​សហ​ភាព​អឺរ៉ុប​ក៏​លើក​យក​ករណី​ចាប់​ខ្លួន​សមាជិក​សភា​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា និង ការ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ភូមា មក​ជជែក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៣ ខែ​កញ្ញា​ខាង​មុខ​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ