អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

កម្ពុជា​ចាប់​ដៃ​ជាមួយ​ជប៉ុន​ត្រៀម​អនុវត្ត​គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន

នៅ​ថ្ងៃ​ទី​៦​មីនា​ស្អែក​នេះ ក្រសួង​បរិស្ថាន​និង​អង្គការ​ជប៉ុន JICA នឹង​ចុះ​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ​លើ​ការ​អនុវត្ត​គម្រោង នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​ការ​ត្រួត​ពិនិត្យការ​បំពុល​បរិស្ថាន​នៅ​ទី​ស្ដី​ការ​ក្រសួង​បរិស្ថាន។ គម្រោង​នេះ​គឺ​សំដៅ​ធ្វើ​យ៉ាង​ណា ត្រួតពិនិត្យ​ផល​ប៉ះ​ពាល់​បរិស្ថា​និង​បំពុល​បរិស្ថាន​ជា​មុន​សិន ទើប​ទទួល​បាន​ការ​វិនិយោគនានាតាម​ក្រោយ​។ គម្រោង​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បិរស្ថាន និង​ការ​ត្រួត​ពិនិត្យ​ការបំពុល​បរិស្ថាន​​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ។  

ភូមិសាស្ត្រ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ខេត្តកោះកុង
ភូមិសាស្ត្រ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ខេត្តកោះកុង Environnement
ផ្សាយពាណិជ្ជកម្ម

លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​អះអាង​ថា ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថា​ន​​គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯកជន អង្គការសង្គមស៊ីវិល និង រដ្ឋាភិបាល។ ហើយ​គម្រោង​នេះ​សំដៅ​ធ្វើ​យ៉ាង​ណា សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ជាមុន​សិនទើប​ទទួល​បាន​ការ​វិនិយោគ។ ការ​វិនិយោគ​ដែល​រួម​មានៈ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាំ​ដុះ​ដំណាំ​កសិ​ឧស្សាហកម្ម ឬ ការ​វិនិយោគ​គម្រោង​នៃ​ការ​អភិវឌ្ឍ​រីសត ឬ​រមណីយដ្ឋាន និង ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ដើម។

បន្ថែម​ពី​លើ​នេះ​ទៀត ការ​ស្ថាបនាផ្លូវ ស្ពានថ្នល់ រោងចក្រ សហគ្រាស​ជាដើម ក៏​ត្រូវឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ការ​វាយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែរ។ ហើយ​ដោយ​ឡែក​ចំពោះការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​វិញ ផ្ដោត​ទៅ​លើ​ការ​បំពុល​ទឹក ដី ខ្យល់ និង​សំឡេង​ជាដើម។ នេះ​មាន​ន័យ​ថា រាល់​រោងចក្រ​សហគ្រាស​ដែល​បាន​បញ្ចេញ​សំណល់​រឹង​ឬ​ក៏រ៉ាវ​នោះ​គឺ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​មន្រ្តី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​បញ្ហា​ទាំង​នេះ​តាម​រយៈការ​បណ្ដុះ​បណ្ដាល​សមត្ថភាព​ពី​ប្រទេស​ជប៉ុន។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក សៅ សុភាព បាន​គូស​បញ្ជាក់​ថា ការ​ត្រៀម​អនុវត្ត​គម្រោង នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នេះ មិនមែន​ទើប​តែ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ពេល​នេះ​ទេ ពោល​គឺ​គម្រោង​នេះ​មាន​រួច​ទៅ​ហើយដោយ​ការ​អនុវត្ត​ពី​មុន​ផ្អែក​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

ហើយ​ចំពោះ​កិច្ច​សហការ​ជាមួយ​ជប៉ុន​ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ ជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រី​ឲ្យ​មាន​ជំនាញ​ក្នុង​ការ​ចុះ​វាយ​តម្លៃ​ទៅ​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន។ បើតាម​លោក  សៅ សុភាព គម្រោង នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​ការ​ត្រួតពិនិត្យ​ការ​បំពុល​បរិស្ថាន ជា​ការ​រត់​ឲ្យ​ទាន់​និន្នាការ​នៃ​ការ​អភិវឌ្ឍ។

លោក តឹក វណ្ណរ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​បានចាត់​ទុក​ជា​រឿង​មួយ​ដ៏ល្អ ដែល​ជប៉ុន​ជួយ​កសាង​សមត្ថភាព​មន្ត្រី​កម្ពុជា ចំពោះ​គម្រោង នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នេះ។ លោកថា កន្លង​មក​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​បានត្រឹម​ត្រូវ តែ​មួយ​ចំនួន​ទៀត​មិន​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ បើ​តាម​លោក តឹក វណ្ណរ៉ា ភាពមិន​ត្រឹម​ត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្លាយ​ជា​ជន​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ទៅ​វិញ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ