អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក អេង ​ឆៃ​អ៊ាង​៖ ការ​ចាប់​ខ្លួន​សកម្ម​ជន​ជា​បន្ត​បន្ទាប់ ​កាន់​តែ​ធ្វើ​ឲ្យ​កម្លាំង​ទៅ​ទទួល​ លោក សម រង្ស៊ី កើន​ឡើង​

លោក អេង ឆៃអ៊ាង អនុប្រធានអតីត​គណបក្ស​សង្រ្គោះជាតិ បាន​អះអាងថា ការ​ដែល​អាជ្ញាធរកម្ពុជា​ចាប់​ខ្លួន​សកម្មជន​របស់គណបក្សប្រឆាំងជាបន្តបន្ទាប់នៅពេលនេះ គឺកាន់តែ​ធ្វើ​ឲ្យ​សន្ទុះ​នៃទឹក​ចិត្ត​ពលរដ្ឋ​ទៅ​ទទួល​ លោក សម រង្ស៊ី កាន់​តែ​កើនឡើង។ ប្រតិកម្ម​បែបនេះ របស់​លោក អេង ឆៃអ៊ាង គឺជាការ​ឆ្លើយតប​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​នៅថ្នាក់​មូល​ដ្ឋាន​សរុប​ជិត​២០នាក់​គិត​មក​ទល់ពេលនេះ ដោយសារតែ​ពួកគេ​ប្រកាស​ទៅ​ទទួល​លោក សម រង្ស៊ី នៅថ្ងៃ​៩​វិច្ឆិកា​ខាងមុខ។ 

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ RFI
ផ្សាយពាណិជ្ជកម្ម

ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃសុក្រនេះ លោក អេង ឆៃអ៊ាង បានអះអាងថា ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​ចាប់​ខ្លួន​សកម្មជន​បក្ស​សង្រ្គោះជាតិ​ជាបន្តបន្ទាប់មកនេះ គឺមិនអាច​បំបាក់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពលរដ្ឋ ​ដែល​ត្រៀម​ទៅ​ទទួល​ លោក សម រង្ស៊ី បានឡើយ។ អនុប្រធាន​បក្សប្រឆាំង​រូបនេះ ​បានប្រៀប​ធៀប​ស្ថានការណ៍​ពេលនេះថា «​បើកាល​គេ​ច្របាច់​ម្សៅ​កាន់​តែ​ខ្លាំង នោះ​​ម្សៅ​នឹង​ចេញពីដៃកាន់តែ​ច្រើន​យ៉ាងដូច្នោះដែរ»។

គួរកត់​សំគាល់ថា មាន​សកម្មជន​គណ​បក្ស​ប្រឆាំង​ជិត២០នាក់ហើយ ត្រូវបាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់ រាប់ទាំងសកម្មជន៣នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ដែលត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន កាល​ពី​ថ្ងៃ​ទី ០២ កញ្ញា និង​សកម្មជន​ម្នាក់​ជាអតីតមេឃុំ​នៅខេត្តកំពង់ចាម​ត្រូវ​បាន​ចាប់​ខ្លួនថ្ងៃទី៥កញ្ញា ក្រោម​បទ​ប្រឆាំង​សាលដីកា​តុលាការកំពូល។ ការចាប់ខ្លួន និងចោទ​ប្រកាន់នេះ គឺក្រោយ​ពី​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌​មាន ស្តីពី មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ និង​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំងនេះដែរ ក្រុមអង្គការជាតិ និងអន្តរជាតិចំនួន២៨ កាលពី​ថ្ងៃទី៣០ សីហា បានលើកបញ្ហានេះ​ដាក់​ក្នុង​របាយការណ៍​របស់​ខ្លួន ​​ដើម្បីស្នើ​ទៅអង្គការ​សហប្រជាជាតិ ឲ្យមានកា​រលើកយកបញ្ហា​មួយនេះ និងបញ្ហា​សិទ្ធិមនុស្ស​ផ្សេងទៀត ដាក់បញ្ចូលក្នុងរបៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាតសិទ្ធិមនុស្សអន្តរជាតិ UNHRC លើកទី៤២ នៅទីក្រុងហ្សឺណែវ។

សម្រាប់​ លោក អេង ឆៃអ៊ាង ការ​ចាប់​ខ្លួន​សកម្មជន​របស់​បក្សប្រឆាំង​កាន់​តែ​ច្រើន​គឺកាន់តែ​ធ្វើ​ឲ្យ​សន្ទុះ​នៃទឹក​ចិត្តពលរដ្ឋ​ទៅ​ទទួល​ លោក សម រង្ស៊ី កាន់​តែ​កើនឡើង ហើយថាវា​មិន​អាច​ធ្វើ​ឲ្យ​គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ត្រូវ​ផ្លាស់​ប្តូរនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ