អានតួអត្ថបទ
កម្ពុជា-សង្គម

​រដូវ​ប្រាំង​៖ ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ប្រើ​ប្រាស់​អគ្គិសនី​ដោយ​សន្សំ​សំចៃ​

ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​កំពុង​ប្រឈម​នឹង​ការ​រអាក់​រអួល និង​មាន​ការ​ខ្វះ​ចន្លោះ​ នា​រដូវ​ប្រាំង​ឆ្នាំ​នេះ។ នេះ​ជា​ការ​ជូន​ដំណឹង​ផ្ទាល់​មាត់​របស់​មន្ត្រី​ពាក់​ព័ន្ធ​។ ប្រឈម​បញ្ហា​នេះ ភាគី​ពាក់​ព័ន្ធ​បាន​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ក្បែរ​ខាង និង​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​សន្សំ​សំ​ចៃ​ក្នុង​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​។ 

ទំនប់វារីអគ្គីសនីកំចាយ
ទំនប់វារីអគ្គីសនីកំចាយ @Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​នៅ​តាម​គេហ​ដ្ឋាន​ហើយ​នោះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាម​ពល​បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​សន្សំ​សំចៃ​ដ៏​សំខាន់​មួយ​ទៀត​គឺ​ក្រសួង​ស្នើ​ឲ្យ​ម្ចាស់​សណ្ឋា​គារ និង​ម្ចាស់​សហ​គ្រាស​ធំៗ​ប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​យក​ថាមពល​មក​ផ្គត់​ផ្គង់​ជូន​ពល​រដ្ឋ​វិញ​។ នេះ​បើ​តាម​លោក វិច ទ័រហ្សូណា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ថាម​ពល​របស់​ក្រសួង​រ៉ែ​និង​ថាមពល​។

បើ​តាម​លោក វិច ទ័រហ្សូណា ​កម្ពុជា​នៅ​សល់​ថាម​ពល​អគ្គិសនី​ប្រមាណ​តែ​២៥​ទៅ​៣០​ភាគ​រយ​ក្នុង​ចំណោម​ថាម​ពល​អគ្គិសនី​សរុប​២៥០០​មេហ្គា​វ៉ាត់ ដែល​ទាញ​ចេញ​ពី​ប្រភព​ផ្សេងៗ​ដូច​ជាៈ ទំនប់​វារី​អគ្គិសនី ធ្យូងថ្ម និង​ទាញ​ចេញ​ពី​ពន្លឺ​ថាម​ពល​ព្រះ​អាទិត្យ​ជា​ដើម​។ កង្វះ​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​បាន​ចាត់​ទុក​ថា ជា​វិបត្តិ​។ វិបត្តិ​ដោយ​សារ​កត្តា​អាកាសធាតុ​ក្ដៅ​ខុស​ពី​រាល់​ឆ្នាំ​ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង​។ ជាក់​ស្ដែង​ឆ្នាំ​ទៅ​មិញ​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ តម្រូវ​ការ​ថាម​ពល​មិន​សូវ​កើន​ឡើង​។

ទន្ទឹម​នេះ លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា អគ្គិសនី​កម្ពុជា​បាន​កំពុង​ស្វែង​រក​ប្រភព​អគ្គិសនី​បន្ថែម​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ប្រើ​ប្រាស់​ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង​។

បន្ថែម​លើ​នេះ ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​សម្រេច​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ថៃ​និង​វៀត​ណាម ខណៈ​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤​មិនា​ម្សិល​មិញ បាន​ចុះ​ហត្ថលេខា​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​២០០​មេហ្កា​វ៉ាត់​សម្រាប់​ផ្គត់​ផ្គង់​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។

អគ្គ​នាយក​អគ្គិសនី​កម្ពុជា​ពន្យល់​ថា ការ​ទិញ​អគ្គិសនី​ពី​ឡាវ​នេះ​ស្រប​ពេល​កម្ពុជា​រង់​ចាំ​ការ​បញ្ចប់​ការ​សាង​សង់​រោង​ចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម​៧០០​មេហ្កា​វ៉ាត់ នៅ​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ​២០២៤ រួម​នឹង​ការ​រង​ចាំ​រោង​ចក្រ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​២៤០​មេហ្កាវ៉ាត់ ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​តទៅ​។

សូម​បញ្ជាក់​ជូន​ថា ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​ជាង​១០​ពាន់​លាន​គីឡូវ៉ាត់

ខណៈ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មាន​ចំនួន​ជិត​២ពាន់​មេហ្គា​វ៉ាត់​។ ក្នុង​នោះ​តម្រូវ​ការ​ប្រើប្រាស់​ថាម​ពល​មាន​ការ​ថយ​ចុះ​ព្រោះ​តែ​សង្វាក់​ផលិត​កម្ម​នៅ​តាម​រោង​ចក្រ​ឬ​សហ​គ្រាស​បាន​សម្រាក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ