អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច បើក​យុទ្ធនាការ​តាម​បណ្តាញ​សង្គម គៀងគរ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត

អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បាន​គៀង​គរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ​ បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ក៏​ដោយ។ យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​រូបភាព ការ​ផ្លាស់​ប្តូរ (Profile) រូប​ថត​របស់​ខ្លួន​ម្នាក់ៗ នៅ​លើ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន។ យុទ្ធនាការ​ដែល​ទើប​ចាប់​ផ្តើម តែ​ហាក់​កំពុង​ផុស​ផុល​ខ្លាំង​នៅ​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​ ជា​យុទ្ធនាការ ដែល​គេ​មើល​ឃើញ​ថា ដើម្បី​ប្រឆាំង​នឹង​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។

យុទ្ធនាការ​តាម​បណ្តាញ​សង្គម គៀងគរ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត
យុទ្ធនាការ​តាម​បណ្តាញ​សង្គម គៀងគរ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត @facebook
ផ្សាយពាណិជ្ជកម្ម

“យើង​ទៅ​បោះ​ឆ្នោត ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ជាតិ​យើង” “ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ។ ទាំង​នេះ គឺ​ជា​ពាក្យ​ស្លោក​នៃ​យុទ្ធនាការ​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ត្រៀម​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ ខណៈ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទើប​តែ​ផុស​ផុល​ខ្លាំង​នៅ​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា(ស.សស.ក)។

លោក ហ៊ុយ វណ្ណៈ ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រមូល​ផ្តុំ​ចង​ក្រង​ប្រូហ្វាល់ (Profile) គណនី​ហ្វេសបុក​ទាំង​នោះ បាន​អះអាង​ថា មាន​ម្ចាស់​គណនី​ហ្វេស​បុក​ប្រមាណ​ជាង​១០០​គណនី​ បាន​ផុស (Post) និង ស៊ែ (Share) នៅ​រៀង​រាល់​១​នាទី។ លោក​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ដែល​មាន​លក្ខណៈ​រួម និង​ជា​សកល ដើម្បី​បង្ហាញ​ពី​សិទ្ធិ​និង​កាតព្វកិច្ច​ជា​ពលរដ្ឋ​សម្រាប់​ប្រទេសជាតិ​មួយ។

បើ​តាម​លោក ហ៊ុយ វណ្ណៈ អ្នក​ដែល​បាន​ផ្លាស់​ប្តូរ​ប្រូហ្វាល់​រូប​ថត​របស់​ពួក​គេ​នៅ​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​ខ្លួន​ទាំង​នោះ គឺ​មាន​លក្ខណៈ​ចម្រុះ​និង​ស្មើ​គ្នា​ទាំង​អ្នក​នៅ​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត ដែល​រួម​មាន​ទាំង​ពាណិជ្ជករ សិល្បៈ​ករ អ្នក​នយោបាយ សិស្ស និស្សិត មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​រួម​ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​ផង។ ពាក្យ​ស្លោក​ទាំង​នោះ បាន​សរសេរ​ថា “ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ជា​ខ្មែរ​ស្នេហា​ជាតិ” “យើង​ទៅ​បោះឆ្នោត ដើម្បី​ជីវភាព​និង​ការងារ​យើង” “យើង​ទៅ​បោះឆ្នោត ដើម្បី​កិត្តិយស​ជាតិ​យើង” និង​ខ្លះ​ទៀត​សរសេរ​ថា “យើង​ទៅ​បោះ​ឆ្នោត ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ជាតិ​យើង”​ជា​ដើម។

គួរ​ជំរាប​ជូន​ថា ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៦​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​ខាង​មុខ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ទៅ​ចុះបញ្ជី​ឈ្មោះ​នៅ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ប៉ុន្តែ​មិន​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត ដោយ​អះអាង​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្តី​បន្ទោស​ចំពោះ​ការ​អំពាវនាវ​បែប​នេះ ថា​ជា​ទង្វើ​ខុស​ច្បាប់។ ប៉ុន្តែ​លោក​បាន​ស្វាគមន៍​ចំពោះ​យុទ្ធនាការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ចង់ទៅ​បោះ​ឆ្នោត ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ