អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំខ្លួន ​ពី​បទ​បង្ក​ហិង្សា ​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​

តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ៨ កក្កដា បាន​ចោទប្រកាន់​និង​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​បាន​បង្ក​ហិង្សា​វាយបំផ្លាញ់​សំភារៈ​ឃោសនា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​​ខណ្ឌដូនពេញ កាលពី​ថ្ងៃទី ១ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ សម្រាប់ គជប ករណី​នេះ គឺជា​រឿង​ព្រហ្មទណ្ឌ មិន​ពាក់ព័ន្ធ​នឹង គជប នោះឡើយ។  

យោធា​កម្ពុជា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ពី​បទ​បង្ករ​ហិង្សា​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​​។​
យោធា​កម្ពុជា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ពី​បទ​បង្ករ​ហិង្សា​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​​។​ @FB
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​យោធា​រូបនេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឃូ ហ៊ាង​តុង អាយុ៥១ឆ្នាំ មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ មុខងារ​ជា​នាយរង​ការិយាល័យ​បុគ្គលិក​នៃ​ក្រសួងការពារជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពីបទ មាន​ចេតនា​ធ្វើ​ឲ្យ​ខូចខាត ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ។ លោក​ត្រូវបាន​កងរាជអាវុធហត្ថ​ខណ្ឌដូន​ពេញ​​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី ៧ ខែកក្កដា បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​បង្ក​ហិង្សា​ និង​វាយបំផ្លាញ​អំភ្លី និង​ធុងបាស់ ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ បើតាម​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ហេតុផល​ដែល​មន្ត្រី​យោធា​រូបនោះ បង្ក​ហិង្សា ដោយសារតែ​គាត់​ខឹង​នឹង​សម្លេង​កងរំពង​នៃ​មេក្រូ​ឃោសនា​បក្ស ដែល​រំខាន​រូបគាត់ និង​ក្រុមគ្រួសារ​គាត់ ស្ថិតនៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

គួរ​ជំរាបជូន​ថា នេះ​គឺជា​ករណី​ទី១ នៃ​អំពើហិង្សា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បានចាប់ផ្តើម​ដំបូង កាលពី​ថ្ងៃទី ៧ កក្កដា​មក។ ប៉ុន្តែ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានចាត់ទុក​ករណីនេះ ជា​រឿង​ព្រហ្មទណ្ឌ ដែល​មិន​ពាក់ព័ន្ធ​ជាមួយ គជប នោះទេ។ តែ​យ៉ាងណាក៏ដោយ ក្រៅពី​ករណីនេះ កងរាជអាវុធហត្ថ ក៏បាន​បញ្ជាក់ថា តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ៨ កក្កដា ក៏បាន​ចោទប្រកាន់ បុរស២នាក់ ពីបទ​បន្លំ​ខ្លួន​ធ្វើជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ក្នុងការ​ដង្ហែរ​ក្បួន​ឃោសនា​របស់​បក្ស។ ពួកគេ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ៦ខែ ទៅ ៣ឆ្នាំ ប្រសិន​ត្រូវបាន​កាត់ទោស។ បុរស​ទាំង ២នាក់​នោះ មានឈ្មោះ ឈី​ន ស៊ីរ៉ា​ក់ អាយុ ៣៥ឆ្នាំ និង​ឈ្មោះ មុន ចាន់​រ៉ា អាយុ ២៧ឆ្នាំ។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​កោះ​ពេជ្រ ហើយ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ បានចាប់ផ្តើម​ធ្វើ​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី ៧ កក្កដា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៧ ខែកក្កដា ខាងមុខ ដោយមាន​គណបក្សនយោបាយ​ចំនួន២០ចូលរួម។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​បានបង្ហាញ​សាច់ដុំ​ធំជាងគេ។ បើតាម​អ្នកនាំពាក្យ គជប គិត​ត្រឹម​ថ្ងៃទី៣នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ គជប នៅ​មិនទាន់​ទទួលបាន​ពាក្យបណ្តឹង​ណាមួយ​នៅឡើយ​ទេ ក្រៅតែពី​ករណី​ហិង្សា​ដែល​បង្ករ​ឡើង​ដោយ​មន្ត្រី​យោធា​ខាងលើនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ