rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អប់រំ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អង្គការ​ស៊ីប៉ា​និង​នាយកដ្ឋាន​ពន្ធនាគារ​ប្រកាស​បន្ត​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ រយៈ​ពេល​៣ឆ្នាំ​ទៅ​មុខ​

media
អ្នកទោសពន្ធនាគារ @The Cambodia Daily

អង្គការ​ស៊ីប៉ា នៅថ្ងៃទី ១២ មិថុនា នេះ បាន​ចុះ​ហត្ថលេខា​ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ និង​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា ដើម្បី​ប្រកាស​បន្ត​អនុវត្ត​ជា​ផ្លូវការ នូវ​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ នៅ​ក្នុង​ដំណាក់​កាល​ទី០៣​។ គម្រោង​ដែល​មាន​រយៈពេល​៣ឆ្នាំ​ទៅ​មុខ​នេះ គ្រោង​នឹង​ចំណាយ​ថវិការ​ជាង​៥៣​ម៉ឺន​ដុល្លារ ដោយ​រំពឹង​ថា ជន​ជាប់​ឃុំ​ចំនួន​៣៥% ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ជាង​៣ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​សេវា​អប់រំ និង​ជំនាញ​តាម​រយៈ​អំណាន​នៅ​ក្នុង​ពន្ធនាគារ មុន​ពេល​ពួក​គេ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​។ 


តាម​រយៈ​កិច្ច​ព្រម​ព្រៀង ដែល​បាន​ចុះ​ហត្ថ​លេខា ដោយ​អង្គការ​ស៊ីប៉ា ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​និង​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា នៅ​ថ្ងៃទី ១២ មិថុនានេះ គឺ​ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​មូល​និធិ Pierre Bellon និង​ថវិកា​ផ្ទាល់​របស់​អង្គការ​ស៊ីប៉ា​សរុប​ចំនួន​៥៣០,០០០​ដុល្លារ​។ គម្រោង​នេះ នឹង​ជួយ​ពង្រឹង​សេវាកម្ម​បណ្ណាល័យ​ដែល​មាន​ស្រាប់​និង​សេវាកម្ម​អប់រំ​ផ្សេងៗ នៅ​ក្នុង​ពន្ធនគារ​នៅ​ទូទាំង​ប្រទេស និង​ធ្វើ​យ៉ាង​ណាឲ្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ទាំង​អស់​មាន​ម្ចាស់​ការ និង​ធានា​និរន្តរ​ភាព ដល់​គម្រោង​តទៅ​អនាគត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ស៊ីប៉ា​។ គេ​រំពឹង​ថា ជន​ជាប់​ឃុំ​ចំនួន​៣៥% ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ជាង​៣ម៉ឺន​នាក់ នៅ​ពន្ធនាគារ​ចំនួន ២៣ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​នៅ​កម្ពុជា នឹង​ទទួល​បាន​សេវា​អប់រំ​តាម​រយៈ​អំណាន​នៅ​ក្នុង​ពន្ធនាគារ មុន​ពេល​ពួក​គេ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​ជាតិ​វិញ​។ គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ដំណាក់​កាល​ទី៣ នេះ នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ២០១៩​ដល់​ឆ្នាំ២០២២​។

គួរ​ជំរាប​ជូន​ថា គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២ ដោយ​អង្គការ​ស៊ីប៉ា​សហការ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ក្នុង​គោល​ដៅ​ដើម្បី​បណ្តុះ​ការ​អាន​ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ចំនួន​៣ម៉ឺន​នាក់ ក្នុង​ពន្ធនាគារ​ចំនួន​២៧ ព្រម​ទាំង​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ពន្ធនាគារ តាម​រយៈ​សេវា​កម្ម​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​ជន​ជាប់​ឃុំឃាំង​មុន​ពេល​ពួក​គេ​ធ្វើ​សមាហរណកម្ម​។ គម្រោង​នេះ​ចែក​ចេញ​ជា​៣ដំណាក់​កាល​។ ដំណាក់​កាល​ទី១​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥ គឺ​ជា​ការ​បង្កើត​បណ្ណា​ល័យ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដោយ​សហការ​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​ឧត្តម​ស្នង​ការ​សិទ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា សហភាព​អឺរ៉ុប ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ និង​ថវិការ​ផ្ទាល់​របស់​អង្គការ​ស៊ីប៉ា​សរុប​ជាង​៨៨​ម៉ឺន​ដុល្លារ​។ ដំណាក់​កាល​ទី២ ពី​ឆ្នាំ២០១៦​ដល់​ឆ្នាំ២០១៩ គឺ​ជា​ការ​ពង្រឹង​សេវាកម្ម​បណ្ណាល័យ​ដែល​មាន​ស្រាប់​ដោយ​ចំណាយ​ថវិការ​ជាង​៦០​ម៉ឺន​ដុល្លារ និង​ដំណាក់​កាល​ទី៣​ពី​ឆ្នាំ២០១៩​ដល់​ឆ្នាំ២០២២ គឺ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គម្រោង​សរុប​ដែល​មាន​រយៈ​ពេល​១២​ឆ្នាំ គឺ​ជា​ការ​បន្ត​ពង្រឹង​សេវា​កម្ម​បណ្ណា​ល័យ​ដែល​មាន​ស្រាប់ និង​សេវាកម្ម​អប់រំ​ផ្សេងៗ​ទៀត និង​ធ្វើ​យ៉ាង​ណា​ឲ្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ទាំង​អស់​មាន​ម្ចាស់​ការ និង​ធានា​និរន្តរ​ភាព ដល់​គម្រោង​តទៅ​អនាគត​៕