អានតួអត្ថបទ
កម្ពុជា

សាល​ក្រម​សំណុំ​រឿង​០០២​/២ នឹង​ប្រកាស​ថ្ងៃ​ស្អែក ចំពោះ​មុខ នួន ជា និង ខៀវ សំផន

នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦​វិច្ឆិកា សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម នឹង​ប្រកាស​សេចក្ដី​សង្ខេប​នៃ​សាល​ក្រម​នៃ​សំណុំ​រឿង​០០២ វគ្គ​២ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ពីរ គឺ​ នួន ជា និង ខៀវ សំផន​​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​សាល​សវនាការធំ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​។

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤ មុន​នឹង​បិទ​បញ្ចប់​ដោយ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧​។ សំណុំ​រឿង​នេះ មាន​ជន​ជាប់​ចោទ​២​រូប គឺ នួន ជា និង ខៀវ សំផន​​។ សាលា​ដំបូង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា បាន​គូស​បញ្ជាក់​ថា សំណុំ​រឿង​០០២ វគ្គ​២ គឺ​ជា​ការ​កាត់​ក្ដី​ចុង​ក្រោយ ប្រឆាំង​នឹង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​នៅ​រស់​រាន​មាន​ជីវិត​។

សហ​​មេធាវី​ការពារ​ក្ដី នួន ជា និង ខៀវ សំផន បាន​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ ដែល​កើត​ឡើង​ឡើយ​។ មេធាវី​ជនជាប់​ចោទ បាន​ស្ដី​បន្ទោស​ទៅ​លើ​វៀតណាម ដែល​បាន​ធ្វើ​ឲ្យ​របប​ខ្មែរ​ក្រហម​បរាជ័យ​។ មេធាវី​ការពារ​ក្ដី ក៏​ដូច​ជា​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែរ បានស្នើ​សុំ​ឲ្យ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​មាន​សេរីភាព​។

ផ្ទុយ​ពី​សហមេធាវី​ការ​ពារ​ក្ដី​ជន​ជាប់​ចោទ សហព្រះ​រាជ​អាជ្ញា បាន​ស្នើ​ឲ្យ​តុលាការ​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ចង់​ឲ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រោះ​​សហព្រះ​រាជអាជ្ញា​ពិចារណា​ឃើញ​អំពី​ភាព​ធ្ងន់​ធ្ងរ​នៃ​អំពើ​ ឧក្រិដ្ឋរបស់​ជនជាប់​ចោទ ដែល​បានធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​រង​ទុក្ខ​វេទនា ខ្លោច​ផ្សារ និង​បង្ក​ឲ្យ​ស្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​លាន​នាក់​​។

ក្រុម​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សំណើ​របស់​សហព្រះ​រាជ​អាជ្ញា និង​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ពិនិត្យ​លើ​អង្គ​ច្បាប់​ចំពោះ​សំណើ​នេះ​។ បន្ថែម​ពី​លើ​នេះ សហមេធាវី​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក៏​បាន​ស្នើ​សុំ​ឲ្យ​ទទួល​ស្គាល់​នូវ​ភស្តុតាង​របស់​ខ្លួន អំពី​ទុក្ខវេទនា​របស់​ជន​រង​គ្រោះ ព្រម​ទាំង​សម្រេច​ផ្ដល់​សំណង​ក្នុង​ករណី​ជន​ជាប់​ចោទ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ចោទ​ប្រកាន់​។

គួរ​រំឭក​ជូន​ដែរ​ថា សំណុំ​រឿង​០០២ វគ្គ​២ ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម​។ បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ ពាក់ព័ន្ធ​នឹង​សហករណ៍ សហករណ៍​ត្រាំកក់ ការដ្ឋាន​១​មករា ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ការដ្ឋានសាងសង់​​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង មន្ទីរ​សន្តិសុខ ការ​រៀប​ការ​ដោយ​បង្ខំ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង និង​ជម្លោះ​ប្រដាប់​អាវុធ​ជា​ដើម​​។ សហព្រះ​រាជ​អាជ្ញា​ចង់​ឲ្យ​តុលាការ​ដាក់​ពន្ធនាគារ​ជនជាប់​ចោទ​ទាំង​២​ គឺ នួន ជា និង​ខៀវ សំផន អស់​មួយ​ជីវិត បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១​ហើយ​ក៏​ដោយ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ