rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គ្រឿងញៀន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពេញ​១​ឆ្នាំ​២០១៧៖ ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន បាន​កើន​ឡើង​ជាង​៩២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦

media
​សន្និបាត​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ @facebook/នគរបាលជាតិ

នៅ​ព្រឹក​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បើក​សន្និបាត​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨។ ក្នុង​នោះ​មាន​បូក​សរុប​លទ្ធផល​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​២ និង​លើក​ទិស​ដៅ​អនុវត្ត​យុទ្ធនាការ​លើក​ទី​៣​ទៀត។ សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១៧​ទៅ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញឿន​គ្រប់​ប្រភេទ​កើន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៦​ដល់​ទៅ​ជាង​៩២​ភាគ​រយ​ឯណោះ។


របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៧ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ខ្មែរ​នៅ​ក្នុង​២០១៧​កន្លង​ទៅ​នេះ មាន​ចំនួន​៨១៧៣​ករណី គឺ​បាន​កើន​ឡើង​៩២,៤៨​ភាគ​រយ​ឫ​ប្រមាណ​៣៩២៧ករណី បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦​ដែល​មាន​៤២៤៦​ករណី​តែ​ប៉ុណ្ណោះ។ ក្នុង​នោះ អាជ្ញាធរ បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​១៧៧៩៥​នាក់ មាន​ស្រី​១៥៨៤​នាក់។ ចំនួន​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គឺ​បាន​កើន​ឡើង​ចំនួន​៧៨៦២​នាក់ ឫ​ស្មើ​នឹង​៧៩,១៥​ភាគ​រយ។ ចំណែក​គ្រឿង​ញៀន​វិញ អាជ្ញាធរ​ខ្មែរ​បាន​រឹប​អូស​ចំនួន​ជាង​២៩៦​គីឡូក្រាម​ឯណោះ​នៅ​ក្នុង​ការ​បង្រ្កាប​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ។

ដោយ​ឡែក អ្នក​ញៀន​គ្រឿង​ញៀន​ដែល​ទទួល​បាន​សេវា​ព្យាបាល​កាល​ពី​ពេញ​មួយ​ឆ្នាំ​២០១៧​វិញ គឺ​មាន​១៥៧៩៦​នាក់ បាន​កើន​ឡើង​៩,៤៣​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ។ បើ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ការ​កើន​ឡើង​នេះ គឺ​អាស្រ័យ​ដោយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ពង្រឹង​យន្តការ​របស់​ខ្លួន​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន។ ថ្វី​បើ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​មក​ទទួល​ការ​ព្យាបាល​មាន​ការ​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​អាជ្ញាធរ​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា នៅ​មាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​មូលដ្ឋាន​ប្រមាណ​៣៦​ភាគ​រយ​ទៀត​មិន​បាន​ទទួល​ការ​ព្យាបាល​នោះ​ទេ។ នេះ​បើ​តាម​អាជ្ញាធរ គឺ​ដោយ​សារ​តែ​ពួក​គេ​ខ្លាច​រអារ​ចំពោះ​ការ​អនុវត្ត​ច្បាប់ និង​មិន​ទាន់​ដឹង​ថា មាន​ការ​ផ្តល់​សេវា​ព្យាបាល​នៅ​សហគមន៍។

បើ​ទោះ​បី​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ឆ្នាំ​២០១៧ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​តាម​ភូមិ-ឃុំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ចំនួន​១៤៣៥៣​នាក់។ ចំនួន​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ​គឺ​បាន​កើន​ឡើង​ដល់​៥៣៣៣​នាក់​ឬ​ស្មើ​នឹង​៥៩,១២ ភាគ​រយ។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ របាយការណ៍​ដដែល បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា មូលហេតុ​នៃ​ការ​កើត​មាន​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដោយ​សារ​ឧក្រិដ្ឋជន​អន្តរជាតិ នៅ​តែ​ព្យាយាម​ប៉ុន​ប៉ង​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រទេស​ផលិត​កែ​ច្នៃ និង​ឆ្លង​កាត់​គ្រឿង​ដោយ​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ទាំង​ផ្លូវ​គោក ទឹក និង​អាកាស។ របាយការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ទៀត​ដែរ​ថា បណ្តា​ខេត្ត​ភាគ​ឦសាន្ត​ប្រទេស​កម្ពុជា នៅ​តែ​ជា​ខេត្ត​ដែល​បន្ត​មាន​សកម្មភាព​លួច​ចរាចរ​នាំ​ចូល​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​នាយឧត្តមសេនីយ៍​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ជម្រុញ​ដល់​មន្រ្តី​ពាក់​ព័ន្ធ​ទាំង​អស់​ឲ្យ​បង្កើន​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​គ្រឿង​ញៀន​ពី​ច្រក​ព្រំដែន​ឡាវ​បន្ថែម​ទៀត។ ការ​នាំ​ចូល​ពី​ច្រក​ព្រំដែន​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​សកម្មភាព​លួច​ចរាចរ​នាំ​ចូល​គ្រឿង​ញៀន​តំបន់​ភាគ​ឦសាន្ត​នេះ នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ផ្សេងៗ​ទៀត៕