ចុះផ្សាយនៅថ្ងៃទី • កែប្រែនៅថ្ងៃទី
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា បានឆ្លងបន្ទាត់គណៈរដ្ឋមន្ត្រីកម្ពុជាហើយ
សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការអនុម័តហើយ ដោយមិនមានការកែប្រែ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ។ បន្ទាប់ពីមានការសម្រេច ពីគណៈរដ្ឋមន្ត្រី ច្បាប់ដែលមានចំណុចខ្លះ ត្រូវក្រុមអ្នកសហជីពមួយចំនួន សម្តែងការមិនពេញចិត្តនោះ នឹងទៅដល់រដ្ឋសភាជាតិ ក្នុងពេលឆាប់ៗនេះ។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលមាន ៦ជំពូក និង៣១មាត្រា នឹងទៅដល់រដ្ឋសភាក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីកម្ពុជាបានសម្រេចអនុម័ត ដោយមិនមានការកែប្រែខ្លឹមសារដើម។ តាមខ្លឹមសារច្បាប់នេះ គឺសំដៅទៅលើការលើកកម្ពស់ជីវភាពរស់នៅ សមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករ និយោជិក និងជម្រុញអោយមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរប្រកបដោយភាពទាក់ទាញ។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលគ្របដណ្តប់ទៅលើវិស័យជាច្រើននៃការងារ ថ្លែងថា ចំនុចមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ ហាក់ដូចជាធ្វើឲ្យសហជីពបាត់បង់នូវសិទ្ធិ។ លោកថា សិទ្ធិរបស់តំណាងកម្មករ កម្មការិនី ត្រូវបានគេបញ្ចូលនៅក្នុងក្រុមប្រឹក្សាជាតិដែលនិយាយពីប្រាក់ឈ្នួលនេះ ហើយប្រសិនបើយើងចូលរួមពិភាក្សាពិគ្រោះយោបល់ហើយ ហើយបែរជាតវ៉ា ឬមិនពេញចិត្តនូវត្រង់ចំណុចណាមួយក្នុងច្បាប់ស្តីពីប្រាក់ឈ្នួល គឺមិនអាចធ្វើទៅបានទេ ដោយអាចប្រឈមនឹងការពិន័យ។
ទោះយ៉ាងណា នៅក្នុងដំណើរកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាកន្លងមក រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ក៏បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលនេះ គឺជាយន្តការដ៏រឹងមាំ មួយក្នុងការធានាឱ្យបាននូវប្រាក់ឈ្នួលអប្បបរមាសមស្របតាមបែបវិទ្យាសាស្ត្រដែលផ្អែកលើលក្ខខ័ណ្ឌវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច កាលបរិច្ឆេទជាក់លាក់នៃការកំណត់ប្រាក់ឈ្នួល ប្រចាំឆ្នាំ និងផ្តល់លទ្ធភាពឱ្យភាគីពាក់ព័ន្ធសិក្សារួមគ្នា ដើម្បីឱ្យគ្រប់ភាគីទទួលយកបាន ទាំងអស់គ្នា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាកន្លងមកក៏ដូចជាបច្ចុប្បន្ន មានតែវិស័យកាត់ដេរមួយគត់ ដែលមានការកំណត់ប្រាក់ឈ្នួលអប្បរមា។ ដោយឡែកវិស័យផ្សេងៗទៀត ដូចជាសំណង់ ព្រៃឈើ សេវាកម្មម្ហូបអាហារ ឬសេវាកម្មទេសចរណ៍ជាដើម នៅមិនទាន់មានច្បាប់សម្រាប់កំណត់ប្រាក់ឈ្នួលគោលទាបបំផុតនៅឡើយ៕