អានតួអត្ថបទ
កម្ពុជា-សង្គម

​នាយក​រដ្ឋ​មន្ត្រី​និង​ធនាគារជាតិ​អះអាង​ផ្សេង​គ្នា​ ករណី​ទប់​ទល់​នឹង​ការ​បិទ​សេដ្ឋ​កិច្ច​និង​គ្មាន​ជំនួយ​បរទេស​

ទោះ​គ្មាន​ជំនួយ​ពី​បរទេស​ក៏​កម្ពុជា មាន​សមត្ថភាព​បើក​ប្រាក់​ខែ​ឲ្យ មន្រ្តី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ លើស​ពី១ឆ្នាំ​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន នាថ្ងៃទី២៩ ខែកក្កដានេះ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ធនាគារ​ជាតិ​អះអាងថា​កម្ពុជា​អាច​រស់​បាន​ជិត​កន្លះ​ឆ្នាំ​ បើ​មាន​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ) @REUTERS
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​គ្មាន​ប្រាក់​ចំណូល​បន្ថែម ក៏​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រាក់​ខែ​ឲ្យ មន្ត្រី​រាជការ ឬ​កម្លាំង​ប្រដាប់​អាវុធ​លើស​ពី​មួយ​ឆ្នាំ​ដែរ​។ ជា​ការ​លើក​ឡើង​ក្នុង​ឱកាស​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​ពហុកីឡដ្ឋានជាតិ មរតក​តេជោ ដែល​បាន និង​កំពុង​ដំណើរ​ការ​សាង​សង់ នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២៩ ខែកក្កដា​។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ថា​ការ​អនុម័ត​ច្បាប់​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 របស់​សភា​ជាន់​ទាប​អាមេរិក​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា បាន​ធ្វើ​ឲ្យ​កម្ពុជា​ខ្វះ​ខាត​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជ​ការ និង​យោធា​។

ដោយ​មិន​គិត​ប្រាក់​បម្រុង​អន្តរជាតិ​ប្រមាណ​១៥ពាន់​លាន​ដុល្លារ លោក ហ៊ុន សែន​ បញ្ជាក់​ថា កម្ពុជា​មាន​សាច់​ប្រាក់​សុទ្ធ ដែល​តម្កល់​នៅ​រតនា​គារ​ជាតិ និង​ផ្ញើ​នៅ​ធនាគារជាតិ​ឡើង​ជិត​១៤លាន​លាន​រៀល (១លាន​លាន​រៀល​ស្មើ​២៥០​លាន​ដុល្លារ) ហើយ​មួយ​ខែ​ចំណាយ​ប្រមាណ​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់​ចំណូល​របស់​កម្ពុជា​មាន​លើស​ពី៤០០លាន​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​បន្ថែម​ថា កម្ពុជា​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជ​ការ ហើយ​បើក​ប្រាក់​ទាំង​នោះ​២សប្តាហ៍​ម្តង​ថែម​ទៀត​ក៏​បាន​។

សូម​ជម្រាប​ជូន​ថា​សម្រាប់​រយៈ​ពេល​១ឆមាស​ឆ្នាំ​២០១៩​នេះ ធនាគារ​ជាតិ​កម្ពុជា​បាន​បង្កើន​ទុន​បម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​១១,១​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​នៃ​ធនាគារ​ជាតិ ដែល​ដក​ស្រង់​សំដី​ដោយ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ កាល​ពីថ្ងៃទី ២៨ ខែកក្កដា។ លោកស្រី ជា សិរី អះអាងថា ប្រសិន​បើ​មាន​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ណា​មួយ កម្ពុជា​នឹង​មាន​លទ្ធភាព​ទប់​ទល់​បញ្ហា​ទាំង​នោះ​បាន​រយៈ​ពេល ៥ខែ តាម​រយៈ​ទុន​បម្រុង​អន្តរជាតិ ដែល​កម្ពុជា​មាន​ស្រាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ