rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ធនាគារ​ពិភព​លោក​៖ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​និង​ធ្លាក់​ចុះ​ត្រឹម​ ៦.៨​% ​នៅ​ឆ្នាំ​ក្រោយ​

media
អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភព​លោក ​World​ Bank​ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ មក​​ពី​ទី​ក្រុង​បាងកក ​ប្រទេស​ថៃ ​នៅ​​ថ្ងៃទី​​ ១០​ ​តុលា ឆ្នាំ ​២០១៩។​ @RFI

ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​​ពី​៧%​នៅ​ឆ្នាំ​២០១៩​ មក​នៅ​ត្រឹម​៦.៨​%​នៅ​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​ខាង​មុខ​។​ ការ​ព្យាករណ៍​នេះ ​គឺ​ស្រប​នឹង​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ កាល​ពី​ខែ​កញ្ញា​កន្ល​ង​ទៅ​នេះ​ដែរ​។ ​ប៉ុន្តែ​អ្នក​ជំនាញ​បាន​អះអាង​ថា ​ការ​ធ្លាក់​ចុះនេះ​ មិន​បង្ក​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ឡើយ​ទេ ​ខណៈ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វិក ​ក៏​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​មាន​ការ​ថយ​ចុះផ​ង​ដែរ​។​ 


របាយការណ៍​របស់​ធនាគារ​ពិភពលោក​ (Worl​d​ Bank​)​ បាន​ព្យាករណ៍ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​និង​ធ្លាក់​ចុះពី​៧%​នៅ​ឆ្នាំ​២០១៩ ​មក​នៅ​ត្រឹម​៦.៨​% ​នៅ​ឆ្នាំ​២០២០​និង​ឆ្នាំ​២០២១ ​ខាង​មុខ​ ខណៈ​ដែល​វិស័យ​នាំ​ចេញ​នៅ​រឹងមាំ ​ប៉ុន្តែ​ស្រុត​ចុះ​បន្តិច​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ានិ​ង​ប៉ាស៊ីហ្វិក ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ធនាគារ​ពិភព​លោក ​(World ​Bank​) ​នៅ​ថ្ងៃទី ​១០​ តុលានេះ​។​

របាយ​ការណ៍​នេះ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ​និន្នាការ​ធ្លាក់​ចុះ​នេះ ​មិន​មែន​កើត​មាន​តែ​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ​ត្បិត​កំណើន​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ក៏​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​បាន​ថយ​ចុះ​ដែរ​ ពោល​គឺ ​ពី​៦.៣​%​ក្នុង​ឆ្នាំ​២០១៨ ​មក​នៅ​ត្រឹម ​៥.៨% ​ក្នុង​ឆ្នាំ​២០១៩​ ហើយ​វានឹ​ង​បន្ត​ថយ​ចុះដ​ល់​៥.៧​% ​និង​៥.៦​% ​នៅ​ក្នុង​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​ខាង​មុខ​។ ​ការ​ធ្លាក់​ចុះ​នេះ ​គឺ​ដោយ​សារ​តែ​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម ​និង​ភាព​មិន​ប្រាកដ​ប្រជា​សកល​លោក​កើន​ឡើង​កាន់​តែ​ខ្លាំ​ង​ឡើង​។

​យ៉ាង​ណាក៏​ដោយ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​ធនាគារ​ពិភពលោក ​បាន​អះអាង​ថា ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ ​នៅ​មិន​ទាន់​បង្ក​ជា​ហានិភ័យ​ខ្ពស់ ​ឬ​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅឡើយ​ទេ ​ត្បិត​កំណើន ​៦.៨​% ​នេះ ​នៅ​តែ​ប្រសើ ​បើ​ធៀប​និង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីបូ​ព៌ានិ​ង​ប៉ាស៊ីហ្វិក។​ ប៉ុន្តែ​របាយការណ៍​បាន​ព្រមាន​ថា ​នៅ​ចំពោះ​មុខ​នេះ ​មាន​ហានិភ័យ​មួយ​ចំនួន ​រួម​ទាំង​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​លទ្ធភាព​របស់​កម្ពុជា ​ក្នុង​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ដែល​ស្រូប​យក​៤០​%​នៃ​ផលិត​ផល​នាំ​ចេញ​ពី​កម្ពុជា។​ ការ​ស្រុតចុះ​ដោយ​គំហុក​ណា​មួយ ​នូវ​សេដ្ឋកិច្ច​របស់ចិ​ន ​ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ឲ្យ​លទ្ធភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទ្រោ​មចុះ​ទៀត​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​នេះ ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI)​ និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​នោះ។​ លោក​ស្រី ​វិច​តូរី​យ៉ា ក្វាក្វា​ អនុប្រធាន​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ានិ​ង​ប៉ាស៊ីហ្វិក ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​នេះថា​ ​«​កាល​ណា​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ ​អត្រា​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ថយ​ចុះទៅ​តាម​ហ្នឹង​ដែរ​»​។​

គួរ​ជំរាប​ជូន​ថា ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ធនាគារ​ពិភពលោក​នេះ ​គឺ​ស្រប​នឹង​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (​ADB)​ កាល​ពី​ខែ​កញ្ញា ​កន្ល​ង​ទៅ​នេះ​ដែរ​។ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (​ADB)​ បាន​ព្យាករ​ថា ​កំណើន​សេ​ដ្ឋកិច្ច​កម្ពុជា ​ដែល​មាន​អត្រា​៧​%​ក្នុង​ឆ្នាំ​២០១៩ ​នឹង​ធ្លាក់​មក​នៅ​ត្រឹម ​៦.៨​% ​នៅឆ្នាំ​២០២០ ​ស្រប​ពេល​ដែ​ល​រដ្ឋាភិបាល​កម្ពុជា​ឯ​ណោះវិញ​ បាន​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ​គឺ​មាន​ត្រឹម​តែ ​៦.៥​% ​ប៉ុណ្ណោះ​។ ​នោះ​ប្រសិន​បើ ​សហភាព​អឺរ៉ុប ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ពី​កម្ពុជា​មែន​៕​