បញ្ហាអភិវឌ្ឍន៍អគារប៊ូឌីញត្រូវបានដោះស្រាយបញ្ចប់ មុនពេលអគារត្រូវបានវាយកម្ទេច
រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រកាសពីជោគជ័យ លើគម្រោងអភិវឌ្ឍន៍អគារសហកម្មសិទ្ធិប៊ូឌីញ “ស” ក្រោយពេលពលរដ្ឋ៧គ្រួសារដែលនៅសេសសល់ចុងក្រោយ បានសម្រេចចុះកិច្ចសន្យាលក់ និងយល់ព្រមចាកចេញ កាលពីល្ងាចម្សិលមិញនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដោះស្រាយចុងក្រោយ និងសន្តិវិធី មុនពេលអគារត្រូវវាយកម្ទេចចោលនៅថ្ងៃទី ១៧ កក្កដា តទៅ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
ការប្រកាសពីជោគជ័យលើគម្រោងអភិវឌ្ឍន៍អគារវ័យចំណាស់ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ គឺបន្ទាប់ពីប្រជាពលរដ្ឋ៧គ្រួសារក្នុងចំណោម៤៩២ ដែលនៅសេសសល់ចុងក្រោយ បានសម្រេចចុះកិច្ចសន្យាលក់បន្ទប់របស់ខ្លួន កាលពីល្ងាចថ្ងៃទី ១៥ កក្កដា។ ភ្លាមៗនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអរគុណចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការនិងបង្កលក្ខណៈឲ្យគម្រោងនេះអនុវត្តដោយជោគជ័យ។
បើតាមការសរសេររបស់លោករដ្ឋមន្ត្រី នៅលើគណនេយ្យហ្វេសបុករបស់លោក ហើយត្រូវបានចែកចាយនៅលើបណ្តាញសង្គមហ្វេសបុកថា ពេលនេះមានប្រជាពលរដ្ឋ៤៩២គ្រួសារស្មើនឹង១០០% បានសម្រេចចិត្តទទួលយកសំណងពីក្រុមហ៊ុនជប៉ុន Arakawa ជាថ្នូរនឹងការចាកចេញ។ បើតាមកិច្ចសន្យាលក់ ដែលប្រជាពលរដ្ឋ៩៩% បានទទួលយកនិងសម្រេចចាកចេញតាំងពីថ្ងៃទី ១៦ មិថុនា គឺមានតម្លៃ១៤០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ។
គួរជំរាបជូនថា ការសម្រេចទទួលយកការដោះស្រាយនេះ គឺធ្វើឡើងនៅមុនពេលដែលអគារសហកម្មសិទ្ធិប៊ូឌីញ “ស” ដែលត្រូវបានសាងសង់ឡើងតាំងពីសម័យសង្គមរាស្ត្រនិយម ក្នុងឆ្នាំ១៩៦៣ ដែលចាស់ទ្រុឌទ្រោម នឹងត្រូវវាយកម្ទេចចោលនៅថ្ងៃទី ១៧ កក្កដា តទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង កាលពីថ្ងៃទី ១១ កក្កដា។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងនេះ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ កាលពីពាក់កណ្តាលសប្តាហ៍នេះ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅរស់នៅក្បែទីតាំងនេះ ឬអ្នកដែលត្រូវឆ្លងកាត់ទីនេះ ត្រូវមានការប្រុងប្រយ័ត្ន នៅពេលដែលក្រុមជាងចាប់ផ្តើមវាយកម្ទេចអគារនេះ។ លោកបានហៅគម្រោងអភិវឌ្ឍន៍នៅអគារប៊ូឌីញ “ស” ដែលចាត់ទុកថា ជាសហគមន៍ក្រីក្រនៅកណ្តាលទីក្រុងភ្នំពេញនេះថា គឺជាឆន្ទៈខ្ពស់បំផុតរបស់ភាគីពាក់ព័ន្ធជាពិសេសគឺលោករដ្ឋមន្ត្រី និងដៃគូអភិវឌ្ឍន៍មកពីប្រទេសជប៉ុន Arakawa។ បើតាមលោក សេង ឡូត នៅលើទីតាំងចាស់នៃអគារប៊ូឌីញ “ស” នេះ នឹងត្រូវជំនួសមកវិញ ដោយអគារថ្មីមួយដែលមានកម្ពស់២១ ដោយគ្រោងចំណាយថវិការជាង៨០លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ