អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រៅ​ពី​បណ្ដឹង​ប្រមាថ​ព្រះ​មហាក្សត្រ​ លោក​ សម រង្ស៊ី ​ត្រូវ​លោក​ហ៊ុន សែន​ ប្ដឹ​ង​បន្ថែម​ពី​បទ​បរិហារកេរ្តិ៍​

ក្រៅ​ពី​បណ្តឹង ​«​ប្រមាថ​ព្រះ​មហាក្សត្រ​» ​លោក ​សម រង្ស៊ី ​កំពុង​រង​បណ្តឹង​បរិហារកេរ្តិ៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ​។ ​ក្រុម​មេធាវី​រដ្ឋាភិបាល ​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​រួច​ហើយ ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ល្ងាចថ្ងៃទី ​១៣ ​កញ្ញា ​ស្រប​ពេល​មាន​ប្រតិកម្ម​ចម្រុះ​ពី​ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន ​ដោយ​ថ្កោលទោសលោក ​សម រង្ស៊ី ​ដែល​​ផ្ដល់​​សម្ភាស​​ប្រមាថ​​ព្រះ​​មហាក្សត្រ​​។ 

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន
លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពាក្យ​បណ្តឹង​នេះ ​ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា ​បាន​ជម្រាប​ជូន​លោក​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​រាជ​ធានី​ភ្នំពេញ​ថា ​ការ​លើក​ឡើង​របស់​លោក ​សម​ រង្ស៊ី ​កាលពី​យប់​ថ្ងៃទី ​១២ ​កញ្ញា​ ជា​មួយ​វិទ្យុអាស៊ីសេរី ​គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ចេតនា​ទុច្ចរិត ​ក្នុង​គោល​បំណង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​លើ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​។ ​បន្ថែម​លើ​នេះ ​ការ​លើក​ឡើងរ​​បស់​លោក ​សម រង្ស៊ី ​ក៏​បាន​បង្ហាញ​អំពី​ចេតនា​ទុច្ចរិត​ ញុះញង់ ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ ចលាចល ​និង​អសន្តិសុខ​ក្នុង​សង្គម​ ដែល​ជា​ការ​បំពាន​លើ​មាត្រា​ ៣០៥ ​មាត្រា​៤៩៤ ​និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​។ ​នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវីការពារក្តីឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ដាក់​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​១៣​ កញ្ញា​។ ​តាម​រយៈ​ពាក្យ​បណ្តឹង​នេះ ​ក្រុម​មេធាវី​បាន​សំណូមពរ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ង​របំផុត ​លើលោ​ក សម​ រង្ស៊ី ​តាម​បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

​គួរ​ជំរាប​ជូន​ថា ​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវីរដ្ឋាភិបាល​កម្ពុជា​នេះ ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អមសាលាដំ​បូងរាជធា​នីភ្នំពេញ ​លោក ​កែវ ​សុធា ​កាល​ពី​ថ្ងៃ​ទី ​១៣​ កញ្ញា​ បាន​ចេញ​ដីកា​ចោទ​ប្រកាន់​លោក ​សម រង្ស៊ី ​ពី​បទ ​«​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​»។​ កា​រ​ចោទ​ប្រកាន់​នោះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មា​ន​ប្រតិកម្ម​ពី​ក្រសួង​ព្រះបរមរាជ​វាំង​ និង​អធិបញ្ជា​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក អង្គ វង្ស វឌ្ឍនា​។​ ក្រៅ​ពី​រង​បណ្តឹង​ទាំង​ពីរ​ខាង​លើនេះ លោក​ សម រង្ស៊ី ក៏​កំពុង​រង​ប្រតិកម្ម​ចម្រុះមក​ពី​ស្ថាប័ន​រដ្ឋ ​រហូត​ដល់គ​ណបក្ស​នយោបាយ​ផង​ដែរ​។

​​គិត​មក​ដល់​រសៀល​ថ្ងៃទី ​១៤ ​កញ្ញា​នេះ ​នៅ​មិន​ទាន់​ឃើញមា​ន​ប្រតិកម្ម​ឆ្លើយតប​ពី​លោក​សម ​រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ​ទេ​។​ ​ប៉ុន្តែ​តាម​រយៈសំណេរ​ក្នុង​ Comment​ មួយ​របស់​លោក ​សម​ រង្ស៊ី ​លោក​បាន​ចោទ​ប្រកាន់​ព្រះបរមរាជវាំង​សព្វថ្ងៃ​នេះ​ថា ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​យ៉ាង​ពិត​ប្រាកដ​។ ​ផ្ទុយ​ពី​នេះ ​លោក​ សម រង្ស៊ី ​បាន​លើក​ឡើង​ពី​គុណតម្លៃ​របស់​លោក​ថា ​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​ករុណា ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ដល់​សកម្មភាព​ស្នេហាជាតិ​របស់​លោក ​ដែល​តែងតែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អំណាច​ផ្តាច់ការ​និង​អំពើពុករលួយ​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​។ ​នេះបើ​តាម​លោក ​សម​ រង្ស៊ី។​

យ៉ាង​ណា​ក៏​ដោយ ​លោកបណ្ឌិត ​គិន​​ ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​មើល​ឃើញ​ថា ​ការ​លើក​ឡើង​របស់​លោក ​សម ​រង្ស៊ី ​គឺ​ជា​ចេតនា​មួយ​ដើម្បី​បន្ថែម​លេស​ ឬ​ហេតុផល​ ដើម្បី​ធ្វើ​ឲ្យ​លោក​មិន​ចូល​ស្រុក​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃទី ​០៩​ វិច្ឆិកា ​ខាងមុខនេះ​តែ​ប៉ុណ្ណោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ