អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ប្រឆាំង​៖ ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​គឺ​ជា​ឱកាស​តែ​មួយ​គត់​នៃ​ការ​ផ្សះ​ផ្សា​ជាតិ​

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ​០៥ ​តុលា ​នេះ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​បាន​ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​ពី​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​ថា ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នោះ ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដ៏​គ្រោះ​ថ្នាក់ ​និង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​។ ​បន្ថែ​ម​លើ​នេះ ​សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា ​មាតុ​ភូមិនិវត្តន៍​របស់​លោក​ សម​ រង្ស៊ី ​និង​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃទី ​០៩​ វិច្ឆិកា​ ខាង​មុខ​នេះ ​គឺ​ជា​ឱកាស​តែ​មួយ​គត់​សម្រាប់​ការ​សន្ទនា ​និង​ការ​ផ្សះផ្សា​ជាតិ​។​ 

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន
លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​មាតុ​ភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃទី ​០៩​ វិច្ឆិកា ​ខាង​មុខ​នេះ ​គឺ​ជា​ចេតនា​ដើម្បី​ធ្វើ​ការ​បះបោរ​ប្រដាប់​អាវុធ​ និង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ខណៈ​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​គ្មាន​អាវុធ​សោះ​នោះ​។​ ​នេះ​គឺ​ជា​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្លាក់​មក​នៅ​ល្ងាច​ថ្ងៃទី ​០៥ ​តុលា​នេះ​។ ​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​កម្រាស់​៣​ទំព័រ​នេះ ​បាន​ចាត់​ទុក​ ​ការ​ចោទ​ប្រកាន់​នេះ​​ថា​ គឺ​ជា​ការ​ចោទ​ប្រកាន់​ដ៏គ្រោះ​ថ្នាក់​ និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ និង​គ្មាន​ការ​ពិត​ របស់​រដ្ឋាភិបាល​កម្ពុជា​។

​គួរ​ជំរាប​ជូន​ថា ​សេចក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ​បាន​ធ្វើ​ឡើង​ក្រោ​យ​ពី​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​០២​ តុលា ​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក ​សម​ រង្ស៊ី និ​ង​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង​៨​រូប​ទៀត ​ពី​បទ​ «​ឧប​ឃាត​»​។​ ​ជា​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ ​«​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​»​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ឧបាយកល​ជា​ «​ផែន​ការ​នៃ​ការ​វិល​ត្រលប់​ម​ក​កម្ពុជា​វិញ​របស់​លោក ​សម​ រង្ស៊ី​» ​ដោយ​មាន​ការ​អំពាវ​នាវ​និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ដើម្បី​ចូល​រួម​អនុវត្ត​ផែន​ការ​នេះ​។ ​នេះ​បើយោ​ង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្ន​កនាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​០៣​ តុលា។​

យ៉ាង​ណាក៏​ដោយ ​តាម​រយៈសេចក្តី​ថ្លែង​ការណ៍​កម្រាស់​៣​ទំព័រ​នៅ​ថ្ងៃ​នេះ ​អតីត​គណបក្ស​ប្រឆាំង​បាន​រំឮក​ថា ​រដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ​ទេ ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​នៅ​ថ្ងៃទី ​០៣ ​កញ្ញា ​ឆ្នាំ ​២០១៧ ​តាម​រយៈការ​ចាប់​ខ្លួ​ន​លោក ​កឹម ​សុខា ​និង​បន្ទាប់​មក​ មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ​ជា​បន្ត​បន្ទាប់ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ​និង​ការ​ដក​តំណែង​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រឆាំង​ ដែល​បាន​មក​ពីការ​បោះ​ឆ្នោត​។​ យ៉ាង​ណាក៏​ដោយ ​ក្រៅ​ពី​ការ​ពន្យល់​បែប​នេះ ​សេចក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ​មាតុ​ភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​គឺ​ជា​ឱកាស​តែ​មួយ​គត់​សម្រាប់​ការ​សន្ទនា ​និង​ការ​ផ្សះ​ផ្សា​ជាតិ ​និង​សម្រាប់​ប្រែ​ក្លាយ​ប្រទេសក​ម្ពុជា ​ទៅ​ជា​ប្រទេស​គំរូ​មួយ​ដែល​មាន​សេរីភាព ​លទ្ធិប្រជាធិបតេយ្យ ​និង​កា​រគោរព​សិទ្ធិ​មនុស្ស​។ ​ហើយ​ថា​ មាតុ​ភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​គឺ​ជា​ឱកាស​មួយ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហ​ភាព​អឺរ៉ុប ​និង​ GSP ​ពី​សហរដ្ឋ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ