អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សួន សេរីរដ្ឋា​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​៣​បទល្មើស ​ចំពោះ​ការ​ប្រមាថ​កងទ័ព​

នៅ​​ទីបំផុត​​ទៅ ​លោក ​សួន សេរី​រដ្ឋា ​ប្រធាន​​គណបក្ស​​អំណាច​​ខ្មែរ ​ត្រូវ​បាន​​តុលាការ​​ក្រុង​ភ្នំពេញ​​សម្រេច​​ចោទ​ប្រកាន់​​ចំនួន​៣​បទល្មើស ​ទាក់ទង​​នឹង​​ការ​ប្រមាថ​​ទៅ​លើ​​កងទ័ព​។ ​ភ្លាមៗ ​បន្ទាប់​ពី​​ការ​ចោទ​ប្រកាន់​​នេះ ​លោក​ សួន សេរី​រដ្ឋា ​ត្រូវ​បាន​​បញ្ជូន​​ខ្លួន​​ទៅ​​កាត់​ទោស​​តែ​ម្តង​។ ​ប៉ុន្តែ ​ដោយ​សារ​​មិន​មាន​​មេធាវី ​តុលាការ​​បាន​សម្រេច​​លើក​​ពេល​​ទៅ​​បើក​​សវន​ការ​​នៅ​​ថ្ងៃទី ​២៤ ​សីហា ​វិញ​។

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សួន សេរី​រដ្ឋា ត្រូវបាន​បញ្ជូន​ខ្លួន​យកទៅ​កាត់ទោសភ្លាមៗ នៅតែ​ប៉ុន្មាន​នាទី ក្រោយ​​ពី​​​ព្រះរាជអាជ្ញារង​​តុលាការក្រុង​ភ្នំពេញ លោក សៀង សុខ បានសម្រេច​ចោទ​ប្រកាន់​​ចំនួន​៣​បទល្មើស នា​ល្ងាច​ថ្ងៃទី ១៤ សីហា។ ប៉ុន្តែ សវនាការ​ដែល​បើក​ធ្វើ​យ៉ាង​តក់ក្រហល់ និង​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​ផង​នេះ ត្រូវបាន​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី ២៤ ខែសីហា ខាងមុខនេះ​វិញ បន្ទាប់ពី​ភាគី​ជនជាប់ចោទ បានស្នើ​សុំ​រក​មេធាវី​ដើម្បី​ការពារ​ក្តី។

ទាក់ទង​ទៅនឹង​ការ​លើកឡើងថា ហេតុអ្វី​ករណី​របស់លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលា​ការលើក​យកទៅ​បើកសវនាការ​កាត់ទោសភ្លាមៗបែបនេះ? ត្រូវបាន លោក លី សុផាន់​ណា អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ អះអាងថា ករណី​របស់លោក សួន សេរី​រដ្ឋា គឺជា​បទល្មើស​ជាក់ស្តែង ហើយ​ជា​សំណុំរឿង​ដែល​បាន​បំពេញ​លក្ខខណ្ឌ​នៃ​នីតិវិធី​បង្ហាញខ្លួន​ភ្លាម តាម​បញ្ញត្តិ​មាត្រា ៤៧ និង​មាត្រា ៤៨ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា។

 

លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ មាន​អាយុ៤៣ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី ១៣ សីហា ខណៈដែល​លោក​កំពុងធ្វើដំណើរ​វិល​ត្រលប់​មកពី​ខេត្តកំពង់ចាម​ចូលមក​កាន់​ទីក្រុង​ភ្នំពេញ​។ ការចាប់ខ្លួនភ្លាមៗនេះ គឺ​បន្ទាប់​ពី​​លោក​ សួន សេរី​រដ្ឋា ត្រូវបាន​ក្រុម​មេ​យោធា​កម្ពុជា​ចោទប្រកាន់ថា បាន​បង្ហោះ​សារ​ប្រមាថ​មកលើ​មេ​យោធា​កម្ពុជា ថា ជា​ចោរ។ បន្ទាប់ពី​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅ​ស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​អស់​មួយ​យប់ លោក សួន សេរី​រដ្ឋា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​​តុលាការ​ក្រុងភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៤ សីហា ហើយ​ត្រូវបាន​ព្រះរាជអាជ្ញារង​អម​តុលាការក្រុង​ភ្នំពេញ លោក សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន៣បទល្មើស។ ទី១. គឺ​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ តាម​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ទី២.បទល្មើស​ធ្វើ​ឲ្យ​ខួច​ទឹកចិត្ត​កងទ័ព តាម​មាត្រា ៤៧២ និង​ទី៣ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ ក្រៅពី​សំណុំរឿង​ដែល​ធ្វើ​ឲ្យ​យោធា​មាន​កំហឹង និង​បានចេញ​ញត្តិ​ថ្កោលទោស​បន្តកន្ទុយ​គ្នា​នេះ លោក សួន សេរី​រដ្ឋា ក៏​ត្រូវបាន​ចោទប្រកាន់​មួយ​ករណី​ទៀត ទាក់ទង​ទៅនឹង​ការប្រមាថ​ព្រះមហាក្សត្រ។ ទាក់ទង​ករណី​ចុង​ក្រោយនេះ គេ​អាច​នឹង​ឈានទៅ​រំលាយ​គណបក្ស​របស់លោក សួន សេរី​រដ្ឋា ចោល​តែម្តង។ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន​កាលពី​ព្រឹក​មិញ​នេះ។

សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី ១៤ សីហា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​តុលាការ​សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ដើម្បី​រងចាំ​ការកាត់ទោស​នៅ​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ