អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ញឹក ​ប៊ុនឆៃ ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​នា​រសៀល​ថ្ងៃ​នេះ​

លោក ​​ញឹក ប៊ុនឆៃ ​​អតីត​​​​ទី​ប្រឹក្សា​​​​រដ្ឋាភិបាល​​​​មាន​​​​ឋានៈ​​​​ជា​​​​​ឧប​នាយក​​រដ្ឋ​​មន្ត្រី ​​​នឹង​​​​ត្រូវ​​​​បញ្ជូន​​​​ទៅ​​​កាន់​​​តុលាការ​​ក្រុង​​​ភ្នំពេញ​​​នៅ​​​រសៀល​​​ថ្ងៃទី ​​៥ ​​សីហា​​នេះ ​​បន្ទាប់​​ពី​​​បញ្ចប់​​​ការ​​សាកសួរ​​​នៅ​​ឯ​​​ការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កំរិត​ធ្ងន់​​​នៃ​​ស្នងការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​។ ​លោក ​ញឹក ប៊ុនឆៃ ​បច្ចុប្បន្ន​​ជា​​ប្រធាន​​គណបក្ស​​ខ្មែរ​​រួបរួម​​ជាតិ ​ត្រូវ​បាន​​សមត្ថកិច្ច​​ក​ម្ពុ​ជា ​ឃាត់​ខ្លួន​​កាល​ពី​​ថ្ងៃទី ​៣ ​សីហា ​ពី​បទ​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ការ​ផលិត​​គ្រឿង​ញៀន ​នៅ​​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​​ឆ្នាំ ​២០០៧។  

លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួប​រួម​ជាតិ។
លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួប​រួម​ជាតិ។ @RFI
ផ្សាយពាណិជ្ជកម្ម

ករណី​លោក ញឹក ប៊ុនឆៃ អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី នៅ​មិនទាន់​ដឹងថា នឹងត្រូវ​ចោទប្រកាន់​ពីបទ​ល្មើស​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ។ ក៏ប៉ុន្តែ​យោងតាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ៣ សីហា បាន​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ថា បាន​សមគំនិត​ក្នុងការ ផលិត​គ្រឿងញៀន​ខុសច្បាប់ និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៧។ ជា​សំណុំរឿង​ចាស់​តាំងពី១០ឆ្នាំមុន តែ​ទើប​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ សម្រេច​នាំខ្លួន​លោក ញឹក ប៊ុនឆៃ ទៅ​សួរចម្លើយ​នៅថ្ងៃនេះ។

បើ​គ្មាន​ការប្រែប្រួល​ទេ លោក ញឹក ប៊ុនឆៃ នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​នៅ​រសៀល​ថ្ងៃនេះ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នៅឯ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃទី ៣ សីហា មក។ ហើយ​កាលពី​ថ្ងៃទី ៤សីហា លោក ញឹក ប៊ុនឆៃ ក៏​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​គេហដ្ឋាន​របស់លោក ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​ស៊ើបអង្កេត​រក​ភស្តុតាង​បន្ថែម។

គួរ​ជំរាបជូន​ថា លោក ញឹក ប៊ុនឆៃ ត្រូវបាន​គេ​ដឹងថា គឺជា​អតីត​មេទ័ព​ដ៏​ស្មោះត្រង់​របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ នៅពេល​អ្នក​ទាំងពីរ​ស្ថិតនៅក្នុង​ជួរ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី ៥ ទី៦ កក្កដា ឆ្នាំ ១៩៩៧មក លោក ញឹក ប៊ុនឆៃ ត្រូវបាន​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ចោទប្រកាន់ថា បានធ្វើ​បក្ស​ប្រហារ​ដើម្បី​បណ្តេញ​ព្រះអង្គ​ចេញពី​ព្រះប្រធាន​គណបក្ស​កាលពី​ខែ តុលា ឆ្នាំ២០០៦។ ហើយ​នៅ​ខែ មករា ឆ្នាំ២០១៥ លោក ញឹក ប៊ុនឆៃ បានសម្រេច​យាង​សម្តេចក្រុមព្រះ ឲ្យ​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ។ ប៉ុន្តែ​ជម្លោះ​បុគ្គល​មិនអាច​ផ្សះផ្សារ​បាន លោក ញឹក ប៊ុនឆៃ បានសម្រេច​ដើរចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ដោយ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ មកទល់នឹង​ការចាប់ខ្លួន​នេះ។

មុន​ការចាប់ខ្លួន​នេះដែរ លោក ញឹក ប៊ុនឆៃ ក៏ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លេច​ធ្លាយ​ដំណឹង​ថា លោក​ចង់​បង្កើត​សម្ព័ន្ធភាព ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ