អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ជួង ជូងី​៖ ​១០០​​%​​កូន​​ក្តី​របស់​លោក​នឹង​មិន​អាច​អនុវត្តន៍​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃនេះ​បាន​ទេ​

តុលាការក្រុង​ភ្នំពេញនៅ​រសៀល​ថ្ងៃទី ១០ សីហា​នេះបាន​កាត់ទោស​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​វ័យក្មេង ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល១៨ខែ និង​ពិន័យ​ជា​ប្រា​ក់ជាង ៨០៨ លាន​រៀល ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម។ លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​នេះ។ ចំណែកឯ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ បាន​ហៅ​ការកាត់ទោស​នេះ​ថា វា​ធ្ងន់ធ្ងរ​ពេក​ហើយ​សម្រាប់​កូនក្តី​របស់ខ្លួន ហើយ​ថា ១០០ភាគរយ​និង​មិនអាច​អនុវត្ត​បានទេ។ 

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧
អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ @RFI
ផ្សាយពាណិជ្ជកម្ម

តុលាការក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី១០ខែសីហា​នេះ បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​លោក គឹម សុខ រយៈពេល១៨ខែ និង​ពិន័យ​ជា​ប្រាក់៨០៨លាន​រៀល។ ក្នុងនោះ តុលាការ​បាន​បង្គាប់​ឲ្យ​លោក គឹម សុខ បង់៨លាន​រៀល​ចូល​ថវិការដ្ឋ និង៨០០លាន​រៀល​ទៀត គឺ​សម្រាប់​សងជំងឺចិត្ត​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​លោក គឹម សុខ អះអាងថា ១០០ភាគរយ កូនក្តី​របស់លោក នឹងមិន​អាចអនុវត្ត​បានទេ។

 

គួរ​ជំរាបជូន​ថា លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ​វ័យក្មេង ដែល​ទើបតែ​លេចមុខ​មិនបាន​ប៉ុន្មាន​ផង​នោះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចាប់ឃុំខ្លួន កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម តាម​មាត្រា ៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ ការឈាន​ទៅដល់​ការប្តឹង​ចាប់ខ្លួន​លោក គឹម សុខ នេះ គឺ​បន្ទាប់ពី​អ្នក វិភាគ​នយោបាយ​មិន​សំចៃមាត់​រូបនេះ បាន​ថ្លែង​ដោយ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​គណបក្ស​ប្រជាជន​កម្ពុជា​ថា ស្ថិតនៅ​ពីក្រោយ​ខ្នង នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី កាលពី​ថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦។ ប៉ុន្តែ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី និង​មេធាវី​បាន​ច្រានចោល ហើយ​សម្រេច​ដាក់ពាក្យ​ប្តឹង​លោក គឹម សុខ ដើម្បី​ទាមទារ​ភាព​ស្អាតស្អំ និង​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក (៥០ម៉ឺន​ដុល្លារ​អាមេរិក) ពីលោក គឹម សុខ។

លោក គឹម សុខ ដែល​ត្រូវបាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អង្គចៅក្រម​នៅថ្ងៃនេះ​បាន​បន្ត​រិះគន់ និង​វាយប្រហារ​ដោយ​មិន​សំចៃមាត់ ទៅលើ​រដ្ឋាភិបាល​កម្ពុជា​និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ចៅក្រម​នៃ​តុលាការ​ក្រុងភ្នំពេញ​ផងដែរ។ ហើយ​ជា​អ្វីដែល​លោក គី តិច មេធាវី​តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា គឺ​សុទ្ធសឹងតែ​ជា​បទល្មើស។ យ៉ាងណា​ក៏ លោក គី តិច មេធាវី​តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ទទួលយក​សាលក្រម​នេះ ហើយ​បាន​ថ្លែង​បន្ថែមថា វា​ជា​សេចក្តីសម្រេច​ប្រកបដោយ​ភាពយុត្តិធម៌​សម្រាប់​កូនក្តី​របស់លោក។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ បានចាត់ទុក​សេចក្តីសម្រេច​នេះ​ថា អយុត្តិធម៌​សម្រាប់​កូនក្តី​របស់លោក។ លោក​មេធាវី យល់ឃើញថា បើទោះបីជា​សាលក្រម​នេះ​ចូល​ជា​ស្ថាពរ​ក្តី ក៏​កូនក្តី​របស់លោក ១០០% នឹងមិន​អាចអនុវត្ត​ន៍​បានទេ។ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ថវិការ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ កូន​ក្តៅ​របស់លោក​ទៅរក​នៅឯណា? យ៉ាងណាក៏ដោយ​លោក​មេធាវី ជូ​ង ជូ​ងី ថា នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់លោក ដើម្បី​ត្រៀម​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​នេះ។

គួរ​ជំរាបជូន​ថា ក្រៅពី​សំណុំ​រឿងនេះ លោក គឹម សុខ នៅ​រង​បណ្តឹង​មួយ​ករណី​ទៀត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ គឺជា​ពាក្យបណ្តឹង ដែល​លោក គឹម សុខ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​សព្វថ្ងៃ​ដែរ​ថា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ