អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

មុន​ជំនួប​ជា​មួយ​នាយករដ្ឋ​មន្ត្រី​៖ ​អ្នក​កាសែត​កម្ពុជា​ស្នើ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​ RFA ​ពីររូប​

នៅមុន​ពេល​ជំនួប​ប្រចាំឆ្នាំ​លើក​ទី០៣ រវាង​អ្នកកាសែត​ក្នុងស្រុក ជាមួយ​នាយករដ្ឋមន្ត្រី នៅ​ល្ងាច​ថ្ងៃទី ១១ មករា​នេះ អ្នកកាសែត​កម្ពុ​ជាមួយ​ក្រុម មកពី​ស្ថាប័នផ្សេងៗគ្នា បាន​សរសេរ​លិខិត​ចំហ​មួយ ដោយ​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ ទម្លាក់​ចោល​​ការ​ចោទប្រកាន់ លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួ​ន ឈិន និង​លោក ​យាង សុធារិន ហៅ យាង សុជា​មេត្តា។ យោងតាម​លិខិត​ចំហ​នេះ ពួកគេ​មាន​ការ​​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​លើ​អ្នកកាសែត​ទាំង​ពីររូប។  

​លោក​អ៊ួន ឈិន (ខាងឆ្វេង) និង លោក​យាង សុធារិន (យាង សុជាមេត្តា) អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA)
​លោក​អ៊ួន ឈិន (ខាងឆ្វេង) និង លោក​យាង សុធារិន (យាង សុជាមេត្តា) អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) @សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាម​លិខិត​ចំហ ដែល​ត្រូវបាន​គេ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម កាលពី​រសៀល​ថ្ងៃទី ១០ មករា ក្រុមអ្នកកាសែត​កម្ពុជា​មួយក្រុម ដែល​មកពី​ស្ថាប័នផ្សេងៗគ្នា បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងស្រុង លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា។

លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន កាលពី​ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ «ប្រគល់អោយ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ដែល​បង្កអោយមាន​ការ​អន្តរាយ​ដល់​ការការ​ពារ​​ជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ កាលពី​ខែ សីហា ឆ្នាំ ២០១៨ អតីត​​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីររូប ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្រោយ​ជាប់ពន្ធនាគារ​ជាង ៩ ខែ ប៉ុន្តែ​ត្រូវដាក់ ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​តាមផ្លូវ​តុលាការ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី តាមរយៈ​លិខិត​ចំហ កាលពី​ថ្ងៃទី ១០ មករា ក្រុមអ្នកកាសែត​កម្ពុជា បានដាក់​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​ប្រឆាំង​អ្នកកាសែត​ខ្មែរ​ទាំងពីរ​រូបនេះ។ លើសពីនេះទៅទៀត ការបន្ត​ដាក់​ពួកគេ​ទាំង​ពីររូប ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បានធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់ ពិបាក​ក្នុង​ការរស់នៅ និង​មិនអាច​បំពេញការងារ​ជា​អ្នកកាសែត​បន្តទៀត​បាន​នោះទេ។ ពួកគេ​មិនអាច​ផ្លាស់ប្តូរ​ទីលំនៅ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ពួកគេ​មិនអាច​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស និង​ត្រូវ​បង្ហាញខ្លួន​ជា​រៀងរាល់ខែ នៅ​ប៉ុស្តិ៍នគរបាល​ថែមទៀត។ លិខិត​ចំហ​នេះ បាន​កត់សំគាល់ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌​មានបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពិតប្រាកដ ជូន​ដល់​ប្រជាពលរដ្ឋ។ ហើយ​​ក្នុង​នោះ អ្នកកាសែត ក៏បាន​ដើរតួនាទី​សំខាន់​ផងដែរ ក្នុង​ការធ្វើ​សេចក្តី​រាយ​ការណ៍ នូវ​អ្វី​ដែលជា​ការពិត​ជូន​ដល់​សាធារណជន​ទូទៅ។

តាមរយៈ​លិខិត​ចំហ​នេះ ក្រុមអ្នកកាសែត​កម្ពុជា​មកពី​ស្ថាប័នផ្សេងៗគ្នា​នេះ យល់ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​ទាំងពីរ​រូបនេះ បាន​បង្ក​ភាពភ័យខ្លាច​ដល់​អ្នក​កា​សែត​​កម្ពុជា​ដទៃទៀត ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​​ធ្លាក់ចុះ។ ពួកគេ​យល់ថា ការចោទប្រកាន់​លើ​អ្នកកាសែត​ទាំង​ពីររូប ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែលនាំអោយ​អន្តរាយ​ដល់​ការការពារ​ជាតិ​នេះ គឺជា​ការចោទប្រកាន់​មួយ​​ដ៏​ធ្ងន់ធ្ងរ។

គួរ​ជំរាបជូន​ថា លិខិត​ចំហ​របស់​ក្រុមអ្នកកាសែត​កម្ពុជា​នេះ បានធ្វើ​ឡើង​នៅមុន​មួយថ្ងៃ​ប៉ុណ្ណោះ នៃ​ជំនួប​ប្រចាំឆ្នាំ​ជា​លើក​ទី ០៣ រវាង​អ្នកកាសែត​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី ១១ មករា នេះ។ មាន​អ្នកកាសែត​ក្នុងស្រុក​ប្រមាណ​ជាង ៤៥០០នាក់ មកពី​ទូទាំងប្រទេស​ចូលរួម​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​លើក​ទី០៣នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ