អានតួអត្ថបទ
កម្ពុជា-សង្គម

បាតុកម្ម​​កម្មករ​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ចុង​ឆ្នាំ​២០១៨​នេះ​

បញ្ហា​​ប្រាក់​​អតីត​ភាព​​ការងារ ​បាន​​ក្លាយ​ជា​​ឆ្នួន​​ផ្ទុះ​​ជា​​បាតុកម្ម ​និង​​កូដកម្ម​​នៅ​តាម​​បណ្តា​​រោង​ចក្រ​​មួយ​ចំនួន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​ជាក់​ស្តែង​​បាតុកម្ម​​នៅ​ក្នុង​​រោង​ចក្រ​​កាត់ដេរ​​មួយ ​នៅ​ក្នុង​​ស្រុក​​បាទី​​ខេត្ត​តាកែវ ​កាល​ពី​​ថ្ងៃ​​សៅ​រិ៍ ​បាន​​ឈាន​ទៅ​ដល់​​បិទ​ផ្លូវ​​ជាតិ​​លេខ​២​អស់​​រយៈពេល​៣​ថ្ងៃ ​ដើម្បី​​ទាមទារ​​ឲ្យ​​ថៅកែរ​​រោងចក្រ ​បើក​ប្រាក់​​អតីត​ភាព​​ការងារ​​ប្រ​ចាំ​ឆ្នាំ​​ដល់​​ពួកគេ​។​ ប៉ុន្តែ​​ក្រសួង​​ការងារ​​បញ្ជាក់​ថា ​ចាប់​ពី​​ឆ្នាំ​២០១៩​តទៅ ​ប្រាក់​​អតីត​ភាព​​ការ​ងារ​​របស់​​កម្មករ​​ដែល​​ប្រើ​​កិច្ច​សន្យា​ការងារ​​មិន​​កំណត់​​ថេរវេលា​​នឹង​​បើក​​ក្នុង​១​ឆ្នាំ​២​ដង​។ 

សកម្មភាព​​កម្មករ​​កាត់ដេរ​​ចូល​រួម​​បាតុកម្ម​​កន្លង​មក​​នៅ​ទី​​ក្រុង​​ភ្នំពេញ​។
សកម្មភាព​​កម្មករ​​កាត់ដេរ​​ចូល​រួម​​បាតុកម្ម​​កន្លង​មក​​នៅ​ទី​​ក្រុង​​ភ្នំពេញ​។ @សហការី
ផ្សាយពាណិជ្ជកម្ម

បា​តុម្ម​កម្ម​របស់​កម្មករ-កម្មការិនី​ជាង២០០០នាក់ នៅ​រោងចក្រ​កាត់ដេរ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​សៅ​រិ៍ បាន​ឈានទៅដល់​ការបិទផ្លូវ​ជាតិ​លេខ២ អស់​រយ:ពេល​បី​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​ថៅ​រោងចក្រ​ដែលជា​ជនជាតិ​ចិន បើកប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​ជូន​ដល់​ពួកគេ។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​អះអាងថា បាតុកម្ម​របស់​ពួកគេ អាច​មានការ​ញុះញង់​នៅ​ពីក្រោយ ដោយសារតែ​ពួកគេ​មិនទាន់​យល់ច្បាស់ ពី​គោលការណ៍​នៃ​ការបើកប្រាក់​អតីតភាព​ការងារ​ដែល​នឹង​ចាប់​អនុវត្តន៍​ពី​ឆ្នាំ២០១៩ខាងមុខនេះ​តទៅ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទទួល​ស្គាល់​ពី​សិទ្ធិ​នៃ​ការធ្វើ​បាតុកម្ម​និង​កូដកម្ម​របស់​កម្មករ​ដែល​មានចែង​នៅក្នុង​ច្បាប់។ ប៉ុន្តែ​ការមិនយល់​អំពី​នីតិវិធី និង​ការ​ញុះញង់​ពី​ជន​ណាមួយ អាចធ្វើ​ឲ្យ​បាតុកម្ម​រីក​កាន់តែ​ធំ ហើយ​ជាការ​ខាតបង់​របស់​ក​ម្មករ​ទៅវិញ​ទេ។ យ៉ាងណាក៏ដោយ បើតាម​អ្នកនាំពាក្យ​រូបនេះ ក្រសួង​នៅតែ​បន្ត​ព្យាយាម​ចុះ​ពន្យល់ និង​ដោះស្រាយ​ជូន​ដល់​ពួកគេ​បន្តទៅទៀត។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​​ថ្ងៃទី​ ២៨ ធ្នូ បញ្ជាក់​ជាថ្មី​ថា ការទូទាត់​ប្រាក់​អតីតភាព​ការងារ​ចាប់ពី​ឆ្នាំ២០១៩ នឹងធ្វើ​ឡើង​១​ឆ្នាំ២ដង។ យោងតាម​សេចក្តីជូនដំណឹង​នោះ​ថា ការកំណត់​ទូទាត់​ប្រាក់​អតីតភាព​ការងារ នឹងត្រូវ​ធ្វើឡើង សម្រាប់​កម្មករនិយោជិត​ណា ដែល​បាននិងកំពុង​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថេរវេលា​មិន​កំណត់ គឺ​នឹង​ទទួលបាន​ការទូទាត់​ប្រាក់​អតីតភាព​ការងារ​នៅ​ខែមិថុនា​ម្តង និង​នៅ​ខែធ្នូ​ម្តងទៀត។ លោក ហេង សួរ បានបញ្ជាក់​បន្ថែមថា ចំណែក​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ នឹងត្រូវ​ទូទាត់​បន្តិចម្តងៗរហូត​ទាល់តែ​អស់។

គួរ​កត់សំគាល់ថា នា​រយៈ​ចុង​ក្រោយនេះ បាតុកម្ម និង​កូដកម្ម​របស់​កម្មករ-កម្មការិនី បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ ដែល​ទំនង​ដោយសារ​ការមិនយល់​ពី​គ្នា​រវាង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ និង​កម្មករ ទាក់ទង​នឹង​ការអនុវត្តន៍​ការបើកប្រាក់​អតីតភាព​ការងារ​ថ្មី​របស់​កម្មករ។ នេះ​បើតាម​ការកត់សំគាល់រ​ប​ស់លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ)។ បើតាម​លោក អាត់ ធន់ យ៉ាងហោចណាស់​មាន​​រោង​ចក្រ​ចំនួន ៣នៅក្នុង​រាជធានី​ភ្នំពេញ និង ១ នៅ​ខេត្តតាកែវ បាន​ផ្ទុះ​ការតវ៉ា​ចំពោះ​បញ្ហា​ប្រាក់​អតីតភាព​ការងារ​នេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​អះអាងថា ក្រសួង​នឹង​ខិតខំ​ដោះស្រាយ និង​ចុះ​ពន្យល់​ដល់ក​ម្មករ​-​កម្មការិនី ​លើ​ករណីនេះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ