អានតួអត្ថបទ
កម្ពុជា

CPP ​ត្រៀម​តែង​តាំង​អតីត​មេឃុំ​-​ចៅ​សង្កាត់​ដែល​ចាញ់​ឆ្នោតមក​​ធ្វើ​​ជា​ទី​ប្រឹក្សា​និង​ជំនួយ​ការ​រដ្ឋាភិបាល​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ទទួល​យក​​អតីត​​មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​របស់ខ្លួន​ដែល​ចាញ់ឆ្នោត មក​ធ្វើជា​ជំនួយ​ការ​​និង​ទីប្រឹក្សា អម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​នានា ដោយ​ផ្អែក​ទៅ​លើ​​ជំនាញ​និង​សមត្ថភាពរៀងៗខ្លួន។ ការតែងតាំង​នឹងធ្វើ​ឡើង​នៅក្រោយ​ការប្រកាស​លទ្ធផល​​បោះឆ្នោត​ជា​ផ្លូវការ​ដោយ គជប នៅពេល​ខាងមុខ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត។ @REUTERSSamrang Pring
ផ្សាយពាណិជ្ជកម្ម

អតីត​មេឃុំ-ចៅសង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាញ់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​​ទី​៤នេះ នឹងត្រូវ​តែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ឬ​ជំនួយការ ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋ​មន្ត្រី ​ ឬ​រដ្ឋមន្ត្រី នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​នានា​ដែលមាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន រហូត​ដល់​​អនុប្រធាន​ការិយាល័យ។ នេះ​បើ​ផ្អែក​តាម​លិខិត​រំលឹក​របស់​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាម​ជា​សេនាធិការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​លោក​លោក​ស្រី​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល​។

ការ​តែងតាំង​នោះ អាច​នឹង​ធ្វើឡើង​នៅក្រោយពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ នៅ​ពេល​​ខាងមុខ​ដ៏​ខ្លី​នេះ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន បានការ​ពារ​ចំណាត់ការ​នេះ​ថា គឺ​ដើម្បី​ជួយ​ដល់​សមាជិក​គណបក្ស​ប្រជាជន​​កម្ពុជា ហើយ​ថា ចំណាត់ការ​នេះ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិការ​ជាតិ​នោះទេ ដ្បិត​លោក​​លោកស្រី​ដែលជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទាំងនោះ មាន​របប​តែងតាំង​ជំនួយការ និង​ទីប្រឹក្សារៀងៗខ្លួន។ លោក សុខ ឥសាន បាន​ហៅ​វិធានការ​នេះ​ថា គឺជា​វប្បធម៌​ជួយ​គ្នា​នៅក្នុង​ជួរ​គណបក្សកាន់អំណាច។

គួរ​ជំរាបជូន​ថា បើ​ផ្អែក​តាម​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់ កាលពី​ថ្ងៃអាទិត្យ បាន​​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​តំណែង​មេឃុំ-ចៅសង្កាត់ ប្រមាណ​ជាង​១១៦០​ឃុំ​-​សង្កាត់​ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​មេឃុំ​ចៅ​-​សង្កាត់​​ជិត៥០០នៅ​ទូទាំងប្រទេស។ ចំនួន​នេះ គណបក្សប្រឆាំង​បាន​កើនឡើង១២ដង បើ​ធៀប​​នឹង​​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ២០១២ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​មេឃុំ-ចៅសង្កាត់​ប្រមាណ​ជាង៤០០ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ២០១២ ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​ដល់​ទៅ៩៣%នៅ​ទូទាំងប្រទេស​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ