អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជន​អតីត​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ខេត្ត​កំពត​ត្រូវ​បាន​ចាប់​ខ្លួន​ ពី​បទប្រឆាំង​សាលដីកា​តុ​លាការ​កំពូល​

សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ស្រុក​ឈូក ​ខេត្តកំពត​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ​១៧ ​សីហា​នេះ ​ពី​បទប្រឆាំង​សាល​ដីកា​របស់​តុលាការ​កំពូល ​និង​ប្រមូល​ផ្តុំ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។​ អ្វី​ជា​ការ​កត់​សំគាល់ ​ការ​ចាប់​ខ្លួន​អនុប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ឈូក​ខេត្តកំពត​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​ដែល​លោក ​សម រង្ស៊ី ​បាន​ប្រកាស​ចូល​ស្រុក​។​ 

លោក ​នុត ពេជ ​អាយុ​៦៣​ឆ្នាំ ​អនុប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​នៅ​ថ្ងៃទី ​១៧ ​សីហា ​ឆ្នាំ ​២០១៩​។​
លោក ​នុត ពេជ ​អាយុ​៦៣​ឆ្នាំ ​អនុប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​នៅ​ថ្ងៃទី ​១៧ ​សីហា ​ឆ្នាំ ​២០១៩​។​ @facebook
ផ្សាយពាណិជ្ជកម្ម

លោក នុត ពេជ អាយុ​៦៣​ឆ្នាំ ​អនុប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ​ខេត្ត​កំពត ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​មិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ ​(​ប្រឆាំង​សាល​ដីកា​របស់​តុលាការ​កំពូល​) ​ប្រមូល​ផ្តុំ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​​។ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃសំណាងលើ ​ឃុំ​ខ្ជាយ​ខាងជើង​ ស្រុក​ដងទង់ ​ខេត្តកំពត ​កាល​ពី​អំឡុង​ខែ​មេសា ​និង​ខែ​ឧសភា ​ឆ្នាំ​២០១៩​។ ​នេះ​បើ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​លោក ​អ៊ី ឃាង​ ចៅ​ក្រ​ម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកំពត ​ចុះថ្ងៃទី ​១៧​ ឧសភា ​ឆ្នាំ ​២០១៩​។ ​

បើ​យោង​តាម​ដីកា​ដដែល​នេះ ​លោក​ នុត​ ពេជ​ បាន​គេច​ខ្លួន​ពី​មូលដ្ឋាន​របស់​ខ្លួន​ ទើប​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំព​ត​លោក ​អ៊ី ឃា​ង​ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួ​ន​នេះ ​ដើម្បី​ធានា​ដល់​ការ​ស៊ើប​អង្កេត​។

​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពត​នេះ ​លោក​​ អ៊ូ ​ចាន់រ័ត្ន​ អតីត​តំណាងរាស្ត្រ​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ​បាន​សំដែង​ការ​ភ្ញាក់​ផ្អើល​។​ បើ​តាម​លោក ​អ៊ូ ចាន់រ័ត្ន ​ដោយ​ផ្អែក​លើ​បទចោទ​ប្រកាន់​ខាង​លើ​នេះ ​លោក ​នុត ​ពេជ​ ទំនង​ជា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​បាន​ប្រកាស​និង​បំផុស​ឲ្យ​មាន​ការ​គាំទ្រ​ការ​វិល​ត្រលប់​របស់​លោក ​សម រង្ស៊ី ដូ​ច​ដែល​អាជ្ញាធរ​កម្ពុជា​ធ្លាប់​បាន​ចោទ​ប្រកាន់ ​និង​កោះ​ហៅ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទៅ​ចោទ​សួរ​នា​ពេល​កន្ល​ង​មក​។ ​បើ​គិត​ទាំង​លោក​ នុត​ ពេជ​ នេះ ​គឺ​ជា​សកម្មជន​នយោបាយ​ទី​១៥​ហើយ​រាប់​ចាប់​តាំង​ពី​ដើម​ឆ្នំា​២០១៩​នេះ ​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​ ​និង​​ចោទ​​ប្រកាន់ ​​បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក ​ម៉ៃ ​ហុងស្រៀង ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​៣០​ កក្កដា ​កន្លង​ទៅ​។ ​

គួរ​ជំរាប​ជូន​ថា ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​«​លោក ​នុត ​ពេជ្រ​ អនុ​ប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ​ខេត្តកំពត​ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន ​នៅ​ព្រឹក​ថ្ងៃសៅរិ៍ ​ទី ​១៧​​ សីហា ​នេះ ​នៅ​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត​។ ​អ្វី​ជាកា​រ​កត់​សំគាល់ ​ការ​ចាប់​ខ្លួន​អនុប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ឈូក​ខេត្តកំព​ត​ម្នាក់​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មួយ​ថ្ងៃ​ដែល​លោក ​សម​ រង្ស៊ី ​បាន​ប្រកាស​ចូល​ស្រុក​វិញ​ នៅ​ថ្ងៃទី ​០៩ ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ