អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​គ្រោង​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៨ ​ពី​ថ្ងៃ​ទី​២១​ដល់​២៣​ខែ​វិច្ឆិកា​ខាង​មុខ​

កម្ពុជា​​នឹង​​រៀបចំ​​ពិធី​បុណ្យ​​អុំទូក ​បណ្តែត​ប្រទីប ​និង​​សំពះ​ព្រះ​​ខែ ​អក​អំបុក ​ក្នុង​​រយៈ​ពេល​៣​ថ្ងៃ ​នៅ​​ទន្លេសាប​​និង​​ទន្លេ​ចតុ​មុខ ​ចាប់​ពី​​ថ្ងៃទី​២១ ​ដល់​​ថ្ងៃទី​២៣​វិច្ឆិកា​​ខាង​មុខ​នេះ​។ ​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​បាន​ចេញ​​សេចក្តី​ជូនដំណឹង​​មួយ ​កាល​ពី​​ថ្ងៃទី ​១៣​ កញ្ញា​ ឲ្យ​​គ្រប់​​រដ្ឋ​បាល​​ខណ្ឌ​​ទាំង​១២ ​ជុំវិញ​​រាជធានី​​ភ្នំពេញ ​និង​​ក្រសួង​​មន្ទីរ​​ពាក់ព័ន្ធ​​ទាំង​អស់ ​ត្រៀម​​ជើង​​ព្រួល ​ដើម្បី​​រៀប​ចំ​​ពិធី​បុណ្យ​​ជាតិ​​ដ៏​​ធំ​​មួយ​​នេះ ​ឲ្យ​​អធិក​អធម​​ក្នុង​​រយៈ​ពេល​៣​ថ្ងៃ​។ 

កីឡាករ​អុំ​ទូក​កម្ពុជា​ ចូល​រួម​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប ​និង​សំពះ​ព្រះខែ ​អក​អំបុក ​កាល​ពី​អំឡុង​ឆ្នាំ ​២០១៥​​។​
កីឡាករ​អុំ​ទូក​កម្ពុជា​ ចូល​រួម​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប ​និង​សំពះ​ព្រះខែ ​អក​អំបុក ​កាល​ពី​អំឡុង​ឆ្នាំ ​២០១៥​​។​ @RFI
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ គ្រប់​រដ្ឋបាល​ខណ្ឌ និង​មន្ទីរ-អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀម​រៀបចំ និង​តុបតែង​លម្អ​នូវ​ទង់ជាតិ ទង់សាសនា ទង់​ក្អែប បដា​ពាក្យស្លោក និង​បំភ្លឺ​ភ្លើងពណ៌ប្លែកៗ នៅតាម​មន្ទីរ​-​អង្គភាព សាលារៀន រោងចក្រ​-​សហគ្រាស និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឲ្យ​អធិកអធម​ក្នុង​រយៈពេល៣ថ្ងៃ។ រយៈពេល៣ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ ១៤​-​១៥កើត និង១រោច ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃទី ២១​-​២៣ ខែវិច្ឆិកា នៅតាម​ដង​ទន្លេសាប និង​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង។ មិនតែប៉ុណ្ណោះ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការណែនាំ​ដល់​មូលដ្ឋាន​ដែលមាន​ទូក ង និង​ទូក​មួង ដែលជា​ប្រភេទ​ទូក​អុំ និង​ទូក​ចែវ ត្រូវធ្វើ​ការហ្វឹកហាត់​សាកល្បង​ឲ្យ​ហើយ ដើម្បី​ចូលរួម​ប្រណាំងប្រជែង នៅក្នុង​ពិធីបុណ្យ​រយៈពេល៣ថ្ងៃនេះ។ នេះ​បើ​យោងតាម​សេច​ក្តីណែ​នាំ​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​​ប្រទីប ​និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០១៨នេះ។

សេចក្តីណែនាំ​ចុះ​ថ្ងៃទី ១៣ កញ្ញា ក៏បាន​បង្គាប់​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​កម្មវិធី​សិល្បៈ​សម្តែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​រយៈពេល​៣​ថ្ងៃ នៅតាម​សួនច្បារ​សាធារណៈ​នានា តាម​កម្មវិធី​កំណត់​ជាក់ស្តែង។ បន្ថែម​លើ​នេះ មន្ទីរ​ព័ត៌មាន​​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​វិទ្យុ និង​ទូរទស្សន៍ ចុះ​យក​ព័ត៌មាន និង​ផ្សព្វ​ផ្សាយ​ជូន​ប្រជាពលរដ្ឋ។ ចំណែកឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កង​កម្លាំង​​ទាំងអស់ រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ចរាចរណ៍ ​នៅមុន និង​ក្រោយពេល​ពិធីបុណ្យ​អុំទូក​ក្នុង​រយៈពេល៣ថ្ងៃនោះ។

គួរ​ជំរាបជូន​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺជា​បុណ្យប្រពៃណី​ជាតិខ្មែរ ដែល​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​យូរលង់​ណាស់​មកហើយ។ ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ២០១០មក ឆ្នាំ​ដែលមាន​សោកនាដកម្ម​មនុស្ស​រត់​ជាន់គ្នា​ស្លាប់​ជាង៣០០នាក់​នៅ​ស្ពាន​កោះ​ពេជ្រ កាល​ពី​​ថ្ងៃទី​២២ ខែវិច្ឆិកា​មក កម្ពុជា​បាន​ខកខាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចំនួន៣លើក គឺ​នៅ​​ឆ្នាំ​២០១១ ​ឆ្នាំ​២០១២ ​និង​​ឆ្នាំ​២០១៣ ​ក្រោម​មូលហេតុផ្សេងៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ