អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​​សម ​រង្ស៊ី​​​ចំអក​ឲ្យ​តុលាការ​កម្ពុជា​ថា​​ ​កាត់​​ទោស​​លោក​​កាន់​តែ​ច្រើន ​កាន់​តែ​ធ្វើ​ឲ្យ​លោក​ល្បី​

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​ឆ្លើយ​តប​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញថា​ ​ការ​កាត់​ទោស​លោក​កាន់​តែ​ច្រើន​ដង​ កាន់​តែ​ធ្វើ​ឲ្យ​លោក​ល្បី​ហើយ​ទទួល​ពាន​រង្វាន់​សេរីភាព​ និង​ប្រជាធិបតេយ្យ​កាន់​តែ​ច្រើន​ ពី​ស្ថាប័ន​នៃ​ប្រទេស​សេរី ​ដែល​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ ​នៅលើ​ពិភព​លោក​។ ​ការ​ឆ្លើយ​តប​នេះ ​គឺ​បន្ទាប់​ពី​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ ​បាន​សម្រេច​ចោទ​ប្រកាន់​លោក ​សម រង្ស៊ី ​និង​មនុស្ស​ចំនួន​០៨​នាក់​ទៀត​ ពី​បទ ​«​ឧប​ឃាត​» ​ជា​បទ​ចោទ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​១៥​ដល់​៣០​ឆ្នាំ​។ 

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ពេល​ទទួល​ពាន​រង្វាន់​សេរីភាព​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​កន្លង​មក​។​​
លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ពេល​ទទួល​ពាន​រង្វាន់​សេរីភាព​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​កន្លង​មក​។​​ @facebook
ផ្សាយពាណិជ្ជកម្ម

«​ញុំ​(ខ្ញុំ)​ចង់​ប្រាប់​ទៅ ​ចៅក្រម​អាយ៉ង ​និង​តុលាការ​ឆ្កួត ​នៅ​ប្រទេស​កម្ពុជា​ថា ​ការ​កោះ​ហៅ​​ សម​ រង្ស៊ី ​និង​ការ​ផ្តន្ទាទោស ​សម ​រង្ស៊ី ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ​»​។ ​នេះ​គឺ​ជា​ប្រតិកម្ម​របស់​លោក​ សម ​រង្ស៊ី អ​តីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​។ ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ​២៦​ កញ្ញា​ ទើ​ប​តែ​បាន​សម្រេច​ចោទ​ប្រកាន់​លោក ​សម រង្ស៊ី ​និង​មនុស្ស​ចំនួន​០៨​នាក់​ទៀត​ ដែល​គេដឹ​ង​ថា ​សុទ្ធ​សឹង​ជា​មេដឹក​នាំ​កំពូល​នៃ​អតីត​គណបក្ស​ប្រឆាំង​ពី​បទ​ «​ឧបឃាត​» ​ដែល​អាច​ជាប់​ពន្ធនាគារ​ចាប់​ពី​១៥​ ទៅ ​៣០​ឆ្នាំ​។

ប៉ុន្តែ​លោក ​សម ​រង្ស៊ី ដែ​ល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​គណនីយ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ថ្ងៃទី ​២៧​ កញ្ញា​ថា ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​លោក​កាន់​តែ​ច្រើន​ដង ​គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​ល្បី ​ហើយ​ទទួល​បាន​ពាន​រង្វាន់​សេរីភាព​ និង​ប្រជាធិបតេយ្យ ​កាន់​តែ​ច្រើន​ ពី​ស្ថាប័ន​ប្រទេស​សេរី​ ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​លើ​ទូទាំង​ពិភព​លោក​។ ​ពាន​រង្វាន់​ ប្រជាធិបតេយ្យ និ​ង ​សេរី​ភាព​ ដែល​លោក​ សម រង្ស៊ី ​បាន​ទទួល​នោះ​រួម​មាន​ Passport​ for​ Freedom ​ពី​សភា​ស​ហភាព​អឺរ៉ុប​នៅ​ឆ្នាំ​២០០១​, ​Heritage​ Freedom​ Award​ ពី​មូលនិធិ​ Heritage​ Foundation​ សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០០២​ក្នុង​ការ​ទទួល​ស្គាល់​ថា ​លោក​ សម​ រង្ស៊ី ​មាន​ភាព​ក្លាយ​ហាន​ក្នុង​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​សេរីភាព​សម្រាប់​ប្រជា​ជន​កម្ពុជា​,​​ ពាន​រង្វាន់ ​Prize​ for​ Freedom​ ពី​អង្គការ​សេរី​និយ​ម​អន្តរជាតិ​នៅ​ឆ្នាំ​២​០០៦​ រួម​ជា​មួយ​នឹង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ​ដែល​សរុប​ទៅ​មាន​ចំនួន​ដល់​ទៅ ​៨ ​ដែល​លោក ​សម ​រង្ស៊ី ​បា​ន​ទទួល ​ជា​ពិសេស​ពី​អង្គការ​និង​ស្ថាប័ន​នៅ​សហរដ្ឋ​អាមេរិក​ ​អង់គ្លេស ​ប្រទេស​អេស្បាញ ​និង​កូរ៉េខាងត្បូង​ជា​ដើម​។

​​លោក ​គឹម ​សន្តិភាព​ រដ្ឋលេខាធិការ​និង​ជា​អ្ន​ក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក ​សម​ រង្ស៊ី ​នេះ​ទេ​។​ ប៉ុន្តែ​លោក​បាន​ចំអក​ឲ្យ​លោក ​សម ​រង្ស៊ី វិញ​ថា ​ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​ប្រព្រឹត្តប​ទ​ល្មើស ​ហើយ​ទទួល​បាន​ពាន​រង្វាន់​នោះ ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ សម​ រង្ស៊ី ​មិន​ញញើត​ក្នុង​ការ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​បន្ត​ទៀត​ដូច្នោះ​ដែរ​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​​ថា​ ​ច្បាប់​​នឹង​អនុវត្ត​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ខុស​។ ​នេះបើ​តាម​លោក ​គឹម ​សន្តិភាព​។

​​គួរ​ជំរាប​ជូន​ថា ​គិត​មក​ទល់​នឹង​ពេល​នេះ មា​ន​សំណុំ​រឿង​មិន​តិច​ជាង​១០​នោះទេ​ ដែល​កំពុង​ប្រឆាំង​និង​លោក ​សម រង្ស៊ី ​ដែល​ភាគ​ច្រើន​ប្តឹង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​។ ​ចុង​ក្រោយ​នេះ ​លោក​ សម ​រង្ស៊ី ​និង​ថ្នាក់​ដឹក​នាំអ​តីត​គណបក្ស​ប្រឆាំង​ចំនួន​០៨​រូប​ផ្សេង​ទៀត ​ត្រូវ​បាន​អយ្យការ​អ​ម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច​ចោទ​ប្រកាន់​ពី​បទ ​«​ឧប​ឃាត​» ​ជា​បទ​ចោទ ​ពាក់​ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ឧបាយ​កល​ ជា​ផែន​ការ​នៃការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​របស់​លោក ​សម រង្ស៊ី ​ដោយ​មាន​ការ​អំពាវ​នាវ ​និង​ប្រើ​ប្រាស់​ថវិការ​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុស​ច្បាប់ ​ដើម្បី​ចូល​រួម​អនុវត្ត​ផែន​ការ​នេះ។​ ក្នុង​នោះ ​រួម​មាន ​លោក​ សម រង្ស៊ី ​លោក​ អេង ឆៃអ៊ាង​ លោក​ស្រី ​មួរ​ សុខហួរ ​លោក​ អ៊ូ ច័ន្ទឬទ្ធិ​ លោក​ ហួ វ៉ាន់​ លោក​ ឡុង រី ​លោក​ ម៉ែន ​សុថាវរិន្ទ្រ ​លោក​ស្រី​ ជូឡុង ​សូមួរ៉ា ​និង​លោក ​នុត ​រំដួល​ ជា​ដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ