rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ក្រសួង​ដែនដី ហាម​មិន​ឲ្យ​កម្មករ​ស្នាក់​នៅ ក្នុង​សំណង់​ដែល​កំពុង​សាង​សង់​

media
ក្រសួងដែនដី នគរូបនីយកម្ម @ក្រសួងដែនដី នគររូបនីយកម្ម

ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​សេចក្តី​ប្រកាស​ ណែនាំ​ដល់​ក្រុម​ហ៊ុន ប្រកប​អាជីវកម្ម​សាងសង់ និង​អ្នក​ម៉ៅការ​សំណង់ទាំងអស់ ត្រូវតែ​ផ្តល់​ជម្រក​ដល់​កម្មករស្នាក់​នៅ ដោយ​មិន​ត្រូវ​ឲ្យ​កម្មករ​ស្នាក់នៅក្នុង​អាគារ​ដែលកំពុង​សាងសង់នោះឡើយ។ ការប្រកាសរបស់​ក្រសួងនេះ បាន​ធ្វើឡើងបន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​ស្តីពី «ការងារ​សិក្សា​គម្រោង​ប្លង់ និងសាងសង់» ជាមួយ​ក្រុម​ហ៊ុន​ពាក់ព័ន្ធនឹងការ​សាង់សង់ជាច្រើន នៅថ្ងៃទី ៤ខែកក្កដាម្សិលមិញ។ 


«ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និងក្រុម​ជាងសំណង់ ត្រូវ​បំពេញ​កាតព្វកិច្ច និង​លក្ខខណ្ឌចម្បងៗដូចជា ត្រូវមាន​ការិយាល័យ​ការងារ ឃ្លាំង​ផ្ទុក​សម្ភារៈ ជម្រក​កម្មករ គ្រឿងចក្រ សកម្មភាព​សាងសង់ ត្រូវ​រៀបចំ​ និង​ប្រព្រឹត្តិ​ទៅក្នុង​របងហ៊ុម​ព័ន្ធនៃការដ្ឋាន ឬ ការដ្ឋាន​រណប ឬ ទីកន្លែង​ដែល​ធានាបាន​សណ្តាប់ធ្នាប់ និងសន្តិសុខ​សាធារណៈ ដោយ​មិនត្រូវ​ឲ្យ​ស្នាក់នៅ​ក្នុងអាគារ​ដែលកំពុង​សាងសង់ឡើយ»។​ នេះគឺជាចំនុច​មួយ​ ក្នុង​ចំណោម​ចំនុច​ជាច្រើន នៃសេចក្តីប្រកាស​របស់​ក្រសួង​រៀបចំដែន​ដី ចុះ​ថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០១៩។

ជុំវិញ​ចំណាត់​ការនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន បាន​ស្វាគមន៍ ប៉ុន្តែលោក​ក៏បានបង្ហាញ​ការ​ព្រួយបារម្ភមួយចំនួន ចំពោះ​ការ​ចំណាយ​របស់​កម្ម​ករ។ តាម​លោក សុខ គីន ប្រសិនបើ​មិន​ឲ្យ​កម្មករ​ស្នាក់នៅក្នុងការដ្ឋាន​សំណង់ នោះពួកគេ​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃស្នាក់នៅខាងក្រៅ ឬឆ្ងាយពីការដ្ឋាន ដែលបញ្ហានេះ​កាន់តែក្លាយជាបន្ទុករបស់កម្មករ។ ដោយឡែកចំពោះក្រុមហ៊ុន​វិញ ពួកគេ​ក៏នឹងអាចបាត់​បង់​គុណភាព​សំណង់​ដែរ ដោយ​សារ​កម្មករ​មិនអាច​នៅមើល​ថែបាន​ដិតដល់​ក្នុងការដ្ឋានសាងសង់។

លោក​សុខ គីន គិត​ថាប្រសិនបើ​អាជ្ញាធរ គ្រាន់តែចាត់​វិធានការ​ផ្លូវច្បាប់​ឲ្យបាន​តឹងរ៉ឹង លើ​ការ​សាងសង់​របស់​ក្រុមហ៊ុន​នីមួយៗ គឺកម្មករ​ នឹង​ទទួលបាន​សុវត្ថិភាពហើយ។ លោក​ប្រធានសហព័ន្ធសហជីពកម្មករសំណង់រូបនេះ ក៏​សង្ឃឹម​ដែរថា រដ្ឋាភិបាល នឹង​ចាត់​វិធានការ​លើ​បញ្ហា​សំណង់​ក្នុងប្រទេសកម្ពុជា ឲ្យ​មាន​ប្រសិទ្ធិភាពពិតប្រាកដ​ ដោយ​មិន​មែន​ជាវិធានការ​មួយឆាវៗ ដែល​កើតចេញ​ក្រោយ​មាន​ផ្ទុះហេតុការណ៍គ្រោះថ្នាក់​ណាមួយនោះឡើយ។

ជាការ​កត់សម្គាល់ វិធានការ​របស់​រដ្ឋាភិបាល បាន​លេចឡើង​ក្រោយ​មានករណីបាក់រលំអាគារកម្ពស់ ៧​ជាន់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ខែមិថុនា កន្លងទៅ ដែល​បាន​សម្លាប់​​កម្មករចំនួន ២៨​នាក់ និង២៦នាក់ទៀត ​រង​របួស។

យោង​តាម​របាយការណ៍ក្រសួងដែនដី ចាប់ពីឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៩នេះ ការវិនិយោគ​លើ​សំណង់​អគារ ក្នុងប្រទេសកម្ពុជា មាន​ចំនួន ៤៥ ២៦៥គម្រោង ដោយ​ក្នុងនោះ​មានអគារកម្ពស់លើសពី ៥ជាន់ ចំនួនជាង ១៤០០អគារ និង​មាន​បុរីចំនួន ២៥៨ទីតាំង។ គម្រោង​ទាក់ទងនឹងសំណង់នេះ បាន​ធ្វើឲ្យ​ទុនវិនិយោគមានជាង ៤៤ពាន់លាន​ដុល្លារ ហើយ​បើ​គិតតែឆ្នាំ ២០១៨ ទុន​វិនិយោគ មានចំនួនជាង ៥ពាន់​លានដុល្លារ ដែ​ល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ ចំនួនជាង ២០ម៉ឺននាក់៕