អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប៉ូលីស​នៅ​ភ្នំពេញ​ជាង​ពាក់​កណ្តាល​នឹង​ដាក់​ពង្រាយ​នៅ​ជុំវិញ​តុលាការ​កំពូល ដើម្បី​រារាំង​ការ​រំខាន​តុលាការ​រំលាយ​បក្ស​ប្រឆាំង

នៅ​ថ្ងៃ​ស្អែក​នេះ ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ចំពោះ​បញ្ហា​សន្តិសុខ អាជ្ញាធរ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា កង​កម្លាំង​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​រំខាន​ដល់​តុលាការ​ក្នុង​ការ​កាត់​ក្តី​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

លោក គៀត ច័ន្ទថារិទ្ធ​​ អគ្គស្នងការរងនគរបាលជាតិ
លោក គៀត ច័ន្ទថារិទ្ធ​​ អគ្គស្នងការរងនគរបាលជាតិ @នគរបាល
ផ្សាយពាណិជ្ជកម្ម

លោក​គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​គូស​បញ្ជាក់​ថា កង​កម្លាំង​របស់​អគ្គ​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ​ជាង​៥០​ភាគ​រយ​តែ​ម្តង​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ជុំវិញ​តុលាការ​កំពូល។ ទោះ​ជា​បែប​នេះ​ក្តី​ លោក​គៀត ច័ន្ទថារិទ្ធ មិន​ព្រម​បង្ហាញ​ឲ្យ​ដឹង​ជា​តួ​លេខ​ទេ​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ។ ក្រៅ​ពី​ដាក់​ពង្រាយ​នៅ​ជុំវិញ​តុលាការ​កំពូល អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កង​កម្លាំង​ជាង​៥​ម៉ឺន​នាក់​នៅ​គ្រប់​អង្គភាព​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូលផ្តុំ​នៅ​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​ទប់​ស្កាត់​បាតុកម្ម​ណា​មួយ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ។

ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​វិច្ឆិកា គឺ​ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​ត្រូវ​កំណត់​ជោគ​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​ថា​តើ​ត្រូវ​រស់​បន្ត​ឫ​ក៏​ត្រូវ​បាត់​ខ្លួន​ពី​ឆាក​នយោបាយ​កម្ពុជា។ គណបក្ស​ប្រឆាំង​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្តឹង​សុំ​រំលាយ​ចោល​ដោយ​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ផែនការ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​៥​ឆ្នាំ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប​ថែម​ទៀត។

គណបក្ស​សង្រ្គោះ​ជាតិ​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ពឹង​ពាក់​ក្រុម​មេធាវី​ដើម្បី​ចូល​ទៅ​ត​តាំង​ក្តី​នៅ​តុលាការ​កំពូល​ឡើយ។ បើ​តាម​លោក​មេធាវី សំ សុគង់ នេះ​គឺ​ដោយ​សារ​តែ​គណបក្ស​សង្រ្គោះ​ជាតិ​យល់​ថា រឿង​នេះ​ជា​រឿង​នយោបាយ​មិន​មែន​រឿង​ផ្លូវ​ច្បាប់​នោះ​ទេ ដូច្នេះ​ទុក​ឲ្យ​មាន​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ។

បើ​ទោះ​បី​បក្ស​ប្រឆាំង​មិន​ព្រម​ត​តាំង​ក្តី​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែលោក​ស្រី មួរ សុខហួរ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ។ ជា​ការ​ប្រមូល​ផ្តុំ ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ប្រឆាំង​នីតិវិធី​របស់​តុលាការ​កំពូល​។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​គៀត ច័ន្ទថារិទ្ធ បាន​អំពាវនាវ​តប​ទៅ​វិញ​កុំ​ឲ្យ​ពលរដ្ឋ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ។ លោក​គៀត ច័ន្ទថារិទ្ធ ព្រមាន​ថា ការ​ប្រមូល​ផ្តុំ​គ្នា​ដាក់​សំពាធ​ដល់​តុលាការ​គឺ​ជា​រឿង​ខុស​ច្បាប់​ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ