អានតួអត្ថបទ
កម្ពុជា

កូន​ស្រី​លោក​កឹម សុខា​ស្នើ​អូស្រ្តាលី​កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខ្មែរ​ថ្មី​និង​ស្នើ​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា

កូន​ស្រី​ច្បង​លោក​កឹម សុខា គឺ​កញ្ញា​កឹម មនោវិទ្យា បាន​ទៅ​កាន់​ប្រទេស​អូស្រ្តាលី ដើម្បី​ស្វែង​រក​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ប្រទេស​នេះ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ទៅ​ដល់​ទឹក​ដី​អូស្រ្តាលី​តាំង​ពី​សប្តាហ៍​មុន កញ្ញា​កឹម មនោវិទ្យា បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ក្រុម​សមាជិក​សភា​អូស្រ្តាលី និង​ធ្វើ​បទ​បង្ហាញ​នៅ​វិទ្យាស្ថាន​ស៊ីដនី អំពី​ស្ថានភាព​បោះ​ឆ្នោត​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ កញ្ញា​កឹម មនោវិទ្យា​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី​នៅ​ថ្ងៃ​ទី​១៥ សីហា​ខាង​មុខ​នេះ​ថែម​ទៀត។

កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក​កឹម សុខា
កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក​កឹម សុខា @សហការី
ផ្សាយពាណិជ្ជកម្ម

“មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន” ទាំង​អស់​នេះ គឺ​ជា​គោល​បំណង​សំខាន់​បំផុត​របស់​កញ្ញា​កឹម មនោវិទ្យា និង​លោក​ស្រី​មួរ សុខហួរ មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នា​ពេល​នេះ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កញ្ញា​កឹម មនោវិទ្យា បាន​អះអាង​ថា កញ្ញា​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រួច​រាល់​ហើយ ដើម្បី​ដាក់​ជូន​រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី គឺ​លោក​ស្រី Julie Bishop នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា។ ជា​ថ្ងៃ​ដែល​កញ្ញា​នឹង​ជួប​ផ្ទាល់​ជាមួយ​លោក​ស្រី Julie Bishop ដើម្បី​បក​ស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ចាត់​វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជា ជា​ពិសេស​គឺ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា។

នៅ​កម្ពុជា រដ្ឋាភិបាល​ថ្មី​គ្រោង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៦​កញ្ញា ខណៈ​ការ​ប្រជុំ​គណៈរដ្ឋមន្រ្តី​ដំបូង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ខាង​មុខ​នេះ បន្ទាប់​ពី​រដ្ឋសភា​បើក​កិច្ច​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បែប​ប្រញាប់​ប្រញាល់​ដូច្នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​អះអាង​ថា ដើម្បី​អាច​សម្រូល​ឲ្យ​លោក​បាន​ទៅ​ចូល​រួម​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។

សម្រាប់​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ទោះ​បី​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង​ពេល​ណា​ក៏​ដោយ ក៏​នៅ​តែ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ ខុស​ច្បាប់ ដោយ​សារ​វា​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​ហៅ​ថា​​ជា “ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ”។ កញ្ញា​កឹម មនោវិទ្យា បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​អូស្រ្តាលី​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ ហើយ​នឹង​ចាត់​វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​កញ្ញា។ បើ​តាម​កញ្ញា​កឹម មនោវិទ្យា គឺ​កញ្ញា​មាន​ភស្តុតាង និង​អំណេះ​អំណាង​គ្រប់​គ្រាន់ ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ចាត់​វិធានការ​មក​លើ​រដ្ឋាភិបាល​ខ្មែរ។

សូម​បញ្ជាក់​ថា អូស្ត្រាលី គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែល​បាន​រិះគន់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា។ អូស្រ្តាលី បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​នេះ តែ​ជាមួយ​គ្នា​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​មាន​ការ​ចរចា​ខាង​នយោបាយ​ផង​ដែរ។ បើ​ទោះ​បី​អូស្រ្តាលី និង ប្រទេស​លោក​សេរី​ខ្លះ​មិន​ពេញ​ចិត្ត ប៉ុន្តែ​ប្រទេស​លោក​កុំមុយនីស្ត​ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ប្រកាស​គាំទ្រ​នូវ​ការ​បោះ​ឆ្នោត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ