អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​សុខា​ភិបាល​ព្យាករ​ថា ឆ្នាំ​២០១៩ ជម្ងឺ​គ្រុន​ឈាម​អាច​កើត​ឡើង​ដល់​៥ម៉ឺន​ករណី​

មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុន​ចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ បាណក​សាស្ត្រ បាន​ព្យាករណ៍​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ជម្ងឺ​គ្រុន​ឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​កើត​ឡើង​ជាង​៥ម៉ឺន​ករណី​។ សូម​ជម្រាប​ថា គិត​ត្រឹម​ខែ​មិថុនា​នេះ ករណី​ជម្ងឺ​គ្រុន​ឈាម​នៅ​កម្ពុជា បាន​កើត​ឡើង​ប្រមាណ​ជា១ម៉ឺន​ករណី​ហើយ​ ក្នុង​នោះ​អ្នក​ជម្ងឺ​២៤នាក់​បាន​ស្លាប់​។ ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​បាន​អះអាង​ថា ស្ថាន​ភាព​នៃ​ជម្ងឺគ្រុន​ឈាម​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​អាច​គ្រប់​គ្រង​បាន។ 

មូសខ្លា ជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម
មូសខ្លា ជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម @Internet
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ខែ​មិថុនា​នេះ ជម្ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ប្រមាណ​ជាង​១ម៉ឺន​ករណី ក្នុង​នោះ អ្នក​ជម្ងឺ​២៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​។ ចំនួន​នេះ បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​អ្នក​ស្លាប់​៧នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចំនួន​នេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ​។ ការ​ព្យាករណ៍​របស់​ក្រសួង​សុខា​ភិបាល​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ជម្ងឺ​គ្រុន​ឈាម​អាច​នឹង​កើត​ឡើង​ដល់​ជាង​៥ម៉ឺន​ករណី ដោយ​សារ​តែ​ឆ្នាំ​នេះ គឺ​ជា​វដ្ត​នៃ​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​ជម្ងឺ​គ្រុន​ឈាម​ ដែល​តែង​តែ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​រៀង​រាល់​៤​ទៅ​៥ឆ្នាំ​ម្តង​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹកថ្ងៃទី ២៧ មិថុនានេះ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុន​ចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ បាណក​សាស្ត្រ បាន​ថ្លែង​ថា ក្រសួង​បាន​បែង​ចែក​ថ្នាំ​អាប៊ែត ១៨៤ តោន​នៅ​ទូទាំង​ប្រទេស និង​ត្រៀម​បាញ់​ថ្នាំ​មូស​ប្រមាណ​ជា​៧០០​លីត្រ​នៅ​ក្នុង​២៥​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ដើម្បី​កំចាត់​មូស​ខ្លា​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ដោយ​កុំ​ឲ្យ​មូស​ខ្លា​ខាំ និង​ដោយ​ស្លៀក​ពាក់​ឲ្យ​បាន​ជិតៗ​ខ្លួន​ប្រាណ ត្រូវ​ដេក​ក្នុង​មុង​ទាំង​ថ្ងៃ​និង​យប់ ត្រូវ​សំអាត​ព្រៃ​ស៊ុប​ទ្រុប​នៅ​ក្បែរ​ផ្ទះ ត្រូវ​បើក​ទ្វារ​បង្អួច​នៅ​ក្នុង​ផ្ទះ​ឲ្យ​មាន​ពន្លឺ និង​ជា​ពិសេស​ត្រូវ​ប្រមូល​សំបក​កំប៉ុង សំបក​កង់ឡាន និង​ម៉ូតូ​ចាស់ៗ ឬ​របស់​របរ​ដែល​ដក់​ទឹក ដើម្បី​បញ្ឈប់​ការ​កកើត​នៃ​សត្វ​មូស​ខ្លា​។ មូស​ខ្លា ដែល​ជា​ភ្នាក់​ងារ​នៃ​ការ​ចម្លង​វីរុស​គ្រុន​ឈាម​។ បើ​តាម​លោក​វេជ្ជ​បណ្ឌិត រហូត​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ថ្នាំ​ណា អាច​ព្យាបាល​ជម្ងឺ​គ្រុន​ឈាម​បាន​ទេ គឺ​មាន​តែ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ ការ​ថែម​ទាំ និង​ការ​ព្យាបាល តាម​មន្ទីរ​ពេទ្យ​ជំនាញ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា នៅ​ក្នុងឆ​មាស​ទី​១នៃឆ្នាំ​២០១៩​នេះ អ្នក​កើត​ជម្ងឺ​គ្រុន​ឈាម​នៅទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​ជាង១ម៉ឺនករណីហើយ​។ ចំនួន​នេះ បានកើន​ឡើង​ច្រើន បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​។ ក្រសួង​សុខាភិបាល បាន​អះអាងថា កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​គ្រុន​ឈាម​ច្រើន​ដូច្នេះ គឺ​ដោយ​សារ​តែកត្តា​បម្រែ​បម្រួល​អាកាស​ធាតុ និងកត្តា​វត្តមាន​ជម្រក​មូស​ខ្លា​នៅ​តាម​ផ្ទះ​សម្បែង ឬ​ទីធ្លា​សាធារណៈ​។ មួយ​វិញ​ទៀត គឺ​ដោយ​សារ​តែ​ឆ្នាំ​២០១៩​នេះ គឺ​ជា​វដ្ត​របស់ជម្ងឺគ្រុន​ឈាម ដែលតែងតែ​ផ្ទុះ​ឡើង​រៀងរាល់​៤​ទៅ​៥​ឆ្នាំម្ដង​។ យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​នៃ​ក្រសួងសុខាភិបាល បានអះអាង​ថា ស្ថានភាព​​​នៃ​ជម្ងឺ​គ្រុន​ឈាម​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​អាច​គ្រប់​គ្រង​បាន មិន​ទាន់​ឈាន​ចូល​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ