អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​សុខាភិបាល​៖​ជំងឺ​គ្រុន​ឈាម​មក​ទល់​ពេល​នេះ ​នៅ​អាច​គ្រប់​គ្រង​បាន

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បាន​ថ្លែង​ថា ​ជំងឺ​គ្រុន​ឈាម​បាន​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ខេត្ត ​បន្ទាប់​ពី​កើន​ឡើង​អស់​រយៈពេល​ជាង​២០​សប្តាហ៍ ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដូច្នេះ ​ធ្វើឡើង​នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម ​នា​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​កក្កដា​នេះ ​នៅក្នុង​សាលា​បឋមសិក្សា​មួយ ​ក្នុង​ខ័ណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​។

លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះដាក់ថ្នាំអាបែត
លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះដាក់ថ្នាំអាបែត @FB
ផ្សាយពាណិជ្ជកម្ម

ក្រោម​ប្រធានបទ​ “​បញ្ចប់​ជំងឺ​គ្រុនឈាម ​ផ្តើម​ចេញ​ពី​ខ្ញុំ​”​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​​​ឆ្នាំ​២០១៩​ នេះ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន ​ជំងឺ​គ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន​។

ករណី​ឈឺ​ដោយ​គ្រុនឈាម​ កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ពី​ចំនួន​៤៧៦៩​ករណី ​ក្នុង​សប្តាហ៍​ ទី​២​ខែ​កក្កដា​ មក​ចំនួន​៣៩៣៣​ករណី ​ក្នុង​សប្តាហ៍​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០១៩ ​ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​ទុក​ករណី​ជំងឺ​គ្រុនឈាម​នឹង​បន្ត​ថយចុះ​នៅពេល​ខាងមុខ​នេះ​ទៀត​។ ​នេះ​បើតាម​លោក​ ម៉ម ប៊ុនហេង​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​អត្រា​ស្លាប់​ដោយ​គ្រុនឈាម ​មាន​ចំនួន​០,១% ​ដែល​នេះ ​បង្ហាញ​ថា​សមត្ថភាព​គ្រូពេទ្យ​រដ្ឋ​ក្នុងការ​ជួយ​ពិ​និត្យ ​និង​ព្យាបាល​ អ្នក​ជំងឺ​គ្រុនឈាម ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​ជា​អត្រា​មួយ ​ដែល​ស្ទើរ​តែ​ទាប​ជាង​គេ​បំផុត​ ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​។

តាម​ក្រសួង​សុខាភិបាល ​ស្ទើរ​គ្រប់​ខេត្ត ​ជំងឺ​គ្រុនឈាម ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ​លើក​លែង​តែ​ខេត្ត​ក្រចេះ ​ដែល​នៅ​មាន​ការ​កើនឡើង​បន្តិចបន្តួច​ និង​ខេត្ត ​រាជធានី​ចំនួន​៥​ទៀត ​ដូចជា ​ ​ខេត្ត​ព្រះវិហារ​ កណ្តាល ​កំពង់ចាម ​ត្បូងឃ្មុំ ​និង​រាជធានី​ភ្នំពេញ ​ដែល​ស្ថានភាព​ជំងឺ​គ្រុនឈាម​នៅ​ទ្រឹង​ ឬ​មាន​ការ​ថយចុះ​តិចតួច​។

សូម​បញ្ជាក់​ថា ​គិត​ត្រឹម​សប្ដាហ៍​ទី​២៨ ​ត្រូវ​នឹង ​សប្ដាហ៍​ទី​៣​នៃ​ខែ​កក្កដា​នេះ ​ជំងឺ​គ្រុនឈាម​សរុបាន​កើន​ឡើង​ចំនួន​ជាង ​៣​ម៉ឺន​ករណី ​ក្នុងនោះ​ស្លាប់​ចំនួន​៣៣​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ