rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទំហំ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​កម្ពុជា បំបែក​កំណត់​ត្រា​ថ្មី ជិត​១០​លាន​ហ៊ុន

media
ផ្សារ​មូលបត្រ​កម្ពុជា ឯកសារ

ការ​ជួញ​ដូរ​ភាគ​ហ៊ុននៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​បំបែក​កំណត់​ត្រា​ជួញដូរ​ច្រើន​បំផុត ចាប់​តាំង​ពី​ពេល​ផ្សារ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១២​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២១​ឧសភា​ម្សិលមិញ​នេះ មាន​ការ​ជួញ​ដូរ​ភាគហ៊ុន​​រហូត​ដល់​ទៅ​ជិត​១០​លាន​ហ៊ុន មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​ចំនួន ១២០,១២ ប៊ីលាន​រៀល​។


ក្នុង​ចំណោម​ភាគហ៊ុន​ចុះ​បញ្ជី​ទាំង​៥ គឺ​មាន​តែ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ប៉ុណ្ណោះ ដែល​មាន​ទំហំ​ជួញ​ដូរ​ច្រើន​ជាង​គេ​ នៅ​ថ្ងៃ​ទី​២១​ឧសភា​។ ការ​ជួញ​ដូរ​លើ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ មាន​ទំហំ​ជួញ​ដូរ​សរុប ១២០,០២​ ប៊ីលាន​រៀល ដែល​ក្នុងនោះ ០,០២ ប៊ីលាន​រៀល គឺ​ត្រូវ​បាន​ជួញ​ដូរ​តាម​វិធី​សាស្ត្រ​ដេញ​ថ្លៃ ខណៈ ១២០ ប៊ីលាន​រៀល​ទៀត ធ្វើ​ឡើង​តាម​វិធី​សាស្ត្រ​ជួញ​ដូរ​តាម​ការ​ចរចា​។

វិធីសាស្ត្រ​ជួញ​ដូរ​តាម​ការ​ចរចា ត្រូវ​បាន​ផ្សារ​មូលប័ត្រ​កម្ពុជា ដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​ បន្ថែម​ពី​លើ​វិធី​សាស្ត្រ​ដែល​មាន​ស្រាប់ គឺ​ការ​ជួញ​ដូរ​តាម​ការ​ដេញ​ថ្លៃ​។ ចាប់​តាំង​ពី​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​រហូត​មក​ទល់​ពេល​នេះ ការ​ជួញ​ដូរ​ភាគ​ហ៊ុន​តាមវិធីសាស្ត្រ​​ចរចា កើត​ឡើង​ចំនួន​៤​លើក​រួច​មក​ហើយ​ ដោយ​ការ​ជួញ​ដូរ​តាម​ចរចា​លើក​ចុង​ក្រោយ​នេះ មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់ បើ​ធៀប​នឹង​ការ​ជួញ​ដូរ​មុន​ៗ​។

នៅ​ឆ្នាំ​២០១៨ ការ​ជួញ​ដូរ​តាម​វិធី​សាស្ត្រ​ចរចា មាន​ចំនួន​២​លើក​៖ លើក​ទី​មួយ គឺ​ជួញ​ដូរ​លើ​ភាគ​ហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចំនួន ៣៨០​ លាន​រៀល​។ លើក​ទី​២ គឺ​លើ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នេះ​ដែរ មាន​ទឹក​ប្រាក់​ចំនួន ១៧ ប៊ីលាន​រៀល​។ ការ​ជួញ​ដូរ​តាម​វិធី​សាស្ត្រ​ចរចា​លើក​ទី​៣ កើត​ឡើង​នៅខែ​មីនា​​ឆ្នាំ​២០១៩ គឺជា​ការ​ជួញ​ដូរ​លើ​ភាគ​ហ៊ុន​របស់​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែល​មានទឹក​ប្រាក់​ចំនួន ៦ ប៊ីលាន​រៀល​។

គួរ​កត់​សម្គាល់​ថា សកម្មភាព​របស់​ផ្សារ​ហ៊ុន​កម្ពុជា បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០១៩​នេះ ដោយ​មូលធនូបនីយកម្ម​ទីផ្សារ កើន​ឡើង​រហូត​ដល់ ២,១៤ ទ្រីលាន​រៀល ឬ​ស្មើ​នឹង​ប្រហែល ៥៣៤,៣​លាន​ដុល្លារ។ ចំនួន​នេះ កើន​ឡើង​ប្រមាណ​២១​ភាគ​រយ បើ​ធៀប​នឹង​ត្រី​មាស​ទី​៤ ចុង​ឆ្នាំ​២០១៨​។ បន្ថែម​ពី​លើ​នោះ ចំនួន​នៃ​ការ​ជួញ​ដូរ​មាន​សន្ទុះកើន​ឡើង​ច្រើន ចំណែក​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន កើន​ឡើង​ស្ទើរ​ទាំង​អស់​ផង​ដែរ​៕