rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ច្បាប់ សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សំណុំ​រឿង​ច្រើន ​ជា​កត្តាជម្រុញ​ឲ្យ​សាលា​ឧទ្ធរណ៍​តំបន់​ត្បូង​ឃ្មុំ​ដំណើរ​ការ​សាងសង់​មុនគេ

media
សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ fb

សាលា​ឧទ្ធរណ៍​តំបន់​ដែល​មាន​ទៅ​តាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​ត្រូវ​បាន​ដំណើរ​ការ​សាងសង់​ហើយ​។​ ​នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​។ ​ការ​បង្កើត​ឲ្យ​មាន​សាលា​ឧទ្ធរណ៍​នៅតាម​ខេត្ត​នៅ​ពេលនេះ ​គឺ​ធ្វើឡើង​ដើម្បី​រំកិល​សេវា​យុត្តិធម៌​ថ្នាក់ខ្ពស់​ទៅ​​កៀក​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ​ដើម្បី​ឲ្យ​ពួកគាត់​អាច​ចំណេញ​ទាំង​ពេល​វេលា​និង​ថវិកា ​ដោយ​មិន​ចាំបាច់​ឡើង​មក​រាជធានី​ភ្នំពេញ​។


លោក​ជិន ម៉ា​លីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​ថា ​បច្ចុប្បន្ន​អាគារ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​សាលា​ឧទ្ធរណ៍​នៅ​ខេត្ត​ត្បូងឃ្មុំ ​កំពុង​ត្រូវបាន​កសាង​ហើយ​។ ​ការ​បង្កើត​ឲ្យ​មាន​សាលា​ឧទ្ធរណ៍​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​សាលា​កាត់ក្តី​ថ្នាក់​ខ្ពស់​ឲ្យ​ទៅ​តាម​មូលដ្ឋាន ​ដែល​តាម​គម្រោង​ ប្រទេស​កម្ពុជា​នឹង​មាន​សាលា​ឧទ្ធរណ៍​តំបន់​ចំនួន​៤​ទីតាំង​ផ្សេង​ៗ​គ្នា​។

តំបន់​ទាំង​៤​ ដែល​នឹង​ត្រូវ​បង្កើត​ឲ្យ​មាន​សាលា​ឧទ្ធរណ៍​នោះ​គឺ​ក្រៅពី​ខេត្ត​ត្បូងឃ្មុំ ​ក្រសួង​យុត្តិធម៌​គ្រោង​នៅ​ខេត្ត​បាត់ដំបង ​ខេត្ត​ព្រះសីហនុ ​និង​នៅ​ភ្នំពេញ​។ ក៏​ប៉ុន្តែ​សាលា​​ឧ​ទ្ធ​រណ៍​​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ចេញ​ដំណើរ​មុន​គេ ​បន្ទាប់​មក​អាជ្ញាធរ​នឹង​បន្ត​ទៅ​តំបន់​ផ្សេង​ទៀត​។ ​ដោយឡែក ​សាលា​ឧទ្ធរណ៍​ដែល​មាន​ស្រាប់​នៅ​ភ្នំពេញ ​បច្ចុប្បន្ន​ជា​សាលា​ឧ​ទ្ធ​រណ៍​ទ​ទួល​រឿង​ក្តី​ទូទាំង​ប្រទេស​នោះ ​នឹង​ក្លាយ​ជា​សាលា​ឧ​ទ្ធរណ៍​រាជធានី​ភ្នំពេញ ​នៅ​ពេល​សាលា​ឧទ្ធរណ៍​តាម​តំបន់​បង្កើត​ឡើង​រួចរាល់​។

ជុំវិញ​ការ​បង្កើត​សាលា​ឧ​ទ្ធរណ៍ ​នៅ​ខេត្ត​ត្បូងឃ្មុំ​មុនគេ ​តើ​វា​អាច​ពាក់ព័ន្ធ​ទៅនឹង​រឿងរ៉ាវ​ដ៏​ច្រើន ដែល​ក្នុង​នោះ​មាន​ពន្ធនាគារ​ដ៏​ធំ​គឺ​ពន្ធនាគារ​ត្រពាំង​ផ្លុង​តាំង​នៅ ​និង​មាន​រឿងក្តី​លោក​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ ​លោក​ជិន ម៉ា​លីន ​ពន្យល់​ថា​បញ្ហា​នេះ​ពាក់ព័ន្ធ​ទៅនឹង​កត្តា​ទីតាំង​ភូមិសាស្ត្រ​និង​សំណុំ​រឿង​ច្រើន​ជាងគេ​ផង​ដែរ​។ ​ពោលគឺ​ចៀសវាង​ការកក​ស្ទះ​សំណុំ​រឿង​ប្តឹង​ឧទ្ធរណ៍​មក​កាន់​ភ្នំពេញ​តែ​មួយ​។

ដោយឡែក​ជុំវិញ​សំណុំ​រឿង​លោក​កឹម សុខា ​វិញ​លោក​ជិន ម៉ា​លីន​ បន្ថែម​ថា​មិនមែន​ជា​ហេតុផល​ដែល​ត្រូវ​ព​ន្លឿ​ន​ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​ត្បូងឃ្មុំ​នោះទេ​។ ​មិន​ទេ​ក៏​ព្រោះតែ​រឿងក្តី​លោក​កឹម សុខា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​សាលា​ដំបូង​ក្រុង​ភ្នំពេញ ​ដូច្នេះ​រឿង​នេះ​ក៏ត្រូវ​តែ​ចែក​ឲ្យ​ដាច់ ​គឺ​ត្រូវ​ឡើង​ឧទ្ធរណ៍​នៅ​ភ្នំពេញ​ដូចគ្នា​ដែរ​។ នេះ​បើតាម​លោក​ជិន ម៉ា​លីន​។ សម្រាប់​ត្បូងឃ្មុំ ​តាម​គម្រោង​នឹង​បញ្ចប់​ការ​សាងសង់​រយៈពេល​១​ឆ្នាំ ​និង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​មុននឹង​ដំណើរ​ការ​ដូចជា​ការ​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ​បទដ្ឋាន​គតិយុត្តិ ​និង​ធនធាន​មនុស្ស ​ជាដើម​។

សូម​រំលឹក​ថា​កាល​ពី​ឆ្នាំ​ទៅ ​ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​សាលា​ឧទ្ធ​រណ៍​ចំនួន​៣​បន្ថែម​ ពីលើ​សាលា​ឧទ្ធរណ៍​ដែល​មាន​ស្រាប់​នៅ​រាជធានី​ភ្នំពេញ​។ ​សាលា​ឧទ្ធរណ៍​តំបន់​ទាំងនេះ ​នឹងមាន​តួនាទី​ទទួល​រឿងក្តី​នៅតាម​ខេត្ត​មួយ​ចំនួន​ដែល​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ជុំវិញ​តំបន់​នីមួយ​៕