អានតួអត្ថបទ
កម្ពុជា-នយោបាយ

​គណ​បក្ស​កាន់​អំណាច​បាន​ត្រៀម​អ្នក​បន្ត​វេន​រួច​រាល់​ហើយ ក្រោយ​មរណ​ភាព​អ្នក​ជំនាន់​មុន ​ជា​បន្ត​បន្ទាប់​

លោក ប៊ូ ថង សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​មរណ​ភាព​នៅ​វេលា​យប់​ឈាន​ចូល​ថ្ងៃ​ទី១២​ខែ​កញ្ញា​នេះ ដោយ​រោគា​ពាធ​ ក្នុង​វ័យ​៨២ឆ្នាំ​។ មរណ​ភាព​របស់​លោក ប៊ូ ថង ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បាត់​បង់​មន្ត្រី​ចាស់ៗ មួយ​រូប​បន្ថែម​ទៀត ដែល​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​រំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បាត់​បង់​បន្ត​បន្ទាប់​គ្នា ដោយ​សារ​វ័យ​ជរា​របស់​ខ្លួន​ផង​។ ក៏​ប៉ុន្តែ​មន្ត្រី​គណ​បក្ស​ប្រជាជន​ថ្លែង​ថា​ គណបក្ស​មាន​អ្នក​បន្ត​វេណ​ប្រកប​ដោយ​សក្តា​នុពល និង​សមត្ថ​ភាព​។ 

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @Internet
ផ្សាយពាណិជ្ជកម្ម

មរណភាព​លោក ប៊ូ ថង ដែល​មាន​ងារ​ជា​ព្រឹទ្ធា​ចារ្យ និង​ជា​នាយ​ឧត្តម​សេនីយ៍ នៅ​ពេល​នេះ ធ្វើ​ឲ្យ​ជួរ​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​បាត់​បង់​មនុស្ស​ម្នាក់​ទៀត​ហើយ ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សមាជិក​សំខាន់ៗ​នៃ​គណ​បក្ស​កាន់​អំណាច​នេះ បាន​បាត់​បង់​បន្ត​បន្ទាប់​គ្នា រួម​មាន លោក ជា ស៊ីម អតីត​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សាយ ភូថង លោក នៃ ប៉េណា លោក សុខ អាន និងលោក​មេទ័ព​ជំនាន់​រំដោះ​ជាតិ ភូមិ​ភាគ​ឦសាន នាយ​ឧត្តម​សេនីយ៍ ស៊ើយ កែវ ជា​ដើម​។

មរណ​ភាព ជា​បន្ត​បន្ទាប់​គ្នា របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា សុទ្ធ​សឹង​ជា​ឥស្សរ​ជន ដែល​ធ្លាប់​មាន​គុណ​បំណាច់​ក្នុង​ការ​រំដោះ​ប្រទេស និង​ប្រជា​ជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍ ត្រូវ​បាន​មន្ត្រី​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា​វា​ជា​ក្រឹត្យ​ក្រម​ធម្ម​ជាតិ ដោយ​សារ​វ័យ​ចំណាស់​។

ទោះ​យ៉ាង​ណា ការ​បាត់​បង់​អ្នក​ជំនាន់​មុន របស់​គណ​បក្ស​កាន់​អំណាច​ដ៏​យូរ​អង្វែង​មួយ​នេះ គឺ​មិន​ប៉ះ​ពាល់​អ្វី​ដល់​និរន្តរ​ភាព​អ្នក​បន្ត​វេន​របស់​គណ​បក្ស​នេះ​ឡើយ​។ នេះ​បើ​តាម​លោក សុខ ឥសាន​។ លោក​ថា គណបក្ស​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​។

ជា​ការ​កត់​សម្គាល់ គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល​ពីរ​អាណត្តិ​ចុង​ក្រោយ​នេះ តែង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ ក្នុង​នោះ​មាន​យុវជន​ដែល​ជា​កូន​ចៅ របស់​ថ្នាក់​ដឹក​នាំ និង​យុវ​ជន​ដែល​មាន​សមត្ថ​ភាព​ដទៃ​ទៀត ត្រៀម​ខ្លួន​បន្ត​វេន​បុព្វហេតុ​ការងារ​អ្នក​ជំនាន់​មុន​។

ជាក់​ស្តែង​តាម​រយៈ​កិច្ច​ប្រជុំ​សំខាន់ៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្តងៗ យុវ​ជន ដែល​ជា​ឈាម​ថ្មី ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​គណៈ​កម្មា​ធិការ​កណ្តាល​គណបក្ស ជា​បន្ត​បន្ទាប់​។ ដោយ​ឡែក​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កណ្តាល​ចុង​ក្រោយ​របស់​គណ​បក្ស​កាន់​អំណាច​ដ៏​រឹង​ម៉ាំ​មួយ​នេះ បាន​បញ្ចូល​សមាជិក​ទៅ​ក្នុង​ជួរ​គណៈ​កម្មការ​កណ្តាល​ជិត​៣០០​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ភាគ​ច្រើន​ជា​យុវជន ដែល​ធ្វើ​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​បាន​កើន​ឡើង​ពី​៥០០​នាក់​ទៅ​ជាង​៨០០​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ