អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ធំ​ពីរ​ប្រកាស​ជ័យ​ជំនះ​រៀង​ខ្លួន​ ខណៈ គ.ជ.ប នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​ផ្លូវ​ការ

លទ្ធផល​ក្រៅ​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​តំណែង​ឃុំ-សង្កាត់​ចំនួន​ជាង​៧០% ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជិត​៣០%។ ទោះ​ជា​លទ្ធផល​នេះ មិន​ទាន់​ផ្លូវ​ការ​ក្តី ប៉ុន្តែ​លទ្ធផល​នេះ អាច​នឹង​មិន​ប្រែ​ប្រួល​ច្រើន​ពី​លទ្ធផល​ផ្លូវ​ការ​នោះ​ទេ។

គណបក្ស​​ធំ​​ពីរ​​ប្រកាស​​ជ័យ​​ជំនះ​​រៀង​​ខ្លួន​ ខណៈ គ.ជ.ប នៅ​​មិន​​ទាន់​​ប្រកាស​​លទ្ធផល​​ផ្លូវ​​ការ
គណបក្ស​​ធំ​​ពីរ​​ប្រកាស​​ជ័យ​​ជំនះ​​រៀង​​ខ្លួន​ ខណៈ គ.ជ.ប នៅ​​មិន​​ទាន់​​ប្រកាស​​លទ្ធផល​​ផ្លូវ​​ការ @ google
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​មេ​ឃុំ-ចៅ​សង្កាត់​ចន្លោះ​ពី ១១៦០​ទៅ​១១៦៣​ឃុំ​សង្កាត់ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​អាសនៈ​ចំនួន​៤៨២ ទៅ​៤៨៥​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​ប្រកាស​ដោយ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ចាប់​តាំង​ពី​យប់​មិញ​មក​ម្លេះ។ លទ្ធផល​នេះ ត្រូវ​បាន​តំណាង​គណបក្ស​នីមួយៗ​អះអាង​ថា គឺ​ជា​ជ័យ​ជំនះ​រៀងៗ​ខ្លួន។

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ត្បិត​តែ​បាត់​បង់​អាសនៈ​មេ​ឃុំ-ចៅ​សង្កាត់​មួយ​ចំនួន​ក្តី ប៉ុន្តែ​គណបក្ស​នេះ​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា គឺ​ជា​ជ័យ​ជំនះ។ ជ័យ​ជំនះ​ត្បិត​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ឡើង​ជាង​៣០​ម៉ឺន​សម្លេង បើ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ បាន​ឈ្នះ​និង​ដឹក​នាំ​ឃុំ​សង្កាត់​ចំនួន​ជាង​៧០%​នៅ​ទូទាំង​ប្រទេស។ ពោល​គឺ ក្នុង​ចំណោម​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​៦​លាន​៧​សែន​នាក់ (6,743,329) មាន​អ្នក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ជាង​៣​លាន​៥​សែន​នាក់ (3,529,400) ដែល​ស្មើ​នឹង 51,39% ដែល​ចំនួន​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨​ទៀត។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ឯណោះ​វិញ ក៏​បាន​ប្រកាស​ពី​ជ័យ​ជំនះ​របស់​ខ្លួន​ផង​ដែរ។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាល​ពី​យប់​មិញ​ថា បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​មាន​ការ​គំរាម​ពី​សង្គ្រាម​ក្តី តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អាច​ឈ្នះ​បាន​អាសនៈ​មេឃុំ-ចៅ​សង្កាត់​ប្រមាណ​ជិត​៥០០​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។ ជា​ពិសេស គឺ​ឈ្នះ​នៅ​ក្នុង​រាជធានី​ខេត្ត​សំខាន់ៗ​ចំនួន​៣ គឺ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម។ ទន្ទឹម​គ្នា​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចេញ​សារ​លិខិត​អរគុណ​ដល់​ម្ចាស់​ឆ្នោត​នៅ​ថ្ងៃ​នេះ បាន​ចាត់​ទុក​ថា ចំនួន​មេឃុំ-ចៅ​សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ឡើង​ដល់​១២​ដង ច្រើន​ជាង​អាណត្តិ​ទី​៣​ឆ្នាំ​២០១២ ដែល​មាន​តែ​៤០​រូប​ប៉ុណ្ណោះ។ ហើយ​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក៏​បាន​កើន​ឡើង​ស្ទើរ​ជិត​ពាក់​កណ្តាល​ផង​ដែរ។ សម្រាប់​លោក កឹម សុខា លទ្ធផល​នេះ គឺ​ជា​មូលដ្ឋាន​នៃ​ការ​ឈាន​ទៅ​រក​ជ័យ​ជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៨ ត្បិត​តាម​ទម្លាប់​ចំនួន​អ្នក​បោះ​គាំទ្រ​គណបក្ស​ប្រឆាំង​នឹង​កើន​ឡើង​១៥% នៅ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ មាន​ចំនួន​ជាង​៧​លាន​៤​ម៉ឺន​នាក់ ដែល​ស្មើ​នឹង​៩០% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​៧​លាន​៨​សែន​នាក់។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ដែរ​នោះ គឺ​ថា មុន​មាន​ការ​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវ​ការ​នេះ មហាជន​មួយ​ចំនួន​បាន​រិះគន់ ទៅ​លើ​ការ​ផ្សាយ​របស់​ទូរទស្សន​ជាតិ​កម្ពុជា ស្តីពី​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន ដែល​មហាជន​មួយ​ចំនួន​បាន​អះអាង​ថា បាន​ធ្វើ​ឲ្យ​ពួក​គេ​ច្រឡំ​បល់​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ