បក្សកាន់អំណាចទាត់ចោលការលើកឡើងរបស់អតីតប្រធានបក្សប្រឆាំង
គណបក្សកាន់អំណាចកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់លោកសម រង្ស៊ីអតីតប្រធានគណបក្សប្រឆាំង ជុំវិញការលើកឡើងថាមានមន្ត្រីរបស់គណបក្សកាន់អំណាចចង់រួបរួម និងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ការថ្លែងជំទាស់នេះធ្វើឡើង៣ថ្ងៃក្រោយពីលោកសមរង្ស៊ីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានចុះផ្សាយ ដោយវិទ្យុសម្លេងព្រះសង្ឃឯករាជ្យកាលពីថ្ងៃទី២៦ ខែកក្កដា។ លោកសម រង្ស៊ីបញ្ជាក់ថាគេត្រូវការវប្បធម៌សង្រ្គាម ដើម្បីមានលេសកៀបសង្កត់ ហើយការកៀបសង្កត់នោះមិនមែនតែខាងគណបក្សប្រឆាំងទេ តែកៀបសង្កត់ខាងគណបក្សកាន់អំណាច។
លោកសម រង្ស៊ី បញ្ជាក់ថានៅក្នុងជួរគណបក្សកាន់អំណាចមានអ្នកចង់បែកផ្លូវ ហើយមានអ្នកចង់ទាក់ទង ចង់រួបរួមជាមួយគណបក្សប្រឆាំង ដើម្បីអនុវត្តវប្បធម៌សន្ទនា។ លោកថាការគំរាមពីសង្រ្គាមនេះ គឺដើម្បីកុំឲ្យសមាជិកគណបក្សកាន់អំណាចមកទាក់ទងចាប់ដៃជាមួយគណបក្សប្រឆាំង។
ឆ្លើយតបនឹងការលើកឡើងនេះគណបក្សកាន់អំណាចបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាមានតែសមាជិកគណបក្សសង្រ្គោះជាតិទេ ដែលបានបន្តសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាស្ទើររាល់ថ្ងៃនៅតាមមូលដ្ឋាន។
គណបក្សប្រជាជនថា សមាជិកគណបក្សគ្រប់លំដាន់ថ្នាក់ប្រកាន់ខ្ជាប់នូវវិន័យ ស្មោះត្រង់ និងគុណធម៌ចំពោះរាជរដ្ឋាភិបាល និងគណបក្សរបស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានឲ្យដឹងថានៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត នោះគណបក្សនយោបាយដែលមានការពាក់ព័ន្ធជាមួយ លោកសម រង្ស៊ី ដែលជាប់ទោស តាមការសម្រេចរបស់តុលាការកម្ពុជា ត្រូវហ៊ានប្រឈមនឹងផលវិបាកនៃការបណ្តោយឲ្យគណបក្សខ្លួនជាប់ទាក់ទងនឹងទណ្ឌិតខុសនឹងច្បាប់។
សូមជម្រាបជូនថានៅពេលនេះ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកំពុងតែស្ថិតក្នុងជំហ៊ានចុងក្រោយ រដ្ឋាភិបាលនឹងបញ្ជូនវិសោធនកម្មច្បាប់នេះ ទៅកាន់ប្រមុខរដ្ឋស្តីទី ដើម្បីចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ច្បាប់នេះមានចំណុចមួយចំនួន ហាមគណបក្សនយោបាយមិនឲ្យឃុបឃិតជាមួយទណ្ឌិតនោះឡើយ សូម្បីតែការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬក៏សកម្មភាពរបស់ទណ្ឌិតក៏មិនឲ្យមានជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ