rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ ជម្លោះដីធ្លី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការ​កំពូល​រក្សា​ការ​កាត់​ទោស អ្នក​ស្រី ទេព វន្នី ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ

media
អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី @សហការី

ដូច​ការ​គ្រោង​ទុក តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​ ៧​កុម្ភៈ​នេះ ​បាន​បើក​សវនាការ ​ជុំវិញ​សំណុំ​រឿង​របស់ ​អ្នក​ស្រី ទេព វន្នី ដែល​ជាប់​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ ២​នាក់​នៅ​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។ ជា​សវនាការ​ដែល​ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​សារទុក្ខ​របស់​ស្រ្តី​សកម្មជន​ដី​ធ្លី​លេច​ធ្លោ​រូប​នេះ ខណៈ​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​នេះ បាន​ជំរុញ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដោយ​ថា​ជា​រឿង​អយុត្តិធម៌​ដែល​ចោទ​ថា ស្រ្តី​ទៅ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ដែល​សុទ្ធ​ជា​ប្រុសៗ​នោះ។


នៅ​ទី​បំផុត តុលាការ​កំពូល នៅ​តែ​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី ​ទេព​ វន្នី​ ដាក់​ពន្ធនាគារ​ដូច​អ្វី​ដែល​តុលាការ​ជាន់​ទាប​សម្រេច​នោះ​ដែរ បន្ទាប់​ពី​បើក​សវនាការ​ជិត​មួយ​ព្រឹក។

នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន ទៅ​ចូល​រួម​សវនាការ នៅ​តុលាការ​កំពូល អ្នក​ស្រី ទេព វន្នី ជា​សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ បាន​ស្រែក​ថា រូប​គាត់​មិន​បាន​វាយ​ដំ​លើ​សមត្ថកិច្ច​នោះ​ទេ ប៉ុន្តែ​ថា រូប​គាត់​និង​ស្រ្តី​សកម្មជន​ដី​ធ្លី​ផ្សេង​ទៀត​គឺ​ជា​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ដំ​ពី​សមត្ថកិច្ច​នៅ​ពេល​តវ៉ា​កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​បើក​សវនាការ តុលាការ​ជាន់​ខ្ពស់​មួយ​នេះ នៅ​តែ​រក្សា​បទ​ចោទ​ដូច​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ ​គឺ​ចោទ​សកម្មជន​ដី​ធ្លី​ស្រ្តី​រូប​នេះ​ថា​ ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣​។​​

ភ្លាមៗ​នោះ តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ឆ្មាំ​នាំ​ខ្លួន អ្នក​ស្រី ទេព វន្នី ទៅ​កាន់​ពន្ធនាគារ​វិញ នៅ​គ្រា​ដែល​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​៣០​នាក់ ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​ដើម្បី​សុំ​ឲ្យ​ដោះ​លែង​តំណាង​របស់​ពួក​គេ​ជា​ថ្មី​ទៀត។

សូម​ជំរាប​ថា អ្នក​ស្រី​​ ទេព​ វន្នី​ អាយុ ​៣៥​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលា​ឧទ្ធរណ៍​ បាន​ផ្តន្ទា​ទោស​អ្នក​ស្រី​ ទេព​ វន្នី​ ដាក់​ពន្ធនាគារ​រយៈ​ពេល ២​ឆ្នាំ​៦​ខែ​ពី​បទ​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» ។ ​គឺ​ជា​កាត់​ទោស​បន្ថែម​ទៅ​លើ​បទ​ចោទ​ពី​មុន​មក ដែល​តុលាការ​កាត់​ទោស​៦​ខែ​ពី​បទ​ជេរ​ប្រមាថ​មន្រ្តី​សាធារណៈ នៅ​ពេល​តវ៉ា​រឿង​ដី​ធ្លី។

កាល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​មុន បណ្តុំ​អង្គការ​ជាតិ និង​អន្ដរជាតិ​ចំនួន ៦៥​ស្ថាប័ន បាន​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះ​លែង​ស្ដ្រី​សកម្មជន​ដី​ធ្លី​អ្នក​ស្រី​ទេព វន្នី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ពួក​គេ​ចាត់​ទុក​ការ​បន្ដ​ឃុំ​ខ្លួន​នោះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ភស្ដុតាង បង្កប់​ដោយ​ហេតុផល​នយោបាយ និង​មាន​ភាព​អយុត្តិធម៌​ធ្ងន់​ធ្ងរ៕