rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គមស៊ីវិល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ឆ្នាំ​២០១៩​៖ ​កម្ពុជា​ធ្វើ​ជំរឿន​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ជា​លើក​ដំបូង​

media
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS

កម្ពុជា​នឹង​ធ្វើ​ជំរឿន​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១០ មករា ​ដែល​សារព័ត៌មាន​ទើប​តែ​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​០៥ កុម្ភៈ ម្សិលមិញ​។ តាម​រយៈ​លិខិត​ដដែល លោក​នាយករដ្ឋ​មន្ដ្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​នេះ ដោយ​បញ្ជាក់​ថា ការងារ​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។ 


ជំរឿន​ថ្នាក់​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា​ខាង​មុខ​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នេះ​គឺ ជា​ការ​ធ្វើ​ជំរឿន​លើក​ដំបូង ដែល​​​ប្រើ​ប្រាស់​ថវិកា​ជាតិ បន្ទាប់​ពី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។

តាម​រយៈ​សារ​ចុះ​ថ្ងៃ​ទី​១០​មករា លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី បាន​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​ជំរឿន​ថ្នាក់​ជាតិ​នេះ នឹងផ្ដល់​នូវ​ទិន្នន័យ​ប្រជាសាស្ត្រ​ពិត​ប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ​តាក់តែង​គោលនយោបាយ​ត្រឹម​ត្រូវ ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​អនុវត្ត​កម្មវិធី​ផ្សេង​ៗ​ទទួល​បាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទិន្នន័យ​ជំរឿន នឹង​ផ្ដល់​ជា​សូចនាករ តាមដាន ត្រួត​ពិនិត្យ ការ​សម្រេច​បាន​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព នៃ​របៀប​វារៈ​ឆ្នាំ​២០១៦-២០៣០។

លោក​នាយករដ្ឋ​មន្ដ្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ គាំទ្រ​និង​ចូល​រួម​ក្នុង​ការងារ​ជំរឿន​នេះ ដោយ​ផ្ដល់​ព័ត៌មាន​តាមសំណួរ​សម្ភាសន៍​ឲ្យ​បាន​គ្រប់​គ្រាន់ ត្រឹម​ត្រូវ និង​ស្មោះ​ត្រង់​។ និង​ថា ជំរឿន​ទូទៅ​ប្រជាជន​នេះ មិន​ទាក់ទង​នឹង​បញ្ហា​នយោបាយ មិន​បំរើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ និង​មិន​ធ្វើ​ឲ្យ​ប្រជាជន​ខាត​បង់​ប្រាក់​កាស​ទេ​។ ផ្ទុយ​ទៅ​វិញ ជំរឿន គឺ​ជា​ការងារ​ដើម្បី​អនាគត និង​ភាព​រីក​ចំរើន​របស់​ប្រជាជន​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់ ​លោក ហ៊ុន សែន​។

សូម​ជម្រាប​ជូន​ថា សម្រាប់​ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ ​រដ្ឋាភិបាលកម្ពុជា​​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួនជាង​​៨​លាន​ដុល្លារ និង​ប្រើ​ប្រាស់​មន្ដ្រី​ជំរឿន​៥​ម៉ឺន​នាក់​​។ បើ​តាម​ក្រសួង​ផែនការ ការ​ធ្វើ​ជំរឿន​នេះ នឹង​មាន​លក្ខណៈ​ទំនើប​ជាង​ការ​ធ្វើ​ជំរឿនក្នុង​ឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០០៨​​កន្លង​ទៅ ដោយ​ក្រុម​ការងារ​នឹង​ដាក់​ប្រព័ន្ធ​សម្រាប់​វាយ​តម្លៃ​ភាព​សុក្រឹត្យ​នៃ​ការ​ធ្វើ​ជំរឿន ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ Tablet PDA និង​បច្ចេកទេស NBS៕