rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ សំណង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ច្បាប់​ស្តី​ពី​សំណង់​៖ ​រដ្ឋា​ភិបាល​ថា នឹង​ជួយ​ពង្រឹង​គុណ​ភាព សុវត្ថិភាព​សំណង់ ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​អនុវត្ត​

media
វិស័យសំណង់​នៅកម្ពុជា @សហការី

នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ដ្រី​នា​ព្រឹកថ្ងៃសុក្រ ទី៣០ សីហានេះ រដ្ឋា​ភិបាល​កម្ពុជា បាន​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ​ហើយ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​។ បើ​តាម​រដ្ឋា​ភិបាល​កម្ពុជា ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ពង្រឹង​គុណ​ភាព ក៏​ដូច​ជា​សុវត្ថិភាព​សំណង់ និង​សុវត្ថិភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើ​ប្រាស់ ព្រម​ទាំង​ សាធារណ​ជន​។ ប៉ុន្តែ​សង្គម​ស៊ីវិល បាន​បង្ហាញ​ការ​បារម្ភ​ថា ច្បាប់​នេះ​នឹង​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ក្នុង​វិស័យ​សាង​សង់​នៅ​កម្ពុជា​ឡើយ បើ​សិន​មិន​មាន​ការ​អនុវត្ត​បាន​ត្រឹម​ត្រូវ​ទេ​នោះ​។ 


សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុម័ត​នៅ​ថ្ងៃនេះ ​មាន ២២ ជំពូក និង ១១៣​មាត្រា​។ សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​គុណ​ភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យ​សម្បត្តិ​និង​សុខុមាល​ភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើ​ប្រាស់​សំណង់ និង​សាធារណ​ជន​។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ជា​ការ​ចូល​រួម​ពង្រឹង​ការ​គ្រប់​គ្រង​នគរូប​នីយ​កម្ម ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណ​ភាព និង​បរិស្ថាន​ល្អ​។ នេះ​បើ​តាម​ការ​អះ​អាង​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត សេច​ក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ក៏​នឹង​បង្កើន​គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រកប​ការ​ងារ និង​ការ​ប្រកប​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​សំណង់ ព្រម​ទាំង បង្កើន​ការ​ជឿ​ទុក​ចិត្ត​របស់​វិនិយោ​គិន​នៅ​ក្នុង​វិស័យ​សំណង់​ផង​ដែរ​។

បើ​ទោះ​បី​រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ពី​សារៈ​ប្រយោជន៍​ជា​ច្រើន​នៃ​ច្បាប់​នេះ​ក៏​ដោយ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​លើ​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​របស់​ច្បាប់​នេះ។ លោក​យ៉ាន់ ធី ​អគ្គ​លេខា​ធិការ​សហព័ន្ធ​សហជីព​សំណង់ និង ព្រៃឈើ​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា បើ​ទោះ​បី​ច្បាប់​នេះ​ល្អ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បើ​សិន​ជា​អ្នក​អនុវត្ត​មិន​បាន​ប្រតិ​បត្តិ​តាម​ត្រឹម​ត្រូវ​ទេ នោះ​វា​នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​នៅ​ក្នុង​វិស័យ​សំណង់​ឡើយ​។ សម្រាប់​លោក​យ៉ាន់ ធី ការ​អនុវត្ត​ច្បាប់​បាន​ត្រឹម​ត្រូវ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សាង​សង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ល្អ​។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​នេះ ត្រូវ​បាន​រៀប​ចំ​តាក់​តែង​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៧ និង ត្រូវ​បាន​បញ្ជូន​មក​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដើម្បី​ប្រជុំ​ពិភាក្សា និង អនុម័ត​នៅ​ថ្ងៃ​សុក្រ ទី៣០ ខែសីហា ឆ្នាំ​២០១៩​នេះ​។ ក្រសួង​រៀប​ចំ​ដែន​ដី នរគ​រូបនីយ​កម្ម បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ស្តី​ពី​សំណង់​នេះឡើង ​ដោយ​សារ​តែមើលឃើញពី​កំណើន​ជា​ទៀងទាត់ និង​កើន​ឡើង​ជា​លំដាប់ នៃ​វិស័យ​សំណង់​ ក្នុង​មួ​យ​​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

ក៏​ប៉ុន្តែ អ្វី​ជា​ការ​កត់​សម្គាល់ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​ពី​សំណាក់​រដ្ឋា​ភិបាល​កម្ពុជា​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​ជួប​ឧបទ្ទវ​ហេតុ​បាក់​អាគារ​កម្ពស់​៧ជាន់​នៅខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​។ ហេតុ​ការណ៍​នេះ បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២៨នាក់ និង​របួស​២៦​នាក់​ផ្សេង​ទៀត​៕