អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​អ្នក​ជំនាញ​អចលនៈ​ព្រទ្យ​៖ វិស័យ​ខុន​ដូរ ​ចាប់​ផ្តើម​មាន​តម្រូវ​ការ​ច្រើន​ពី​ពេល​នេះ​ទៅ​ថ្ងៃ​ខាង​មុខ​

ដូចរៀងរាល់ឆ្នាំដែរ ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជាលើកទី៤ ​ត្រូវ​រៀប​ចំឡើងនៅ​ថ្ងៃទី៤​ខែតុលានេះ នៅ​សណ្ឋាគារ​ណា​ហ្គា​វើល​។ ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលន​ទ្រព្យរយៈពេល​២ថ្ងៃនេះ គឺបាន​ដាក់​បង្ហាញ​គម្រោងជាច្រើន ដូចជា ​ខុនដូរ បុរី និង​ការ​អភិវឌ្ឍ​វិស័យសំណង់ចម្រុះ​នៅ​កម្ពុជាដែលភាគច្រើនជាគម្រោង​ធំៗរបស់ថៅកែចិន។ ទន្ទឹម​នឹងការ​បន្តរីកចម្រើន​វិស័យ​អចលនទ្រព្យនៅកម្ពុជា​ វិស័យខុនដូ ក៏ចាប់ផ្តើមមាន​តម្រូវច្រើន​ពីពេលនេះ​តទៅថ្ងៃខាងមុខ នោះក៏ព្រោះតែអ្នកមាន​លទ្ធភាពមធ្យម​អាចទិញខុនដូ​ស្នាក់នៅ ខណៈផ្ទះជាប់ដីឡើ​ងថ្លៃវាល់លានដុល្លារនៅ​កណ្តាលទីក្រុង​។ 

ខុនដូរគម្រូក្នុងពិព័រណ៍
ខុនដូរគម្រូក្នុងពិព័រណ៍ @RFI
ផ្សាយពាណិជ្ជកម្ម

លោក​ឧក​ញ៉ា ស៊ា រិទ្ធី អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា World bridge Group ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​ពិព័រណ៍​អចលន​ទ្រព្យ​បាន​ថ្លែងថា បច្ចុប្បន្ននេះ ពលរដ្ឋ​ដែល​មានលទ្ធភាពមធ្យម​មិនអាចទិញ​ផ្ទះជាប់​ដី​នៅកណ្តាលទីក្រុង​ភ្នំពេញ​រស់នៅបានឡើយ។ តួយ៉ាងផ្ទះនៅតាមបណ្តោយ​ផ្លូវ​ព្រះមុនីវង្ស គឺមានតម្លៃរហូត​ដល់២ទៅ៣លានដុល្លារឯណោះ ខណៈ​ផ្ទះនៅតាម​ផ្ទះតូចៗ​ នៅកណ្តាល​ក្រុង ក្នុងមួយល្វែងមាន​តម្លៃពី៣០ទៅ៤០ម៉ឺនដុល្លារ​ផងដែរ។ នេះជាការ​បញ្ជាក់ របស់ លោក ស៊ា រិទ្ធី។

អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ វិស័យ​ខុនដូ គឺជាឱកាសមួយ​សម្រាប់​អ្នក​មានចំណូល​មធ្យម​ អាចមានលទ្ធភាពទិញបាននៅ ព្រោះនៅមានតម្លៃទាបជាងផ្ទះជាប់ដី ហើយ​នៅកណ្តាល​ទីក្រុង​ងាយ​ស្រួល​ធ្វើ​ដំណើរទៅកន្លែង​ការងារ។ លោក​បានលើក​ឧទាហរណ៍ថា កាល​ពីដើម​ឡើយ​ ប្រជាជនថៃ​មិន​ចាប់​អារម្មណ៍​ទិញ​ខុនដូ​រស់​នៅទេ គឺមាន​តែ​ជន​បរទេស​ប៉ុណ្ណោះ។ ប៉ុន្តែ​នាពេល​បច្ចុបប្បន្ននេះ ជនជាតិថៃភាគច្រើន​គឺ​រស់​នៅ​ខុនដូរ ហើយថា ប្រជាជនកម្ពុជាក៏មាន​និន្នាការដូចគ្នានេះដែរ​នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវនៃក្រុមហ៊ុន​VTRUST APPRAISAL ធ្លាប់បានលើកឡើងកាលពី​ខែកញ្ញាថា តាម​ការ​ព្យាករណ៍នៅ​ឆ្នាំ​២០៣០​ខាងមុខ ​តម្រូវ​ការ​ផ្ទះ​សំបែង និង​ខុន​ដូរ​ គឺ​រង្វង់​៧០​ម៉ឺន​កន្លែងក្នុង​មួយឆ្នាំ ខណៈ​បច្ចុប្បន្ន​តម្រូវ​ការ​ផ្ទះ​សំបែង​​មានចំនួន២ម៉ឺន​ខ្នង ​និង​តម្រូវការ​ខុន​ដូរចំនួន១ម៉ឺន​កន្លែង​​ក្នុង​មួយឆ្នាំ។

​លោក​ក៏បានទទួលស្គាល់ថា បច្ចុប្បន្ន​ជនជាតិ​ខ្មែរ​មិនសូវ​ចាប់​អារម្មណ៍​ទិញ​ខុន​​ដូរ​ដូចជនបរ​ទេស​​នោះទេ ប៉ុន្តែ​ច្រើនឆ្នាំទៅ​មុខ​ទៀត​ ជនជាតិ​ខ្មែរ​នឹង​ងាក​មកទិញ​ខុនដូរពីជនបរទេសវិញ​ ហើយនឹងធ្វើ​ឲ្យ​តម្លៃ​ខុន​ដូរ​កើន​ឡើងទៅតាមនោះដែរ។ ការ​កើន​នៃតម្រូវការ​ខុនដូរទៅថ្ងៃខាងមុខ បើតាមក្រុម​អ្នកជំនាញ គឺ៥ឆ្នាំទៅមុខទៀត ដីនៅក្នុង​ទីក្រុង​ភ្នំពេញនឹង​អស់​មិនមា​ន​កន្លែង​សាងសង់​ផ្ទះសំបែង​បានទៀតឡើយ គឺអាចសង់បានតែខុនដូរប៉ុណ្ណោះ។ ហើយ​ក្រុម​ហ៊ុន​ផ្ទះល្វែងនឹងរត់ទៅ​សាងសង់​ផ្ទះ​សំបែង​នៅចំងាយ​យ៉ាងតិច​ក៏២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុង​ភ្នំពេញ ដែលត្រូវ​ចំណាយ​ពេល​វេលាច្រើន​ក្នុង​ការ​ធ្វើ​ដំណើរមកកន្លែងការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ