អានតួអត្ថបទ
កម្ពុជា-នយោបាយ

CNRP បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​វិសោធនកម្ម​ច្បាប់ ដែល​សំដៅ​បញ្ចប់​ជីវិត​នយោបាយ​លោក សម រង្ស៊ី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​៦​កក្កដា​នេះ បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ ស្ដីពី​ គណបក្ស​នយោបាយ​ ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ​ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ជំទាស់​ពី​គណបក្ស​ប្រឆាំង​ក៏​ដោយ។ សម្រាប់​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ថា វិសោធនកម្ម​ច្បាប់​នេះ គឺ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​ថា វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង​ឡើង។ សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ ​ដែល​មាន​សំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

លោកសម រង្ស៊ី​​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោកសម រង្ស៊ី​​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ស្នើ​ច្បាប់ ​ស្ដីពី ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សមាជិក​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាចំនួន​៤១​រូប ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា សម្រេច​បញ្ជូន​ទៅ​ពិភាក្សា​និង​អនុម័ត នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​នេះ បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​ក្រុម​គណបក្ស​ប្រឆាំង​ក្តី។

លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈអចិន្រ្តៃយ៍​នៅ​ថ្ងៃ​ទី ០៦ កក្កដា​ថា ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​រាថយ​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ​ទេ។ នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល​មាន​សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្ស​នយោបាយ បន្ទាប់​ពី​វិសោធនកម្ម​លើក​ទី​១​ទើប​តែ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​មិនា ដើម​ឆ្នាំ​នេះ។

យោង​តាម​ខ្លឹម​សារ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បាន​បែក​ធ្លាយ​កាល​ពី​យប់​ថ្ងៃ​ទី​៥​កក្កដា ដោយ​បន្ថែម​ខ្លឹម​សារ​សំខាន់​៣​ចំណុច នៅ​ក្នុង​មាត្រា​៦​ថ្មី (ពីរ) ដែល​បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ដូច​ជា ប្រើ​ប្រាស់​សារ​ជា​សម្លេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈឹម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​ឡើយ។ គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​យល់​ព្រម​ដោយ​ចំហរ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​របស់​ខ្លួន​ឡើយ។ ចំណែក​ចំណុច​ចុង​ក្រោយ​បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​គាំទ្រ ​ឬ​រៀប​ចំ​ផែនការ ឬ​ឃុប​ឃិត​ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ព្រះរាជណាចក្រ​កម្ពុជា ដូច​មាន​ចែង​ពី​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥​នោះ​ឡើយ។ មាត្រា​៦​ថ្មី​(ពីរ)​នេះ​បាន​ចង​ភ្ជាប់​ដោយ​មាត្រា​៤៤​ថ្មី​(ពីរ)ថា ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៦​ថ្មី​(ពីរ)​នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នោះ​តុលាការ​អាច​សម្រេច​ទី​១. ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​មិន​លើស​ពី​៥​ឆ្នាំ​ ឬ ទី​២. ត្រូវ​រំលាយ​គណបក្ស​នយោបាយ​នោះ​ចោល​តែ​ម្តង។

ផ្អែក​តាម​ខ្លឹមសារ​នៃ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ មាន​ន័យ​ថា គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​ផ្តាច់​ទំនាក់​ទំនង​រាល់​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ សូម្បី​តែ​រូបភាព​របស់​លោក សម រង្ស៊ី។

លោក យ៉ែម បុញ្ញឬទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​នៅ​រដ្ឋសភា បាន​ចាត់​ទុក​ថា វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​ជាតិ​កាន់​តែ​ខ្លាំង​ឡើង ហើយ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​មិន​ចូល​រួម​អនុម័ត​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ទេ។

គួរ​ជំរាប​ជូន​ថា វិសោធនកម្ម​ច្បាប់​ថ្មី​នេះ បាន​ចេញ​ជា​រូប​រាង​មិន​ដល់​១​សប្តាហ៍​ផង ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​របស់​លោក រៀប​ចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ហាម​ឃាត់​មិន​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ។ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស បាន​ហៅ​ការ​កែ​ច្បាប់​នេះ​ថា គឺ​ដើម្បី​តែ​កំចាត់​រូប​លោក​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ