អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋសភា​សម្រេច​លុប​ឈ្មោះ ទី​ប្រឹក្សា និង​ជំនួយ​ការ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​សរុប​ជាង​១០០​នាក់​ចេញ​ពី​បញ្ជី

រដ្ឋសភា​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា​នេះ បាន​សម្រេច​លុប​ឈ្មោះ​តំណាង​រាស្រ្ត ទី​ប្រឹក្សា និង​ជំនួយ​ការ រួម​ទាំង​អ្នក​បើក​រថយន្ត​របស់​អតីត​តំណាង​រាស្រ្ត នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ សរុប​ជាង​១០០​នាក់ ចេញ​ពី​បញ្ជី ក្រោយ​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​រួច​មក។ ទន្ទឹម​គ្នា​នេះ រដ្ឋសភា​ក៏​បាន​ជូន​ដំណឹង​ឲ្យ​អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ប្រគល់​សម្ភារៈ​និង​រថយន្ត​ឲ្យ​រដ្ឋសភា​វិញ​ផង​ដែរ។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​ពី​ខែ​វិច្ឆិកា​នេះ​ត​ទៅ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥៥​រូប​ រួមទាំង​ទីប្រឹក្សា ជំនួយ​ការ និង​អ្នក​បើក​រថយន្ត​របស់​ពួក​គេ​សរុប​ជាង​១០០​នាក់ នឹង​មិន​ទទួល​បាន​ប្រាក់​បៀវត្សន៍​ប្រចាំ​ខែ​វិច្ឆិកា​នេះ​ទេ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​សម្រេច​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ផ្លូវ​ការ​របស់​រដ្ឋសភា។ ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី នៅ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល បាន​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា សប្តាហ៍​មុន។

បើ​តាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា បាន​អះអាង​ថា ក្រៅ​ពី​បង្កក​ប្រាក់​ខែ​របស់​ពួក​គេ​ចាប់​ពី​ខែ​វិច្ឆិកា​នេះ​ហើយ រដ្ឋសភា​ក៏​បាន​បង្គាប់​ឲ្យ​អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រគល់​មក​វិញ​នូវ​សម្ភារៈ​ប្រើ​ប្រាស់ ដូច​ជា រថយន្ត​ទំនើបៗ កុំព្យូទ័រ​យួរដៃ (Laptop) រួម​ទាំង​សម្ភារៈ​ការិយាល័យ របស់​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ​ផង​ដែរ។ យោង​តាម​លិខិត​របស់​លោក ឡេង ប៉េងឡុង កាល​ពី​ថ្ងៃ​ទី ២០ វិច្ឆិកា រដ្ឋសភា​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ទទួល​បន្ទុក​រង​ចាំ​ទទួល​និង​ប្រគល់​សម្ភារៈ​ទាំង​នោះ ចាប់​ពី​ថ្ងៃ​ទី ២០ រហូត​ដល់​ថ្ងៃ​ទី ២៤ វិច្ឆិកា ខាង​មុខ។ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ២១ វិច្ឆិកា​នេះ រដ្ឋសភា​បាន​ទទួល​រថយន្ត​មួយ​គ្រឿង​ហើយ ពី​អតីត​ប្រធាន​គណៈកម្មការ​ទី​០៧ គឺ​លោក យ៉ែម បុញ្ញឬទ្ធិ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

គួរ​ជំរាប​ជូន​ថា តាម​រយៈ​សេច​ក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ក្រៅ​ពី​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ​នោះ តុលាការ​ក៏​បាន​សម្រេច​ហាម​ឃាត់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១៨​នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។ ជា​សេចក្តី​សម្រេច ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​និង​ប្រទេស​ម្ចាស់​ជំនួយ​លើក​លែង​តែ​ប្រទេស​ចិន ដែល​ថា ជា​សេចក្តី​សម្រេច​ដែល​បាន​សម្លាប់​ជីវិត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង​២៤​ឆ្នាំ​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ