អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណ​បក្ស​សង្រ្គោះជាតិ គ្រោង​ចំណាយ​ថវិការ​កន្លះ​លាន​ដុល្លារ ដើម្បី​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី

ស្រប​ពេល​ដែល​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តីទី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់ជា​ការ​ប្រញាប់​កាល​ពី​ថ្ងៃទី ២៨ កក្កដា មក គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​គូ​ប្រជែង​ដ៏គ្រោះថ្នាក់​របស់​គណបក្ស​កាន់​អំណាច បាន​ចាប់​ផ្តើម​បោះពុម្ព​ផ្លាក​សញ្ញា​ថ្មី ដែល​មិន​មាន​រូបលោក សម រង្ស៊ី ឈរ​ចាប់​ដៃ​ជាមួយ​លោក កឹម សុខា ទៀត​ទេ។ កាល​ពី​ដើម​សប្តាហ៍​នេះ លោក កឹម សុខា ក្នុង​នាម​ជា​ប្រធាន​គណបក្ស បាន​អំពាវ​នាវ​ស្វែង​រក​ការ​ឧបត្ថម្ភ​ថវិការ ពី​ថ្នាក់ដឹក​នាំ សមាជិក-សមាជិកា​និង​អ្នក​គាំទ្រ ទាំងក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ស្លាក​សញ្ញា​ថ្មី​នេះ។ តាមគម្រោង គណបក្ស​ប្រឆាំង គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារអាមេរិក​ដើម្បី​ផ្លាស់ប្តូរ​ស្លាក​ថ្មី។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នាឱកាសហែក្បួនគណបក្សនាពេលកន្លងទៅ។​
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នាឱកាសហែក្បួនគណបក្សនាពេលកន្លងទៅ។​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ៣១ កក្កដា បានអំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ សមាជិក-សមាជិកា និង​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ឲ្យ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន ដើម្បី​ផ្លាស់​ប្តូរ ផ្ទាំង​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិថ្មី នៅទូទាំង​ប្រទេស។

បើ​ផ្អែក​តាម​សេចក្តី​អំពាវនាវ​របស់​លោក កឹម សុខា ចុះ​ថ្ងៃ​ទី ៣១ កក្កដា ថា ការ​ផ្លាស់​ប្តូរ​ផ្ទាំងស្លាក​គណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​នេះ គឺ​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់ ស្តី​ពី គណ​បក្សនយោបាយ ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មីៗ​នេះ និង​ស្រប​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ ត្រៀម​ចូល​រួម​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ។ តាម​គម្រោង គណបក្ស​សង្រ្គោះ​ជាតិ អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី​៣០ម៉ឺន ទៅ​៥០ម៉ឺន​ដុល្លារ​អាមេរិក ឬ​កន្លះ​លាន ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ផ្ទាំង​សញ្ញា​គណបក្ស​សង្រ្គោះជាតិ​នៅទូទាំង​ប្រទេស។ ការ​ផ្លាស់​ប្តូរ​ផ្ទាំង​ស្លាក​សញ្ញាគណបក្ស​សង្រ្គោះជាតិ នឹង​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ២០១៧ ខាង​មុខ ពោល​គឺឲ្យ​បាន​មុន​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរ​មាន បន្ទាប់​ពីប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា កន្លង​ទៅ។

លោក កឹម សុខា បាន​លើក​ឡើង​នៅក្នុង​សេចក្តី​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី៣១​កក្កដា​ថា ជោគ​ជ័យរបស់​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧កន្លង​ទៅ និង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨ខាង​មុខ គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យគេ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បង្ក​ឧបសគ្គ​មក​លើ​គណបក្ស​ប្រឆាំង​ឥត​ឈប់​ឈរ។ ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅតែ​អះអាង​ថា ខ្លួន​នឹង​រក្សា​គោលដៅ​ឲ្យ​នៅ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ