អានតួអត្ថបទ
កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​ហែ​ក្បួន​ឃោសនា​ផ្តាច់​ព្រ័ត្រ ក្រោម​ពពក​បាំង​ថ្ងៃ​

គណ​​បក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​​ឃោសនា​ចុងក្រោយ បាន​​ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​​ ចាក​ចេញ​ពី វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោ​យ​​ចង្វារ កាត់​ស្ពាន​​ជ្រោយ​ចង្វារ ឆ្លង​ចូល​​ទី​ក្រុង​​។ មិន​​ដូច​ តម្រាយ​​ផ្លូវ​គិត​​ទុកជាមុន ​​ដែលបានព្រមព្រៀងជាមួយ សាលាក្រុង ថា ​​បក្ស​សង្រ្គោះជាតិ នឹង រំសាយ​​​ក្បួន​​​ឃោសនា​​​នៅ​លើ ផ្លូវ​៦០​ម៉ែត្រ ឬ​មហា​វិថី​​សម្តេច​​តេជោ​​ តែ ក្បួន​​​ឃោ​ស​នា​​​​របស់​​បក្ស​ប្រឆាំង បែរ​ជា ​​​​ប្រកាស​​​រំសាយ​​​ នៅ​ក្បែរ​ តុលាការ​ក្រុងដំបូង  ​កណ្តាល​ក្រុង​ភ្នំពេញ​​ទៅវិញ។

លោក កឹម សុខា ដឹកនាំក្បួនឃោសនាគណបក្សសង្រ្គោះជាតិ ​នៅថ្ងៃទី០២ មិថុនា ២០១៧។
លោក កឹម សុខា ដឹកនាំក្បួនឃោសនាគណបក្សសង្រ្គោះជាតិ ​នៅថ្ងៃទី០២ មិថុនា ២០១៧។ @Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ថ្លែងសារ​នយោបាយ នៅ​ថ្ងៃ​ឃោសនា​ផ្តាច់ព្រ័ត្រ​​ចប់ លោក កឹម សុខា ប្រធាន​បក្ស​សង្រ្គោះ​ជាតិ បាន​ចុះពី​លើ​វេទិកា ដែលជា រថយន្ត​ចល័ត ហើយ ដើរ​ប្រហែល ៥០០​ម៉ែត្រ ដើម្បី​ចាប់​ដៃ អ្នក​គាំទ្រ រាប់សិប​នាក់ ​កំពុង​ឈរ​រងចាំ​​នា​បរិវេណមុខ វត្ត​ពោធិយ៉ារ៉ាម​(ហៅ​វត្ត​ចាស់​)​ ក្នុង​សង្កាត់​ជ្រោយចង្វារ ជាទី​ធ្លាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​​ត្រូវ​បាន​ឃាតករ​​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​មុន​។

 
ក្រោម​ឥទ្ធិពល​នៃ ពពកបាំង​ថ្ងៃ​រសៀល ផ្ទៃ​មេឃ​ស្រទន់ ក្បួន​ឃោសនា​ទ្រង់​ទ្រាយ​​ធំ​ ដឹក​​នាំ​ដោយ​លោក កឹម សុខា បាន​ឆ្លងកាត់​​ស្ពាន​ជ្រោយ​ចង្វារ មិត្តភាព​កម្ពុជា ចិន ដែល​នាំ​ឲ្យ កក​ស្ទុះ​ចរាចរ អស់​ជាង មួយ​ម៉ោង លើ​ស្ពាន​ជ្រោយ​ចង្វារ​មិត្តភាព​កម្ពុជា-ជប៉ុន ខណៈ​​គ្មាន ប៉ូលីស​ចរាចរ​ត្រួយ​ត្រាយ​ផ្លូវ ដូច​ក្បួន​ឃោសនា​​របស់ គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រឹក​មិញ​។

លោក កឹម សុខា បាន​ដឹក​នាំ ក្បួន​ឃោសនា ដែល​មាន​អ្នក​គាំទ្រ​​រាប់ម៉ឺន​នាក់ លើ​ផ្លូវ​ស្រប​ផ្តាច់​មុខ​តែ​ឯង​ ប្រវែង​ជាង ៥គីឡូដី ដោយ ក្បាល​នៅ អង់តែន​ទូរទស្សន៍​ទួលគោក ចំណែក​​ក​ន្ទុយ​ក្បួន​នៅ វត្ត​ចាស់​​។ នៅ​ពីមុ​ន ក្បួនឃោ​សនា​របស់​បក្សប្រឆាំង​ មាន ម៉ូតូ​ប៉ូលីស​​ចរាចរ​មួយ​គ្រឿង ក្រៅពី​នោះ ភាគ​ច្រើន​​ជា ម៉ូតូ រ៉ឺមក់​កង់បី រួម​ជាមួយ​នឹង រថយន្តមួយ​ចំនួន​របស់​អ្នក​គាំទ្រ​។ នៅ​​ក្នុង​​ក្បួន​​ឃោសនា​ អ្នកគាំទ្រ មាន​ពាក់អាវ​ស រូប​សញ្ញា​ព្រះអាទិត្យ ដៃកាន់​ទង់​ជាតិ​ខ្មែរ​ ទង់សញ្ញាបក្ស​ រូបថត​លោក កឹម សុខា តែ​ម្នាក់​ឯង ឬ​រូបថត លោក កឹម សុខា លើកដៃ​រួមគ្នា​​ជាមួយ​លោក សម រង្ស៊ី។ នៅពេល​គ្រឿង​បំពង​សម្លេង ដែល​ចាក់​តន្រ្តីផង និង​សារ​នយោ​បាយ​​​ខ្លីៗ «ដូរ ឬមិនដូរ» ឈុ្នះ ឬមិនឈ្នះ ផង ម្តងម្កាល​គេឮ​អ្នកគាំទ្រ​ ​​ស្រែក ព្រមគ្នា ថា​ ដូរ ឬឈ្នះ !

ឈរជិត ៥​ម៉ោង នៅលើ​រថយន្ត Ford Ranger មួយ​បាំង​កន្លះ អត់ដំបូល ដោយ​​មាន​​អង្គរក្ស​ទប់​ចង្កេះ​ពីក្រោយ លោក កឹម សុខា តែង​ឈៀង​ចាប់ដៃ​អ្នកគាំទ្រ​តាមផ្លូវ​ផង ឈរ​លើក​​ដៃគ្រវី​ផង សំពះ​ផង ញញឹមផង រាល់ពេល​​ឃើញព​លរដ្ឋ​​អមសង​ខាង​ផ្លូវ​​សាទរ​​ជាមួយ​​ក្បួន​ឃោសនា​​។ ក្នុង​ពេល​ប្រធាន​បក្ស​​ប្រកាស​រំសាយ នៅម៉ោង ៧​យប់ នា​បរិវេណ​​ផ្សារ​ស៊ីធីម៉ល កណ្តាល​ក្រុង​ភ្នំពេញ លោក កឹម សុខា បាន​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋ​ទៅ​​បោះឆ្នោត​​គ្រ​ប់​គ្នា ព្រម​ទាំង​​ឆ្លៀត​​ប្រកាស​ពី ជ័យជំនះ​នៅថ្ងៃ​បោះឆ្នោត​ទី៤ មិថុនា​ខាងមុខ ដោយ​​សំអាង​​លើ អ្នក​ឃោសនា និង​អ្នកគាំទ្រ​តាមដងផ្លូវ​ដ៏ច្រើន​លើស​លប់ ដែល​មានន័យ​ស្មើ​នឹង បក្ស​សង្រ្គោះ​ជាតិ មាន​សម្លេង​ច្រើន​លើសលប់​។

​ជា​​ការ​​កត់​​​សំគាល់ ក្បួន​យុទ្ធនាការ​​ឃោសនាបោះឆ្នោត​របស់​បក្ស​សង្រ្គោះជាតិ នៅថ្ងៃចុង​ក្រោយ​នេះ មិន​​បា​ន​ធ្វើ​តាម តម្រាយ​ផ្លូវ​គ្រោង​ទុក​ទេ ពោល​គឺ បន្ទាប់ពី​​ឆ្លងកាត់​​ស្ពាន​ជ្រោយ​ចង្វារ ស្ពាន​អាកាស​៧ម​ករា មហា​វិថីព្រះ​មុនីវង្ស និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន ក្បួន​ឃោសនា មិន​បាន​​​ប្រកាស​រំសាយនៅ​លើ ផ្លូវ ៦០ម៉ែត្រ ឬមហា​វិថី​សម្តេច​​តេជោ ជាទី​ដែល បក្ស​ប្រជាជន​កម្ពុជា បាន​​ប្រកាស​បើកក្បួន​ឃោសនា​កាលពី​ព្រឹកនោះ​ទេ តែ​បក្ស​សង្រ្គោះ​ជាតិ ជ្រើស​យក​ការ​​ប្រកាស​រំសាយ ក្បួន​ឃោសនា នៅក្បែរ តុលាការដំបូង​ក្រុងភ្នំពេញ ទៅវិញ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ