អានតួអត្ថបទ
កម្ពុជា-នយោបាយ

សមាជិក​សភា​គណបក្ស​ប្រឆាំង​បន្ត​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ដល់​មុខ​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ

ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៨ កញ្ញា​នេះ បាន​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ទី​នោះ។ ថ្ងៃ​ចន្ទ​នេះ ជា​លើក​ទី​២​ហើយ ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​អោយ​ក្រុម​តំណាង​រាស្ត្រ​ជួប​លោក កឹម សុខា។ យ៉ាង​ណា​ក៏​ដោយ ថ្លែង​ពី​មុខ​ពន្ធនាគារ ក្រុម​សមាជិក​សភា​ដែល​មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ផង​នោះ បាន​ទទួច​ឲ្យ​ដោះ​លែង​លោក កឹម សុខា និង​គាំទ្រ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ដែល​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ពី​សហគមន៍​អន្តរជាតិ ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

មន្ដ្រី​នគរបាល​ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជាទី​ដែល​ឃុំ​ឃាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
មន្ដ្រី​នគរបាល​ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជាទី​ដែល​ឃុំ​ឃាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា តុលាការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ក្តី ​តែ​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ដឹក​នាំ​ដោយ​លោក ម៉ៅ មុនីវណ្ណ នៅ​ព្រឹក​ថ្ងៃ​ចន្ទ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​របស់​ខ្លួន ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​ខេត្ត​កំពង់ចាម ដែល​បាន​សរសេរ​លិខិត​សុំ​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា កាល​ពី​៤​ថ្ងៃ​មុន បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លី នៅ​ចំពោះ​មុខ​ឆ្មាំ​ពន្ធនាគារ ដោយ​បាន​ទាមទារ​យ៉ាង​ទទួច​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​មក​វិញ។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​ប្រកាស​គាំទ្រ​រាល់​សេចក្តី​ថ្លែងការណ៍​និង​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ​នេះ។ លោក ម៉ៅ មុនីវណ្ណ បាន​បន្ត​អះ​អាង​ថា ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា កន្លង​មក គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ហើយ​ថា ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ បាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ ពិសេស​លើ​បញ្ហា​ជាតិ​ធំៗ។

នៅ​ក្នុង​លិខិត​បដិសេធ​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១៤ កញ្ញា បាន​លើក​ឡើង​ថា សំណុំ​រឿង​របស់​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​នានា ដែល​ចៅក្រម​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ពេល​នេះ​បាន​ទេ លើក​លែង​តែ​សាច់​ញាត្តិ​និង​មេធាវី​ការពារ​ក្តី​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ថ្ងៃ​ទី​១៨​កញ្ញា គឺ​មាន​រយៈ​ពេល​១៦​ថ្ងៃ​ហើយ ដែល​លោក​ កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​លោក​ទាំង​កណ្តាល​អធ្រាត្រ កាល​ពី​ថ្ងៃ​ទី ០៣ កញ្ញា ឆ្នាំ​២០១៧ ពី​បទ“សន្ទិដ្ឋិភាព​ជាមួយ​បរទេស”។

ទោះ​បី​ជា​មិន​ទាន់​បាន​ជួប​ផ្ទាល់​ក្តី តែ​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ បាន​សន្យា​ថា ពួក​គេ​នឹង​បន្ត​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​នេះ ជា​រៀង​រាល់​ថ្ងៃ​ចន្ទ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង លោក កឹម សុខា មក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ