rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ តុលាការ កឹម សុខា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​គណបក្ស​ប្រឆាំង​និង​សមាជិក​សភា​ខ្លះ​នៃ​អាស៊ាន​រិះគន់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ករណី​លោក​កឹម សុខា

media
លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី

អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោល​ទោស​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា។ ចំណែក​ឯ សមាជិក​សភា​អាស៊ាន​ APHR​ក៏​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ជុំវិញ​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នេះ​ដែរ។ តែ​សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ហៅ​ការ​ថ្កោល​ទោស និង​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​គឺ​ជា​ការ​បន្ថែម​ពិរុទ្ធ​ចំពោះ​ខ្លួន​ឯង​ទៅ​វិញ​ទេ។


សេចក្ដី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​ភ្លាម តប​ទៅ​នឹង​សេច​ក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ម្សិល​មិញ។ ចំពោះ​សង្គ្រោះ​ជាតិ សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​ដោយ​មិន​ឈរ​លើ​មនសិកា​យុត្តិធម៌។ អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង លោក​កឹម សុខា ជា​បន្ទាន់​និង​ឥត​លក្ខខណ្ឌ។ ឆ្លើយ​តប​នឹង​សេចក្ដី​សម្រេច​នេះ ជា​ថ្មី​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​ទៅ​ហើយ​នោះ បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋា ភិបាល​ដើម្បី​ដោះ​លែង​លោក កឹមសុខា និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ តាម​រយៈ​វត្តមាន​ជា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រៅ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​សភា​អាស៊ាន​ APHR លោក Charles Santiago ប្រធាន​សមាជិក​សភា​អាស៊ាន និង​ជា​សមាជិក​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ស្វាគមន៍​ការ​នាំ​ខ្លួន​លោក​ កឹម សុខា មក​ចូល​រួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​លើក​ទី​១ ក្រោយ​ការ​ឃុំ​ខ្លួន​។ ប៉ុន្តែ​ចំពោះ​​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា វិញ APHR ចាត់​ទុក​ថា​ជា ការ​វិវត្តន៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

ចំណែក លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​ថ្ងៃ​ទី​១​កុម្ភៈ​ថា លោក​មាន​ការ​សោក​ស្ដាយ និង​ឈឺ​ចាប់​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​បែប​នេះ។ ព្រោះ​បើ​តាម​លោក សម រង្ស៊ី សេចក្ដី​សម្រេច​នេះ​ជា​អំពើ​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​លោក កឹម សុខា ។

តែ​យ៉ាង​ណា​​ក៏​ដោយ​លោក សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​របស់​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គ្រោះ​ជាតិ​គឺ​ជា​ការ​បន្ថែម​ពិរុទ្ធភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ចំពោះ​ខ្លួន​ឯង។ លោក​បន្ថែម​ថា ជុំវិញ​ការ​បន្ត​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា និង​ការ​ទាម​ទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​រឹត​តែ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច។ ទោះ​ជា​បែប​នេះ មេធាវី​ម្នាក់​ការពារ​ក្តី​ឲ្យ លោក កឹម សុខា គឺ​លោក ហែម សុជាតិនឹ ​បន្ត​​​ត​តាំង​ក្តី​ទៅ​តុលាការ​កំពូល​ទៀត​ បើ​ទោះ​ជា​បី​មិន​សូវ​សង្ឈឹម​ថា ​កូន​ក្តី​បាន​នៅ​ក្រៅ​ឃុំ​ក៏​ដោ​៕