អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​រៀប​ចំ​ឯកសារ​ត​តាំង​តាម​ការ​បង្គាប់​របស់​តុលាការ​កំពូល​ទេ

ចៅក្រម​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​៩​តុលា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម ទៅ​តុលាការ​ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បង្គាប់​របស់​ចៅក្រម​តុលាការ​កំពូល​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ បាន​ទទួល​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ក្រសួង​មហា​ផ្ទៃ និង​កំពុង​ចាត់​ការ​ទៅ​តាម​នីតិវិធី។ តែ​គណបក្ស​ប្រឆាំង​មិន​បាន​ចាប់​អារម្មណ៍​នឹងការ​បង្គាប់​នេះ​ទេ។

លោក ម៉ៅ មុនីវណ្ណ​ មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក ម៉ៅ មុនីវណ្ណ​ មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម កាល​ពី​ថ្ងៃ​ចន្ទ លោក​សែម សក្តិកូឡា ចៅក្រម​ទទួល​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈ​ពេល​២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​បញ្ជូន​ដីកា​បង្គាប់​នេះ។

ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​មិន​មាន​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​ប្តឹង​រំលាយ​គណបក្ស ឬ​ក៏​ការ​ស្នើ​ផ្សេងៗ​ពី​តុលាការ​កំពូល​អ្វី​ទេ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកម៉ៅ មុនីវណ្ណ បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ដែរ​ថា មន្ត្រី​គណបក្ស​បាន​ជំនុំ​គ្នា​ហើយ​និង​សម្រេច​ថា​នឹង​មិន​បាន​ត្រៀម​មេធាវី​សម្រាប់​ការពារ​ក្តី​លើ​សំណុំ​រឿង​ប្តឹង​រំលាយ​គណបក្ស​នេះ​ទេ។ លោក​បញ្ជាក់​ថា បើ​គ្មាន​មេធាវី​ហើយ ក៏​គ្មាន​ការ​រៀប​ចំ​ឯកសារ​អ្វី​ដែរ ហើយ​បើ​ដាក់​មេធាវី​ទៅ​ការពារ​ក៏​គ្មាន​ន័យ​ដែរ ទុក​ឲ្យ​តុលាការ​កំពូល​ដំណើរ​ការ​តាម​ការ​ប្តឹង​ចុះ។

សូម​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី​០៦​ខែ​តុលា បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​ហើយ ដើម្បី​ប្តឹង​ស្នើ​សុំ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិន និង​គណបក្ស​យុវជន​កម្ពុជា។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ដាក់​នៅ​តុលាការ​កំពូល គឺ​មាន​កម្មវត្ថុ​ប្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៃ​ប្រទេស​កម្ពុជា។ ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែរ បាន​លើក​ឡើង​ពី អង្គហេតុ​នៃ​សកម្មភាព​ខុស​ច្បាប់​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​បាន​បំពាន​ទៅ​នឹង​មាត្រា ៦ ថ្មី (ពីរ) និង​មាត្រា ៧ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ