អានតួអត្ថបទ
កម្ពុជា-មីន

ក្រុម​ការងារ​ញញើត​នឹង​ដោះយក​គ្រាប់បែក​គីមី​ចេញ​ពី​ដី​ ខណៈ​វា​មាន​ឥទ្ធិពល​ដ៏​គ្រោះថ្នាក់

ក្រុម​ការងារ​នៃ​អាជ្ញាធរ​មីន​កម្ពុជា ​និង​អង្គភាព​គ្រប់គ្រង​អាវុធ​គីមី​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​គ្រប​ទុក​គ្រាប់បែក​គីមី​ទី​១​ដែល​បាន​រកឃើញ ​ដោយ​ចាប់ផ្តើម​រុករក​គ្រាប់បែក​គីមី​គ្រាប់​ទី​២ ​នៅក្នុង​បរិវេណ​វត្ត​គគីរ​តែ​មួយ​។ ​អ្នក​ជំនាញ​បាន​យល់​ស្រុះស្រួល​គ្នា​ថា ​ពួកគេ​នឹងធ្វើ​ការ​វេច​ខ្ចប់​គ្រាប់បែក​ទាំង​២​ព្រម​គ្នា ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ចំហាយ​គីមី​គ្រាប់បែក ​នៅពេល​ដែល​រកឃើញ​គ្រាប់​ទី​២​។

ក្រុម​ការងារ​នៃ​អាជ្ញាធរ​មីន​កម្ពុជា
ក្រុម​ការងារ​នៃ​អាជ្ញាធរ​មីន​កម្ពុជា @facebook/cmac
ផ្សាយពាណិជ្ជកម្ម

អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន​កម្ពុជា ​លោក​ សេរី កុសល ​ដែល​ទទួល​បន្ទុក​ដឹកនាំ​ដោះ​គ្រាប់ បែក​គីមី​ចំនួន​២​គ្រាប់​​ទំលាក់​ពី​លើ​យន្តហោះ​ដោយ​ទាហាន​អាមេរិក ​ពីអតីតកាល​នៅ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ​គ្រាប់បែក​គីមី​ទី​១ ​ត្រូវបាន​គ្រប​ទុក​សិន បន្ទាប់ពី​ក្រុម​ការងារ​រុក​រក​ឃើញ​កាលពី​ថ្ងៃ​ពុធ​។

ការ​ដែល​មិនទាន់​យក​គ្រាប់បែក​នេះ​ចេញ​ពី​ដី ​ក៏​ដោយសារ​គ្រាប់​នេះ ​ត្រូវ​ក្រុម​ការងារ​សន្និដ្ឋានថា​មាន​ឥទ្ធិពល ​និង​ចំហាយ​ដែល​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់ ​បើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​។ ​លោក​សេរី កុល​ស ​បញ្ជាក់ថា​ជំនាញការ​ខាង​គ្រាប់បែក​គីមី​អាមេរិក ​ដែល​បាន​ទៅ​ចូលរួម​ផ្ទាល់ ​ក៏​ឯកភាព ​ក្នុង​ការ​ជីក​យក​និង​វិច​ខ្ចប់​ព្រម​គ្នា ​នៅពេល​ដែល​គ្រាប់បែក​ទី​២​ត្រូវ​ក្រុម​ការងារ​រុករក​ឃើញ ​នៅពេល​ឆាប់​ៗ​ខាងមុខ​។

តាម​ក្រុម​ការងារ​ គេ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​គ្រាប់បែក​គីមី​ទាំងពីរ​គ្រាប់​នេះ ​ជា​ប្រភេទ​គ្រាប់បែក​គីមី ​CS​1​ឬ​ក៏​ប្រភេទ ​CS​2 ​នោះទេ ​ដោយ​អ្នកជំនាញ​ទាំង​អាមេរិក​និង​កម្ពុជា​លើកឡើងថា ​អាចជា​ប្រភេទ​គ្រាប់បែក​គីមី ​ដែល​គ្រោះថ្នាក់​ ដោយសារ​តែ ​គ្រាប់បែក​នេះ មាន​ចំហាយ​ឆួល​និង​មិនអាច​នៅ​ក្បែរ​បាន​។

ជាមួយ​គ្នា​នេះ ​ទាំង​អា​ជ្ញ​ធរ​មីន​កម្ពុជា ​និង​អង្គភាព​ស៊ីម៉ាក់ ​ក៏បាន​លើកឡើង​ដូចគ្នា​ដែរ​ថា ​មាន​ប្រជា​ពលរដ្ឋ​១​ចំនួន ​បាន​រងគ្រោះ​ដោយសារ​ចំហាយ​គីមី​របស់​គ្រាប់បែក ​ដែល​ស្ថិតនៅ​ទីតាំង​ផ្សេង​ចំងាយ​ពី​៣​ទៅ​៤​គីឡូ​ម៉េ​ត្រ​ពី​ទីនោះ​។ ​កាលពី​ថ្ងៃ​ម្សិលមិញ ​លោក ​ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(CMAC) ​បាន​លើកឡើង​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ​មាន​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​សរុប​ចំនួន​៨​នាក់ ​ក្នុង​នោះ​មាន​កុមារ​៥​នាក់ ​ត្រូវបាន​រាយការណ៍​ថា​រង​គ្រោះ​ថ្នាក់ ​ដោយ​ពុល​សារធាតុ​នៃ​អាវុធ​គីមី​។ ​ការ​លើកឡើង​របស់​អគ្គ​នាយក ​CMAC ​គឺ​ផ្អែក​ទាំងស្រុង​ទៅ​លើ​ចំលើយ​របស់​ជន​រងគ្រោះ ​ដោយ​ពួកគេ​បាន​ប្រទះ​ឃើញ​គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់​ នៅ​ក្នុង​ចំការ​ដំឡូង​របស់​ពួកគេ​។ ​ប្រជាជន​ទាំងនោះ បាន​រង​ឥទ្ធិពល​បន្ទាប់​ពី​ពួកគេ​ឆ្កឹះ​ថង់​ម្សៅ​គ្រាប់បែក ​បណ្តាល​ឲ្យ ​ពុល​ តែ​មិន​ធ្ងន់ធ្ងរ​រហូត​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅឡើយ។​ បច្ចុប្បន្ន​អង្គភាព​CMAC​ កំពុង​ធ្វើការ​ហ៊ុំព័ទ្ធ​ចំការ​ដំឡូង ​ដែល​មាន​គ្រាប់បែក​គីមី​ជា​កន្លែង​គ្រោះថ្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ