អានតួអត្ថបទ
កម្ពុជា-សង្គម

​មនុស្ស​១០​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ គិត​ត្រឹម​រយៈ​ពេល​៤​ខែ​ក្នុង​ឆ្នាំ​២០១៩​

យ៉ាងហោច​ណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់​និង​មនុស្ស​ជាង​១០​នាក់​ផ្សេងទៀត បាន​រងរបួសធ្ងន់​ស្រាល ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ គិត​ត្រឹម​រយៈ​ពេល​៤ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ មន្រ្តី​ជំនាញ​នៃ​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​គូស​បញ្ជាក់​ថា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ចំនួន​មនុស្ស​ស្លាប់​និង​របួស​នេះ មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​បារម្ភ ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​អាកាស​ធាតុ​ក្ដៅ​បែប​នេះ​។ 

គ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ (រូបភាពឯកសារ)
គ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ (រូបភាពឯកសារ) @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែង​មក​កាន់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ លោក កែវ វី អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា ទោះ​ជា​ស្ថាន​ភាព​អាកាសធាតុ​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​ក្ដៅ​ក៏​ដោយ តែ​បាតុភូត​ធម្មជាតិ​ដូច​ជា ខ្យល់​កន្ត្រាក់ ឬ​រន្ទះ​បាញ់​ជា​ដើម ងាយ​កើត​មាន​ជាង​រដូវ​វស្សា​ទៅ​ទៀត​។ ជាក់​ស្ដែង នៅ​ថ្ងៃ​ទី១៧​ខែ​មេសា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បាន​វាយ​ប្រហារ​លើ​តំបន់​ខ្លះ​នៅ​ក្នុង​ស្រុក​ស្វាយ​ចេក និង​ក្រុង​សិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ បាន​បំផ្លាញ​ផ្ទះ​សម្បែង ពល​រដ្ឋ​អស់​ជាង​១០០​ខ្នង តែ​មិន​មាន​មនុស្ស​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ​។

តាម​រយៈ​ហេតុ​ការណ៍​នេះ ត្រូវ​បាន​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បូក​បញ្ជូល​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​របស់​ខ្លួន ដោយ​គិត​ត្រឹម​រយៈ​ពេល​៤ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​។ក្រៅ​ពី​ស្លាប់​និង​របួស ផ្ទះ​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២១​បាន​ដួល​រលំ​ក្នុង​រូប​ភាព​ធ្ងន់​ធ្ងរ​រហូត​ដល់​ទៅ​ជិត​៣០០​ខ្នង​ផ្ទះ​។

យ៉ាង​ណា​មិញ​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា ស្ថាន​ភាព​អាកាស​ធាតុ​ក្ដៅ​នៅ​ឆ្នាំ​២០១៩ ដែល​អាច​វិវត្តន៍​ទៅ​ជា​បាតុ​ភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ មិន​ធ្ងន់​ធ្ងរ​ដូច​ឆ្នាំ​២០១៦​ឡើយ​។

ទោះ​ជា​បែប​ណា​ក៏​ដោយ ក្រសួង​ធន​ធាន​ទឹក​បាន​អំពាវ​នាវ​ជា​ថ្មី ឲ្យ​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​ក៏​ដោយ​សារ​តែ ចាប់​ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃ​ទី ២៤​ខែ​មេសា បណ្តា​រាជ​ធានី ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​កក់​ខែ​ចុះ​ខ្សោយ​ និង​កន្លែង​ខ្លះ​ស្ទើរ​តែ​គ្មាន​ទាំង​ស្រុង​។ ចំណែក​សីតុណ្ហភាព​អតិ​បរមា នឹង​បន្ត​កើន​ឡើង​ក្នុង​ចន្លោះ​ពី ២៧ ដល់ ៤០​អង្សារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ