rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បរិស្ថាន ភពផែនដី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​​នាំ​ពាក្យ​​ក្រសួង​​បរិស្ថាន​៖​ បុគ្គល​ម្នាក់ៗ​​អាច​​ការ​ពារ​​ផែន​ដី ដោយ​​ការ​​សន្សំ​​សំចៃ​​ថាមពល ​និង​​ដាំ​​ដើម​​ឈើ​

media
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន @RFI

កាល​ពីថ្ងៃទី​៣០ ខែ​មីនា លោក នេត្រ ភក្ត្រា ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី​ឆ្នាំ​២០១៩ បាន​អំពាវនាវ​ប្រជា​ពលរដ្ឋ​គ្រប់គ្នា ចូលរួម​ក្នុង​ការ​ការពារ​ភព​ផែន​ដី តាម​រយៈ​សកម្ម​ភាព​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល​ដូច​ជា​អគ្គិសនី ទឹក ហើយ​ត្រូវ​ចូល​រួម​ដាំ​ដើម​ឈើ និង​កាត់​បន្ថយ​សំណល់​ជា​ដើម​។ ជា​ការ​លើក​ឡើង​ខណៈ​របាយ​ការណ៍​បង្ហាញ​ថា ​ពិភព​លោក​កំពុង​រង​ឥទ្ធិពល​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ​ដោយ​បម្រែបម្រួល​អាកាសធាតុ។


លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ថា “យើង​ទាំង​អស់​គ្នា ដែល​ជា​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយ ដែល​កំពុង​រស់​នៅ​លើ​ភពផែន​ដី​នេះ​អាច​ចូលរួម​ក្នុង​ការ​ការពារ​ភពផែន​ដី​របស់​យើង​បាន​ដោយ​គ្រាន់​តែ​ចូល​រួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ទឹក សន្សំ​សំចៃ​ការ​ប្រើប្រាស់​ចរន្ត​អគ្គិសនី ចូល​រួម​ដាំ​ដើម​ឈើ និង​កាត់​បន្ថយ​សំណល់​រឹង​រាវ​សំរាម កាត់​បន្ថយ​ការ​ដុត​ប្រេង​ឥន្ធនៈ​ផូស៊ីល បិទ​ម៉ាស៊ីន​ត្រជាក់ កំព្យូទ័រ និង​សម្ភាៈ​ប្រើប្រាស់​ចរន្តអគ្គិសនី​ផ្សេង​ទៀត​នៅ​ពេល ដែល​ចាក​ចេញ​ពី​ការិយាល័យ ឬ​ពី​ផ្ទះ ព្រម​ទាំង​ប្រើប្រាស់​សម្ភារៈ ដែល​ស៊ី​ភ្លើង​តិច និង​រស់​នៅ​ក្រោម​ការ​ប្រតិបត្តិ​បរិស្ថាន​ល្អ”។

ការ​អំពាវនាវ​របស់ លោក នេត្រ ភក្ត្រា ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា “មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី”ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ “ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​ផែន​ដី”កាល​ពីថ្ងៃ​ទី​៣០ ខែ​មីនា​។ តាម​រយៈ​សំណេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បញ្ជាក់​ថា​ការ​ប្រារព្ធ​ទិវា​នេះ គឺ​បំផុស​ចលនា​មហាជន​ឱ្យ​ចូល​រួម​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​និរន្តរ​ភាព​បរិស្ថាន ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ជួយ​សង្គ្រោះ​ភពផែនដី​ពីការ​កើន​កំដៅ​។

គួរ​កត់​សម្គាល់​ថា ការ​ប្រារព្ធ​ទិវា «មួយ​ម៉ោង​សម្រាប់​ភពផែន​ដី» នៅ​ឆ្នាំ​២០១៩​នេះ ធ្វើ​ឡើង ខណៈ​ពេល​កម្ពុជា ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​បាន និង​កំពុង​ទទួល​រង​ឥទ្ធិពល​បាតុភូត​អែល​នីណូ ដែល​បាន​បង្ក​ឱ្យ​ធាតុ​អាកាស​នា​រដូវ​ប្រាំង​នេះ មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហ​ភាព​អតិបរមា​នៅ​ពេល​ខ្លះ​អាច​ហក់​ឡើង​ដល់​ ៤០ ទៅ៤២ អង្សា​សេ។

យោង​តាម​របាយ​ការណ៍​របស់​ទីភ្នាក់ងារ​អាកាសធាតុ​នៃ​អង្គការ​សហ​ប្រជាជាតិ​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ការ​កើន​ឡើង​សីតុណ្ហ​ភាព កាលពី​ឆ្នាំ​មុន​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៦២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​រង​ផល​ប៉ះពាល់ ហើយ​មនុស្ស​ប្រមាណ​២លាន​នាក់​ផ្សេង​ទៀត​ត្រូវ​ផ្លាស់​ប្តូរ​កន្លែង​រស់​នៅ​របស់​ខ្លួន​។ អគ្គលេខាធិការ​អង្គការ​ឧតុនិយម​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា គ្រោះ​មហន្ត​រាយ​ដោយ​សារ​តែ​បម្រែបម្រួល​អាកាសធាតុ​កំពុង​កើន​ឡើង ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក មនុស្ស​ប្រមាណ​៤.៥ពាន់​លាននាក់​បាន​រង​គ្រោះ​ដោយ​សារ​ការ​កើន​ឡើង​សីតុណ្ហភាព​របស់​ភព​ផែនដី​៕