អានតួអត្ថបទ
កម្ពុជា

មន្ដ្រី​សង្គម​ស៊ីវិល៖ ករណី​រំលោភ​សេព​សន្ថវៈ​ចំពោះ​ស្ត្រី និង​កុមារ​កើន​ឡើង​រាល់​ឆ្នាំ និង​កាន់​តែ​អាក្រក់

ករណី​រំលោភ​សេព​សន្ថវៈ​ចំពោះ​ស្ត្រី និង​កុមារ​គឺ​គ្មាន​ការ​ថយ​ចុះ​ឡើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នឹង​មាន​រូបភាព​កាន់​តែ​អាក្រក់​ថែម​ទៀត។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ
លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ @RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​សុក្រ​ទី​៥​មករា​នេះ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​គូស​បញ្ជាក់​ថា ស្ថានភាព​កាន់​តែ​អាក្រក់​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ​ចំពោះ​កុមារ​គឺ​បង្ក​ឡើង​ដោយ​សាច់​ញាតិ​ខ្លួន​ឯង​ដោយ​រួម​មាន​ ឪពុក​បង្កើត​រំលោភ​កូន​ខ្លួន​ឯង ឪពុក​ចុង​រំលោភ​កូន​ដើម ឪពុក​មា​រំលោភ​ក្មួយ​ឯង។ ចំណុច​នេះ​ត្រូវ​បាន លោក សំអាត មើល​ឃើញ​ថា កំពុង​ដើរ​ប្រាស​ចាក​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ។ កាន់​តែ​ធ្ងន់​ជាង​នេះ​ទៀត ករណី​រំលោភ​សេព​សន្ថវៈ​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​និង​កុមារ ក៏​បាន​បង្ក​ឡើង​ដោយ​មន្ត្រី​មាន​អំណាច​ផង​ដែរ។ នេះ​បើ​តាម​លោក អំ សំអាត។

ជាក់​ស្ដែង​ករណី​កើត​ឡើង​ថ្មីៗ​នេះ ពី​ខេត្ត​រតនគិរី នគរបាល​ស្រុក​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា យក​ក្មេង​ស្រី​មិន​គ្រប់​អាយុ​២​នាក់​ទៅ​ផ្ទះ​សំណាក់​មួយ​នៅ​ក្រុង​បាន​លុង​ដោយ​បាន​រំលោភ​ពួក​គេ​កាល​ពី​ខែ​មុន។ ចំណែក​មួយ​ករណី​ទៀត​កើត​ឡើង​ក្នុង​ខេត្ត​ស្ទឹងត្រែង ជន​សង្ស័យ​ជា​ឪពុក​បាន​ចាប់​រំលោភ​កូន​ស្រី​ដែល​មាន​អាយុ​១២​ឆ្នាំ។ ជន​សង្ស័យ​ជា​ឪពុក​ ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​នៅ​ថ្ងៃ​សុក្រ​ទី​៥​ធ្នូ​នេះ។

បើ​តាម​លោក អំ សំអាត មូល​ហេតុ​ដែល​នាំ​ឲ្យ​ករណី​រំលោភ​នៅ​តែ​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​សីលធម៌​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​សង្គម កំណើន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន និង​ការ​បណ្ដែត​បណ្ដោយ​កូន​ចៅ​ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ឪពុក ម្ដាយ ជា​ដើម។ ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក៏​ជា​ចំណែក​មួយ ជួយ​ជំរុញ​ឲ្យ​ករណី​រំលោភ​មាន​ការ​កើន​ឡើង​ដែរ។

បើ​ក្រឡេក​ទៅ​មើល​វិធានការណ៍​ច្បាប់​វិញ លោក អំ សំអាត មើល​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ​បន្តិច​ដែរ​នៅ​ក្នុង​ការ​ចាប់​ជន​ដែល​ប្រព្រឹត្ត​មក​ទទួល​ទោស។ ក៏​ប៉ុន្តែ​នៅ​មាន​ករណី​មួយ​ចំនួន​ទៀត​អាជ្ញាធរ​ផ្ដល់​ឱកាស​ដល់​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់​ និង​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់។

សូម​បញ្ជាក់​ថា តាម​របាយការណ៍​ដែល​អង្គការ​លីកាដូ​ប្រមូល​បាន​ក្នុង​រយៈ​ពេល​ ១០​ខែ ករណី​រំលោភ​សេព​សន្ថវៈ​លើ​កុមារ​ ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ បាន​កើន​ឡើង​ពី​ ១៧០​ករណី​នៅ​ឆ្នាំ​២០១៥ ដល់​១៧៤​ករណី​នៅ​ឆ្នាំ​២០១៦។ ចំណែក​របាយការណ៍​ស្ដី​ពី​ការ​រំលោភ​សេព​សន្ថវៈ​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​និង​កុមារ​ក្នុង​ឆ្នាំ​២០១៧ អង្គការ​លីកាដូ​គ្រោង​នឹង​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ