អានតួអត្ថបទ
កម្ពុជា-ការងារ

សង្គម​ស៊ីវិល​ថា ក្រសួង​គួរ​បង្កើត​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ខេត្ត​ផ្សេង​ក្រៅ​ពី​បន្ទាយ​មាន​ជ័យ និង​បាត់​ដំបង

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ម្សិល​មិញ បាន​បង្ហើប​ពី​គម្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ គឺ​បន្ទាយមានជ័យ និង​បាត់ដំបង។ ចំណែក​សង្គម​ស៊ីវិល​ថា ក្រសួង​គួរ​សិក្សា​លើ​គម្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន នៅ​ខេត្ត​ផ្សេង​ទៀត​ក្រៅ​ពី​បន្ទាយមានជ័យ និង​បាត់ដំបង។

ច្រក​ឆ្លង​ដែន​​កម្ពុជា​ថៃ
ច្រក​ឆ្លង​ដែន​​កម្ពុជា​ថៃ
ផ្សាយពាណិជ្ជកម្ម

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​ចាត់​ទុក​នេះ​គឺ​ជា​ដំណើរ​ការ​វិវត្តន៍​មួយ​ដ៏​ល្អ​ដែល​ក្រសួង​មាន​គម្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ខេត្ត​ជាប់​ព្រំដែន។ ប៉ុន្តែ​លោក សន ជ័យ បន្ត​ផ្ដល់​យោបល់​ថា ក្រសួង​គួរ​តែ​ប្រមើ​មើល ដោយ​សិក្សា​ទៅ​លើ​ការ​ដាក់​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ នៅ​ចំណុច​កណ្ដាល​នៃ​ខេត្ត​ជាប់​ព្រំដែន​បន្ត​ទៀត​ដូច​ជា​ខេត្ត​ក្រចេះ គឺ​ងាយ​ស្រួល​ពលរដ្ឋ​ឡើង​ពី​ខេត្ត​រតនគិរី និង​មណ្ឌលគិរី​មក​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​នៅ​ក្រចេះ។ ក្រៅ​ពី​ក្រចេះ គួរ​តែ​ចាប់​អារម្មណ៍​ខេត្ត​កោះកុង​មួយ​ទៀត​នៅ​ក្នុង​ការ​ដាក់​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន។ នេះ​បើ​តាម​លោក សន ជ័យ ។ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​ជំនាញ​កំពុង​សិក្សា​លើ​គម្រោង​ដាក់​ការិយាល័យ​ក្នុង​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យសិន។

ចំពោះ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​គូស​បញ្ជាក់​ថា នៅ​ពេល​ដាក់​ឲ្យ​ដំណើរ ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​ហើយ គឺ​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ឯកសារ​ចំនួន​ពីរ​ជូន​ពលរដ្ឋ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ទេ​ ត្រូវ​ធ្វើ​ឲ្យ​ហើយ ចំពោះ​វីសា​ការងារ និង​លិខិត​ឆ្លង​ដែន។ លោក ស ខេង ក៏​បាន​រម្លឹក​ទៅ​អាជ្ញាធរ​មិន​ត្រូវ​ប្រថុយ​ប្រថាន​ទៀត​ទេ​លើ​រឿង​នេះ​ពោល​បើ​មាន​លិខិត​ឆ្លង​ដែន ក៏​ត្រូវ​មាន​វីសា​ការងារ​ដែរ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ក៏​បាន​លើក​ទឹក​ចិត្ត​ទៅ​អាជ្ញាធរ​ឲ្យ​រក​ដំណោះ​ស្រាយ​កុំ​ឲ្យ​កើត​មាន​រឿង​ដដែល នៅ​ពេល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ ក្រោម​មូលហេតុ​ថា គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។ លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ មិន​មែន​ទៅ​តាម​ច្រក​អន្តរជាតិ​ទេ ពួក​គេ​បាន​ធ្វើ​ដំណើរ​លួច​លាក់​តាម​ច្រក​របៀង។

ចំណែក លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​១​លាន​៥​ម៉ឺន​នាក់។ ក្នុង​នោះ​៣០​ម៉ឺន​នាក់​នៅ​មិន​ទាន់​មាន​ឯកសារ​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​ការងារ​បាន​សម្រេច​បង្កើត​ការិយាល័យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ នៅ​ក្នុង​ទីតាំង​បី​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ​រួម​មានៈ ខេត្ត​ស៊ុងក្លា​ រ៉ាក់យ៉ង និងបាងកក។ ដំណើរ​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២​ខែ​តុលា​ស្អែក​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ